ឧត្តរមានជ័យៈអាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ ១៩ មានទីតាំងនៅសង្កាត់កូនក្រៀល ក្រុងសំរោង ដែលអាចដាក់អ្នកជំងឺបានក្នុងរង្វង់ពី ១ ៥០០ ទៅ ២ ០០០ នាក់ ដែលជាការត្រៀមសម្រាប់ពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ហើយរកឃើញវិជ្ជមានជំងឺកូវីដ ១៩។
លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ថ្លែងនៅថ្ងៃទី ១៥ ខែកក្កដាថា មជ្ឈមណ្ឌលដែលអាចដាក់អ្នកជំងឺកូវីដ ១៩ ព្យាបាលក្នុងរង្វង់ពី ១ ៥០០ ទៅ ២ ០០០ នាក់ ដែលស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង នោះ គឺជាកន្លែងទីលានដាក់ដំឡូង មានរោងស្រាប់អាចរៀបចំទៅជាកន្លែងព្យាបាលបាន ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបញ្ជាក់ថា៖ «ទីតាំងថ្មីហ្នឹង គឺមានរោងស្រាប់ គ្រាន់តែយើងកែសម្រួលទៅជាទីតាំងមណ្ឌលព្យាបាលកម្រិតស្រាល អ៊ីចឹងទេ។ ទីតាំងហ្នឹងមានកន្លែងដែលបងប្អូនសម្រាកព្យាបាល មានទីតាំងសម្រាប់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជាដើម» ។
លោក ឌី រ៉ាដូ បញ្ជាក់ថា ទីតាំងថ្មីនេះ សម្រាប់ដាក់តែពលករមានជំងឺកូវីដ ១៩ ដែលត្រឡប់មកពីប្រទេសថៃ វិញប៉ុណ្ណោះ មិនដាក់លាយឡំគ្នា ជាមួយពលរដ្ឋដែលឆ្លងក្នុងសហគមន៍ក្នុងស្រុកនោះទេ។
លោកថ្លែងថា៖ «យើងដឹងហើយថា ប្រភេទ Delta នេះ គឺមកពីខាងប្រទេសថៃ អ៊ីចឹងទេ គឺយើងញែកធ្វើម៉េច កុំឲ្យឡូកឡំជាមួយនិងបងប្អូនប្រជាពលរដ្ឋ ដែលគាត់ឆ្លង ក្នុងសហគមន៍នៅទីនេះ ព្រោះនៅក្នុងសហគមន៍ទីនេះ មិនមានអ្នកកើតកូវីដ ១៩ ប្រភេទថ្មីទេ» ។
បើតាមលោក ឌី រ៉ាដូ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យ ជ្រើសរើសពេទ្យស្ម័គ្រចិត្ត ដើម្បីចូលបំពេញការងារនៅមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ហេតុនេះខេត្ត នឹងជ្រើសរើសពេទ្យស្ម័គ្រចិត្តរង្វង់ ៦០ នាក់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក្នុងមណ្ឌលព្យាបាលថ្មីនេះ។
លោកឱ្យដឹងទៀតថា មកដល់ថ្ងៃទី ១៥ ខែកក្កដានេះ ពលករដែលដែលត្រឡប់មកពីប្រទេសថៃ សរុបទាំងអស់មានចំនួនប្រមាណ ១០ ម៉ឺននាក់។
ក្នុងនោះបូករួមទាំងពលករ ដែលទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែមិននៅក្នុងខេត្តឧត្រមានជ័យផងដែរ។
លោកបញ្ជាក់ថា ខេត្តឧត្តរមានជ័យគិតត្រឹមថ្ងៃទី ១៥ ខែកក្កដានេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ២ ០០០ នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍ចំនួន ១០០ នាក់ ព្យាបាលជាសះស្បើយ ជិត ៥០០ នាក់ និងកំពុងសម្រាកព្យាបាលមានចំនួនរង្វង់ ១ ៥០០ នាក់៕