
ប្រជាកសិករលើករងដាំបន្លែ។ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃនៃរដ្ឋបាលព្រៃឈើ បាននិងកំពុងអនុវត្តគម្រោងការស្តារដីរេចរឹលតាមបច្ចេកទេសជូនពលរដ្ឋធ្វើកសិកម្មចម្រុះ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើសត្វព្រៃនៃរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានកំពុងអនុវត្តគម្រោងការស្ដារដីរេចរឹលតាមរយៈការអភិវឌ្ឍបច្ចេកទេសកសិកម្មចម្រុះ និងកសិរុក្ខកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោក សុខ ហេង ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ ថ្លែងពីម្សិលមិញថា គម្រោងនេះគ្រប់គ្រង និងអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ មានគោលបំណងបណ្តុះបណ្តាលកសិករដែលមានជីវភាពពឹងអាស្រ័យលើព្រៃឈើឱ្យចេះប្រើប្រាស់ដី ដើម្បីបានចំណូលបន្ថែមតាមរយៈការអភិវឌ្ឍបច្ចេកទេសកសិកម្មចម្រុះ និងកសិរុក្ខកម្ម សំដៅកាត់បន្ថយសម្ពាធលើព្រៃឈើ។
លោកថ្លែងថា៖ «គម្រោងនេះទទួលបានជំនួយថវិកាពីមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង មានរយៈពេល ២ ឆ្នាំ (២០១៨-២០២០) ដែលមានថវិកាសរុប ៥០០ ០០០ ដុល្លារ។ រហូតមកទល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩០ ភាគរយនៃផែនការដែលបានគ្រោងទុក។ ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ គម្រោងត្រូវពន្យារពេលអនុវត្តដល់ចុងឆ្នាំ ២០២១»។
បើតាមលោក សុខ ហេង លទ្ធផលសំខាន់ៗដែលគម្រោងសម្រេចបានរួមមាន ការរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ៥ វគ្គ មានសិក្ខាកាមចំនួន ១០៩ នាក់ (ស្ត្រី ៤៥) ដើម្បីផ្ដល់ចំណេះដឹងដល់មន្ដ្រីគម្រោង និងអ្នកពាក់ព័ន្ធអំពីមូលដ្ឋានគ្រឹះនៃការប្រែប្រួលអាកាសធាតុ វិធីសាស្ដ្របន្សាំទៅនឹងបញ្ហានេះ ការគ្រប់គ្រងសារធាតុចិញ្ចឹមសម្រាប់ដំណាំ និងបន្លែ ការធ្វើកសិកម្មចម្រុះ ការចិញ្ចឹមសត្វ ការគ្រប់គ្រងដីប្រកបដោយនិរន្ដរភាព ការតាមដាន វាយតម្លៃព្រៃឈើ និងធនធានព្រៃឈើ។

សកម្មភាពពលរដ្ឋកែដីព្រៃរេចរឹលធ្វើកសិកម្មចម្រុះ។ រូបថត FB
លោកបញ្ជាក់ថា មានពលរដ្ឋចំនួន ១៤៤ នាក់ (ស្ត្រី ៤០) បានទទួលវគ្គបណ្តុះបណ្តាលនេះនៅស្ថានីយស្រាវជ្រាវ និងស្ដារព្រៃឈើឃុនរាម។ អ្នកទាំងនោះជាសមាជិកសហគមន៍ និងអ្នកពាក់ព័ន្ធលើការអនុវត្តកសិកម្មចម្រុះ ការចិញ្ចឹមត្រី មាន់ ទា ជ្រូក ការដាំដំណាំ ការធ្វើជីកំប៉ុស និងការគ្រប់គ្រងសារធាតុចិញ្ចឹមរបស់ដំណាំ។
ក្រៅពីនោះមានសិក្ខាសាលាចំនួន ៣ វគ្គ (២ នៅខេត្តសៀមរាប និង ១ នៅទីក្រុងដាណាងប្រទេសវៀតណាម) ដើម្បីចែករំលែកចំណេះដឹង បទពិសោធអំពីការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងកសិកម្មចម្រុះ។ មានសិក្ខាកាមចូលរួមមកពីប្រទេសថៃ ឡាវ វៀតណាម ចិន និងមីយ៉ាន់ម៉ា ព្រមទាំងមន្ដ្រីក្រសួងពាក់ព័ន្ធ សិស្សនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសរុបចំនួន ១០៤ នាក់ (ស្ដ្រី ៣០)។
លោកថ្លែងថា៖ «យើងចង់លើកកម្ពស់ចំណេះដឹងរបស់អ្នកពាក់ព័ន្ធលើការគ្រប់គ្រងតំបន់ត្រូពិក ការគ្រប់គ្រងដីធ្លីប្រកបដោយនិរន្តរភាព និងការប្រែប្រួលអាកាសធាតុ។ កាត់បន្ថយការសឹករេចរឹលដីកសិកម្ម និងព្រៃឈើតាមរយៈការអភិវឌ្ឍបច្ចេកទេសកសិកម្ម និងការស្តារព្រៃឈើឡើងវិញ និងធ្វើការផ្លាស់ប្តូរ ឬចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធល្អៗអំពីការប្រើប្រាស់ដីធ្លី និងការលើកកម្ពស់កម្រិតជីវភាពរស់នៅ តាមរយ:ការធ្វើទស្សនកិច្ចសិក្សានៅប្រទេសវៀតណាម និងប្រទេសថៃ»។
លោក សុខ ហេង បញ្ជាក់ថា បានជ្រើសរើសកសិករចំនួន ៣ គ្រួសារ សម្រាប់អនុវត្តគម្រោងដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកថ្លែងថា៖ «ក្នុងហ្នឹងសកម្មភាពសំខាន់ៗមានការរៀបចំប្លង់មេសម្រាប់អនុវត្តកសិកម្មចម្រុះ ការឈូសឆាយដីសម្រាប់ការដាំដំណាំបន្លែ ការសង់រោងជីកំប៉ុស ការសង់រោងចិញ្ចឹមមាន់ ទា ការជីកស្រះទឹកចិញ្ចឹមត្រី ការជីកអណ្ដូងទឹក ការសាងសង់ឡជីវឧស្ម័ន និងការរៀបចំប្រព័ន្ធស្រោចស្រពដំណាំ»។
បើតាមលោក សុខ ហេង បន្ទាប់ពីអនុវត្តគម្រោងចំណូលរបស់កសិករបានកើនឡើងគួរឱ្យកត់សម្គាល់។ លោកថ្លែងថា «នៅឆ្នាំ ២០១៨ លើដី ១ ហិកតាកសិករលក់ដំឡូងមីបាន ៤៨០ ០០០ រៀលប៉ុន្តែនៅឆ្នាំ ២០២០ លក់បានដល់ ២ ១៦០ ០០០ រៀល (កើនឡើង ៤ ដង)។ ចំណែកការដាំបន្លែសរីរាង្គកសិកររកចំណូលបានកើនឡើងពី ៣២០ ០០០ រៀល ទៅ ៣.៦៥០ ០០០ រៀល (កើនឡើង ១១ ដង)។ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីក៏បានចូលរួមចំណែកចំនួន ១,៧% នៃប្រាក់ចំណូលសរុប និងបានកាត់បន្ថយការទិញត្រីសាច់ពីផ្សារផងដែរ»៕