ភ្នំពេញៈ សាច់សត្វ​ខូច​គុណភាព​ជាច្រើន​ប្រភេទ សរុប​ជិត​ ៩ ​តោន​ដែល​ត្រូវបាន​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ត្រូវ​បាន​មន្ត្រី​ជំនាញ​បង្ក្រាប និង​រឹបអូស នៅ​ខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃទី​ ១៤ កក្កដា​។ នេះ​បើតាម​ការអះអាង​ពី​មន្ត្រី​ជំនាញ​។

លោក​ ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​សត្វ​ខេត្តបន្ទាយមានជ័យ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ផលិតផល​សាច់សត្វ​ខូចគុណភាព​ទាំងនោះ​ត្រូវ​បាន​កម្លាំង​របស់​លោក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បង្ក្រាប និង​ចាប់​រឹបអូស​ពី​ទីតាំង​ស្តុក​ផលិតផល​សាច់សត្វ​ដ៏ធំ​មួយ​ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​ ១ ​សង្កាត់-ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​ ១៤ ខែកក្កដា​។

លោក​ប្រាប់ថា ម្ចាស់​អាជីវកម្ម​ដែល​នាំចូល​ផលិតផល​សាច់សត្វ ទាំងនោះ​ជា​ជនជាតិ​ថៃ ប៉ុន្តែ​មាន​តំណាង​ចែកចាយ​ ២ ​នាក់​នៅ​កម្ពុជា គឺ​ឈ្មោះ​ ឡៃ ឡាយ និង​ឈ្មោះ​ សុខ តារា​។

លោក​បញ្ជាក់ថា​៖ «​ផលិតផល​សាច់សត្វ​ខូចគុណភាព​ដែល​ត្រូវបាន​ចាប់​រឹបអូស​នោះ រួមមាន សាច់​ និង​គ្រឿងក្នុង​ជ្រូក សាច់ និង​ឆ្អឹង​មាន់ ព្រមទាំង​ក្បាល​ត្រី សរុប​ ៨ ៨៥០ ​គីឡូក្រាម​។ ផលិតផល​សាច់សត្វ​ទាំងនេះ​ត្រូវ​បាន​គេ​នាំចូល​ពី​ប្រទេស​ថៃ ដោយ​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព និង​សុខភាព​អនាម័យ​ពី​អាជ្ញាធរ​ជំនាញ​នៃ​ប្រទេស​ថៃ និង​ពី​ស្ថាប័ន​ជំនាញ​នៃ​ប្រទេស​កម្ពុជា​នោះទេ​»​។

បើតាម​លោក​ ហ៊ុយ ទូច ការនាំចូល​សាច់សត្វ​គ្មាន​លិខិតបញ្ជាក់​គុណភាព និង​សុខភាព អនាម័យ​ពី​សមត្ថកិច្ច​ជំនាញ​នៃ​ប្រទេស​នាំចេញ ឬ​សមត្ថកិច្ច​ជំនាញ​នៃ​ប្រទេស​នាំចូល​គឺជា​អំពើ «​ល្មើសច្បាប់​»​។ ម្យ៉ាងទៀត ផលិតផល​សាច់សត្វ​ទាំងនោះ​វេចខ្ចប់ និង​ដឹកជញ្ជូន​មិនបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ ដែល​បង្ក​ឱ្យ​ស្អុយ ខូចគុណភាព​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។

លោក​ថ្លែងថា​៖ «​ផលិតផល​សាច់សត្វ​ខូចគុណភាព​ទាំងនោះ​ត្រូវ​បាន​គេ​ច្រក​ក្នុង​ថង់​ប្លាស្ទិក និង​ការុង​អង្ករ ហើយ​ដឹក​តាម​រថយន្ត​ទ្រុង​ដោយ​ដាក់​សង្កត់​គរ​ពី​លើ​គ្នា ដែល​ផ្ទុយ​ពី​បទដ្ឋាន​បច្ចេកទេស ដែល​តម្រូវ​ឱ្យ​មាន​ការវេចខ្ចប់ និង​ដឹក​តាម​រថយន្ត ដែល​មាន​បំពាក់​ទូក្លាស្សេ​សម្រាប់​បង្កក ដើម្បី​សម្លាប់​មេរោគ និង​រក្សា​គុណភាព​សាច់​»​។

លោក​ថា ដោយ​មាន​ការសម្របសម្រួល​ផ្នែក​ច្បាប់​ពី​លោក​ កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ផលិតផល​សាច់សត្វ​ខូចគុណភាព​ទាំងនោះ ត្រូវ​ប្រមូល​យក​ទៅ​ដុត​កម្ទេចចោល ចៀសវាង​ផលប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​។ ​

