ភ្នំពេញៈ អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ៦៤ បានដាក់​ចេញ​អនុសាសន៍​ដល់​គណបក្ស​នយោបាយ និង​ភាគី​ពាក់ព័ន្ធ​អំពី​លក្ខខណ្ឌ​អប្បបរមា សម្រាប់​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នាពេលខាងមុខ​ក្នុង​នោះ​ត្រូវ​ស្តារឡើងវិញ​នូវ​បរិយាកាស​នយោបាយ​សេរី និង​ការកែសម្រួល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប​។

រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ​ ២០២២ ​សម្រាប់​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ​ទី៥​។

តាម​អនុសាសន៍​ដែល​អង្គការ​សមាគម​ដាក់​ចេញ​រួមមាន ត្រូវ​ស្តារឡើងវិញ​នូវ​បរិយាកាស​នយោបាយ​ដោយ​សេរី​, ការអនុវត្ត​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​, គោរព​ឆន្ទៈ​បោះឆ្នោត និង​សិទ្ធិ​បោះឆ្នោត​, កែសម្រួល​សមាសភាព គជប​, កម្លាំងប្រដាប់អាវុធ និង​តុលាការ​ឯករាជ្យ អព្យាក្រឹត្យ និង​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បំពេញ​តួនាទី​ដោយ​សេរី​។

អង្គការ​សមាគម​ទាំងនេះ​រួមមាន មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង សិទ្ធិមនុស្ស (​សង់ត្រាល់​), សមាគម​អាដហុក​, សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​, សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ (CCRAC), សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា​, មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM), សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យភាព​សង្គម​, មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព អង្គការ​តម្លាភាព​កម្ពុជា​ (TIC) ​និង​អង្គការ​សមាគម​ផ្សេងៗ​ទៀត​។

លោក យ៉ង់ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​ការអភិវឌ្ឍ និង​ជា​តំណាង​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ ​ខែកក្កដា​ថា ការដាក់ចេញ​អនុសាសន៍​របស់​អង្គការ​សមាគម​នេះ ដើម្បី​ធ្វើឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​អាច​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​នៅក្នុង​ដំណើរ​បោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ ២០២២ ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ មួយវិញទៀត ការដាក់ចេញ​អនុសាសន៍​ទាំងនេះ​ឡើង ដើម្បី​ឱ្យ​មាន​ការបន្ធូរបន្ថយ​បរិយាកាស ដោយ​គិតគូរ​ពី​ដំណោះស្រាយ នយោបាយ​ដើម្បី​ធ្វើឱ្យ​គណបក្សនយោបាយ ដែលមាន​បំណង​ចង់​ចូលរួម​ប្រកួតប្រជែង អាច​ចូលរួមបាន​ដោយ​សេរី មិនមាន​ការភ័យខ្លាច​។

លោក យ៉ង់ គីមអេង ថ្លែងថា​៖ «​យើង​ចង់ឃើញ​គណបក្សនយោបាយ​ទាំងអស់​មិនមាន​ការទាស់ទែង​ខាង​នយោបាយ​កើតឡើង នៅ​រៀងរាល់​នៃ​ការបោះឆ្នោត​នីមួយៗ និង​ចង់ឃើញ​ឱ្យ​មាន​ការដោះស្រាយ និង​អត់ឱន​ឱ្យ​គ្នា ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​មួយ​រវាង​ខ្មែរ និង​ខ្មែរ​»។ ជាមួយ​គ្នា​នេះ អង្គការ​សមាគម​ក៏​ចង់ឃើញ​មាន​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ជាមួយនឹង​គណបក្សនយោបាយ​នៅក្នុង​ដំណើរការបោះឆ្នោត ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​មតិ ដោយ​អាចធ្វើ​ការរិះគន់​ក្នុងន័យ​ស្ថាបនា​បាន​។

បើតាម​លោក​ គីមអេង ​កន្លងមក​កម្ពុជា​បាន​ជួបប្រទះ​ពី​បញ្ហា​ទាំងអស់នេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត មាន​ការព្រួយបារម្ភ និង​ធុញថប់​ក្នុង​ការបោះឆ្នោត​។ ប៉ុន្តែ​លោក​មានជំនឿថា អ្នកនយោបាយ​ខ្មែរ​អាច​ធ្វើ​បាន​នូវ​អ្វីដែល​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ស្នើសុំ​នេះ ព្រោះ​អ្នកនយោបាយ​ខ្មែរ​មាន​បទពិសោធ​ច្រើន​នៅក្នុង​កិច្ចការ​ទាំងអស់​នេះ​។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​បាន​គាំទ្រ ចំពោះ​អនុសាសន៍​របស់​អង្គការ​សមាគម​ដែល​បានលើកឡើង​នេះ ដោយ​លោក​ថា មាន​សារៈសំខាន់​ក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​នាពេលខាងមុខ​។ ប៉ុន្តែ​ចំពោះ​ការអនុវត្ត​បាន​កម្រិត​ណា​នោះ លោក​មិន​សង្ឃឹម​ខ្លាំង​នោះទេ លុះត្រាតែ​មាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ គជប​។

