ភ្នំពេញៈ ប្រទេស​អូស្ត្រាលី​កំពុង​វិនិយោគ​ទឹកប្រាក់ ១១,៦៥ លាន​ដុល្លារ​អូស្ត្រាលី នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក រួមទាំង​កម្ពុជា​ផងដែរ ដើម្បី​បង្កើន​នូវ​ចំនួន​នៃ​ការទទួល​បាន​នូវ​សេវា​ធ្វើតេស្ត និង​ការបង្ការ​ជំងឺអេដស៍ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ជំងឺអេដស៍ និង​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការបញ្ឈប់​ជំងឺអេដស៍​។ នេះ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ភ្នំពេញ​ចុះ​ថ្ងៃទី​ ១៥ ខែ​កក្កដា​នេះ​។

ការវិនិយោគ​ថ្មី​នេះ​នឹង​ជួយ​ដល់​អង្គការ​ដឹកនាំ​ដោយ​សហគមន៍ ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​បង្ការ និង​ការធ្វើ​តេស្ត​ក៏ដូចជា​ដោះស្រាយ​បញ្ហា​វិសមភាព ការឈឺចាប់​ផ្លូវចិត្ត និង ការរើសអើង ជូន​អ្នក​ដែល​កំពុងតែ​រស់នៅ​ជាមួយ​ជំងឺអេដស៍​។

លោក Andreas Zurbrugg អនុប្រធាន​បេសកកម្ម​ប្រចាំ​ស្ថានទូត​អូស្ត្រាលី បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា កម្ពុជា​បាន​ដើរតួនាទី​ជា​គំរូ​មួយ​ក្នុង​តំបន់ ដោយ​ក្នុង​ឆ្នាំ​ ២០១៧ បាន​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ ៧ ​ប្រទេស​លើ​ពិភពលោក ដែល​សម្រេចបាន​នូវ​គោលដៅ​ជា​អន្តរជាតិ ក្នុង​ការធ្វើតេស្ត​ និង​ព្យាបាល​។

លោក ទៀ ផល្លា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​បាន​ថ្លែងថា ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​នៅ​កម្ពុជា​អស់​រយៈកាល​រាប់​ទសវត្សរ៍ និង​ភាពជោគជ័យ​ដ៏ត្រចះត្រចង់​គឺជា​ឫស​ក្នុង​ការផ្តោត​ទៅ​លើ​នវានុវត្តន៍ ការគោរព​សិទ្ធិមនុស្ស​ និង​សមធម៌​យេនឌ័រ ដំណោះស្រាយ​នៅតាម​សហគមន៍ និង​ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​ក៏ដូចជា​ភាពដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវការ​ពង្រីក​កិច្ចប្រឹងប្រែង​ក្នុង​ការបញ្ចប់​ជំងឺអេដស៍​នៅ​កម្ពុជា​។

លោកស្រី Khin Cho Win Htin ប្រធានស្ដីទី​កម្មវិធី​រួមគ្នា​របស់​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​ជំងឺអេដស៍​ថ្លែងថា កម្មវិធី​រួមគ្នា​របស់​អង្គការ​សហប្រជាជាតិ ប្រយុទ្ធ​ជំងឺអេដស៍​កំពុង​រង់ចាំ​សហការ​ជាមួយ​អូស្ត្រាលី ដើម្បី​បង្កើន​ចំនួន និង​ការទទួល​បាន​សេវា ធ្វើតេស្ត​ និង​បង្ការ​មេរោគ​អេដស៍ ក្នុង​ចំណោម​ប្រជាជន​គោលដៅ​ក្នុងប្រទេស​កម្ពុជា​។

នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ និង​កាមរោគ លោក លី ប៉េងស៊ុន បាន​ថ្លែងថា កម្ពុជា​កំពុងតែ​ស្ថិត​នៅក្នុង​ពេលវេលា​ដ៏ល្អ​មួយ សម្រាប់​ការឆ្លើយតប​ទៅនឹង​បញ្ហា​ជំងឺអេដស៍ ហើយ​កំពុងតែ​ដំណើរការ​ឆ្ពោះទៅរក​ការបញ្ឈប់​ជំងឺអេដស៍ ដែល​កម្ពុជា​កំពុងតែ​រក្សា​សមិទ្ធផល​ក្នុង​ការសម្រេច​នូវ​គោលដៅ​នៃ​ការព្យាបាល ដែល​ចាំបាច់​ត្រូវតែ​បង្កើន​នូវ​សេវាកម្ម​បង្ការ សម្រាប់​ប្រជាជន​គោលដៅ តាមរយៈ​សមត្ថភាព​ទទួល​បាន​នូវ​សេវាកម្ម​បង្ការ ប្រកប​ដោយ​សមធម៌​»៕