ប៉ុន្តែ​មុន​ដុត​កម្ទេចចោល​នោះ ក្រុម​ការងារ​របស់​លោក​បាន​ដកហូត​សំណាក​ផលិតផល​សាច់សត្វ​មួយចំនួន​ផ្ញើ​ទៅ​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​បសុព្យាបាល​សត្វ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​វិភាគ​រក​សារធាតុគីមី​ដែល​បំផ្លាញ​សុខភាព និង​មេរោគ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​អាច​បង្ក​ការរាតត្បាត ដល់​ផលិតកម្ម​សត្វ​នៅ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​មិនទាន់​ទទួលបាន​លទ្ធផល​តេស្ត​នៅឡើយ​ទេ​។

លោក​ ហ៊ុយ ទូច បញ្ជាក់ថា​៖ «​ប្រសិនបើ​លទ្ធផល​ពិសោធ​រកឃើញ​មាន​វិជ្ជមាន​នូវ​សាធាតុគីមី​ពុល​ ឬ​មេរោគ​អ្វីមួយ​ដែល​បង្ក​ហានិភ័យ​ដល់​អ្នក​បរិភោគ ឬ​អ្នកចិញ្ចឹមសត្វ​នៅក្នុង​ស្រុក​នោះ​យើង​នឹង​កោះហៅ​ម្ចាស់​ទំនិញ ឬ​អ្នកទទួល​ខុសត្រូវ​លើ​មុខទំនិញ​ទាំងនោះ​មក​សាកសួរ និង​កសាង​សំណុំរឿង​ដោយ​យោងតាម​មាត្រា​ ១១៥ ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​បញ្ជូន​ទៅឱ្យ​តុលាការ​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

យោង​មាត្រា​ ១១៥ ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជន​ដែល​ពាក់ព័ន្ធ​ក្នុង​ការនាំចូល​ដោយ​ចេតនា​នូវ​សត្វ ឬ​ផលិតផល​សត្វ​ដែលមាន​ជំងឺឆ្លង ឬ​ផ្ទុកមេរោគ​បង្ក​ជំងឺ ខូចគុណភាព ឬ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស សត្វ មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ ដល់​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០ ​លានរៀល​ដល់​ ៥០ ​លាន​រៀល​។

ករណីនេះ​លោក​ សុខ តារា តំណាង ​ម្ចាស់​អាជីវកម្ម​ឃ្លាំង​ស្តុក​ផលិតផល​សាច់សត្វ សម្រាប់​លក់​បន្ត​នៅ​ប្រទេស​កម្ពុជា​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការនាំចូល​សាច់សត្វ​ខូចគុណភាព​ទាំងនោះ​បានទេ​ពី​ម្សិលមិញ​។ ប៉ុន្តែ​តំណាង​ម្នាក់ទៀត គឺ លោក​ ឡៃ ឡាយ ប្រាប់ថា ក្នុង​ចំណោម​ទំនិញ ដែល​សមត្ថកិច្ច​បាន​ចាប់​រឹបអូស​នោះ ទំនិញ​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូន​វិញ​។

លោក​ថា​៖ «​សមត្ថកិច្ច​បាន​ប្រគល់​ទំនិញ​មួយចំនួន​ដូចជា​ក្បាលត្រី និង​ឆ្អឹង​មាន់​មក​ឱ្យ​យើង​វិញ ក្រោយពី​អ្នកបញ្ជា​ទិញ​បាន​ចេញ-មុខ​មក​ទទួល​ខុសត្រូវ​បង់ពិន័យ​លើ​ការ​នាំចូល ដោយ​អះអាង​ថា ទំនិញ​ទាំង​ ២ ​ប្រភេទ​នេះ គេ​យកទៅ​សម្រាប់​ជា​ចំណី​សត្វ​ក្រពើ​របស់គេ​ប៉ុណ្ណោះ​»​។

លោក​ថា​៖ «​ខ្ញុំ​ទទួលខុស​ត្រូវតែ​លើ​ទំនិញ​ដែល​នាំចូល​ស្របច្បាប់​ហើយ​ត្រូវ​បាត់បង់​ប៉ុណ្ណោះ​។ ចំណែក​ទំនិញ​នាំចូល​មិន​ស្របច្បាប់ គឺជា​បន្ទុក​របស់​ម្ចាស់​អាជីវកម្ម ដែល​ជា​ជនជាតិ​ថៃ​»៕

វីដេអូ៖