ភ្នំពេញៈ ក្រសួងមហាផ្ទៃនិងក្រសួងទេសចរណ៍ បានចេញនូវសេចក្ដីណែនាំកាលពីម្សិលមិញ តម្រូវឱ្យមន្ត្រីទាំងអស់និងភ្ញៀវដែលមានទំនាក់ទំនងការងារជាមួយនឹងក្រសួង ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ នៅច្រកចេញចូលក្រសួង មុននឹងចូលទៅកាន់កន្លែងការិយាល័យការងារប្រចាំថ្ងៃ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងសេចក្ដីណែនាំកាលពីថ្ងៃទី ១៣ ខែកក្កដាថា៖ «ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមកបំពេញការងារក្នុងទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សរកមេរកកូវីដ ១៩ រៀងរាល់ថ្ងៃធ្វើការនៅច្រកចូលនៃទីស្តីការក្រសួង មុនពេលអនុញ្ញាតឱ្យចូលបម្រើការងារក្នុងការិយាល័យ។ សម្រាប់ភ្ញៀវ ដែលចូលមកក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សរកមេរកកូវីដ ១៩ រួច ទើបអនុញ្ញាតឱ្យធ្វើការទំនាក់ទំនងការងារ»។

លិខិតណែនាំនៃក្រសួងទាំង២នេះបានឱ្យដឹងថា ករណីមានការប៉ះដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាជំងឺ កូវីដ ១៩ ដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងទៀត ត្រូវធ្វើតេស្តរហ័សម្តងទៀត យ៉ាងយូររយះពេល ៤៨ ម៉ោង បន្ទាប់ពីការធ្វើតេស្តលើកទី១។

លិខិតណែនាំរបស់ក្រសួងទេសចរណ៍បានឱ្យដឹងផងដែរថា៖ «ក្នុងការចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងបរិបទនៃព្រឹត្តិកាណ៍ សហគមន៍ ២០ កុម្ភៈ ក្រសួងទេសចរណ៍នឹងអនុវត្តការធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ចាប់ពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១»។

ជាមួយគ្នានេះដែរ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នឹងពង្រីកការចាក់វ៉ាក់សាំងទៅដល់គ្រប់ទូទាំងខេត្តនៅក្នុងប្រទេសចាប់ពីថ្ងៃទី ១៥ ខែកក្កដាតទៅ ខណៈដែលរាជធានីភ្នំពេញបានបញ្ចប់ការចាក់វ៉ាក់សាំងនេះកាលពីសប្តាហ៍មុន។

គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជាង ៥ លាននាក់ហើយ ហើយគោលដៅរបស់រាជរដ្ឋាភិបាល គឺចាក់ឱ្យបានរហូតដល់ ១០ លាននាក់ នៅត្រឹមខែតុលា ឬដើមខែវិច្ឆិកាខាងមុខ៕