លោក អ៊ូ ច័ន្ទរ័ត្ន បន្តថា បើទោះបី​​ស្ថាប័ន គជប អះអាង​ថា ជា​ស្ថាប័ន​ឯករាជ្យ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ក៏ដោយ ក៏​មិនអាច​ទៅរួច​ដែរ ព្រោះ​ថ្នាក់ដឹកនាំ​គជប ត្រូវបាន​ជ្រើសរើស​ពី​គណបក្ស​នយោបាយ​។ បើ​ចង់ឱ្យមាន​ជំនឿ​ទុកចិត្ត​ពី​មហាជន ថ្នាក់ដឹកនាំ គជប គឺ​ត្រូវតែ​ជ្រើសរើស​ចេញពី​អង្គការ​សមាគម ឬ​សាស្ត្រាចារ្យ មក​ដឹកនាំ​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ថ្លែង​ថា ក្នុង​ការរៀបចំ​ដំណើរការ​បោះឆ្នោត​របស់ គ.ជ.ប គឺ​ផ្អែកទៅលើ​ទិដ្ឋភាព​ច្បាប់​ទាំងស្រុង ពីព្រោះ​ថា គ.ជ.ប មាន​ចែង​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ និង​ក៏​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ផងដែរ​។ លោក បន្តថា ច្បាប់​មានចែង​យ៉ាងណា គ.ជ.ប ត្រូវ​ធ្វើ​យ៉ាងនោះ​។ រាល់​ការបោះឆ្នោត​កាលពី​កន្លងមក​គឺ គ.ជ.ប អនុវត្ត​ទៅតាម​ច្បាប់​។ ដូច្នេះ​ការស្នើ​ផ្សេងៗ​របស់​អង្គការ​សមាគម នាពេល​នេះ​មិនមែនជា​សមត្ថកិច្ច​របស់ គ.ជ.ប ទេ​។

លោក ហង្ស ពុទ្ធា ថ្លែងថា​៖ «​អ៊ីចឹង ការតស៊ូ​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល ឬ​ក្រុម​ណាមួយ​នោះ ត្រូវដាក់​ទិសដៅ​ឱ្យចំ និង​ផ្អែកទៅលើ​ទិដ្ឋភាព​ច្បាប់​ជាធំ ពីព្រោះ​ថា គជប បាន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​ការចាត់ចែង​ការបោះឆ្នោត បាន​ច្រើនលើក​ច្រើនសា​មកហើយ​។ រាល់​លទ្ធផល​នៃ​ការបោះឆ្នោត ភាគី​ពាក់ព័ន្ធ​បាន​វាយតម្លៃថា​អាច​ទទួល​យក​បាន​»​។

ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិនដែល​រឹតត្បិត​សិទ្ធិសេរីភាព សម្លុត និង​គំរាមកំហែង ចំពោះ​ជនណាម្នាក់​នោះ នៅក្នុង​អំឡុង​ពេល​នៃ​ការបោះឆ្នោត​នីមួយៗ​នោះទេ ក៏ប៉ុន្តែ​ក្នុង​ច្បាប់​មាន​ការហាម​មិនឱ្យ​មានការ​ជេរប្រមាថ ដែល​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកដទៃ​។ ដូច្នេះ​នៅពេល​ដែលមាន​ករណី​នេះ កើតឡើង​ត្រូវតែ​អនុវត្ត​ច្បាប់​ហើយ​។

លោក​បន្តថា​៖ «​មិន​ដែលមាន​ប្រទេស​ណា​មាន​សិទ្ធិ​សេរីភាព​អត់​ព្រំដែន​ទេ​កុំថាឡើយ​ប្រទេស​កម្ពុជា សូម្បីតែ​ប្រទេស​អាមេរិក អង់គ្លេស និង​បារាំង​ជាដើម​។ ឧទាហរណ៍​កាលពី​ការប្រកួត​បាល់​នៅ​អឺរ៉ុប អ្នកគាំទ្រ​អង់គ្លេស ធ្វើឱ្យរ​ញ៉េរញ៉ៃ​ពេញ​ស្តាត ឥឡូវ​គេ​កំពុង​តាម​ចាប់​ពេញហ្នឹង​។ អាហ្នឹង​ម៉េច​វិញ​?»៕