បាត់ដំបងៈ ភ្លៀង​យ៉ាងខ្លាំង​ពេញ​ ១ ​យប់ កាលពី​យប់​ថ្ងៃទី​ ១៤ ខែ កក្កដា ឆ្នាំ​ ២០២១ បានធ្វើឱ្យ​កើតមាន​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ភ្នំព្រឹក​ដែល​បាន​បណ្តាលឱ្យ​ផ្ទះ​ប្រមាណ ៧០ ​ខ្នង​រងការលិចលង់ និង​ពលរដ្ឋ​ជាង ៥០ គ្រួសារ ​រង​ផលប៉ះពាល់​ព្រមទាំង​ធ្វើឱ្យ​ជន់​លិច​កំណាត់​ផ្លូវ​មួយចំនួន​ផងដែរ​។

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ កក្កដា​ថា រដ្ឋបាលខេត្ត​បាន​ចាត់​កម្លាំង​ចម្រុះ ចុះ​អន្តរាគមន៍​សង្គ្រោះ​ប្រជាជន​ទាន់ពេលវេលា ដោយ​មិនមាន​ពលរដ្ឋ​ណា​ម្នាក់ រងគ្រោះថ្នាក់​នោះទេ​។ លោក ថា មាន​ប្រជាពលរដ្ឋ​ជាង ៥០ ​គ្រួសារ​បាន​រង​ផលប៉ះពាល់​ក្នុង​នោះ​មាន​ចំនួន ៤០ ​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព​។

ចំណែក​សត្វ​ចិញ្ចឹម​របស់​ពលរដ្ឋ​វិញ ក៏​មិនមាន​រង​ផលប៉ះពាល់​នោះដែរ ដោយ​ត្រូវបាន​ជម្លៀស និង​រក​កន្លែង​ទីទួល​ទាន់ពេលវេលា ខណៈ​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​បាន​ជន់​លិច​។ ប៉ុន្តែ​ព័ត៌មាន​បឋម លោក​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ការខូចខាត​កម្រិតណា​នោះទេ ព្រោះ​ទឹក​មិនទាន់​ស្រក​អស់​។

លោក​បញ្ជាក់ថា​៖ «​វា​គ្រាន់តែ​ភ្លៀង​ ១ ​មេ ហើយ​ធម្មតា​តែ​ភ្លៀង​គំហុក វា​ហូរ​មិនទាន់ គឺ​លិច​ភូមិ​អ៊ីចឹង​ឯង ព្រោះ​ស្ថានភាព​ដី​យើង វា​មាន​ភ្នំ មាន​ទួល មាន​ទំនាប​អី​។ អ៊ីចឹង​កន្លែង​ណា​មាន​ជង្ហុក វា​ហូរ​ទៅ​កន្លែង​ហ្នឹងហើយ ជាធម្មតា​ទេ​តំបន់ភ្នំ​នោះ​។ បើសិន​ជា​មិនមាន​ភ្លៀង​ទៀត​ទេ វា​ហូរ​មកក្រោមៗ​អស់ហើយ​»​។

យោងតាម​របាយការណ៍​បឋម​របស់​លេខាធិការដ្ឋាន គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបាត់ដំបង​បាន​ឱ្យ​ដឹងថា ក្រៅពី​ផលប៉ះពាល់​ទាំងនេះ ជំនន់​ទឹកភ្លៀង​ក៏​បាន​ធ្វើឱ្យ​ផ្លូវ​ក្រួស​ក្រហម​ ១ ​ខ្សែ​ក្នុង​ឃុំ​បួ ប្រវែង​ប្រមាណ ២ ៥០០ ​ម៉ែត្រ រង​ការខូចខាត ខណៈ​ជំនន់​ទឹកភ្លៀង បាន​ហូរ​ច្រោះ​ខូច​លូ​កាត់​ផ្លូវ​ចំនួន ២ ​កន្លែង​។

កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង​។ រូបថត NCDM

លោក លឹម ប៉ោសេង ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ​កក្កដា​ថា ភូមិ​អូរធំ ឃុំ​ភ្នំព្រឹក ត្រូវបាន​ជំនន់​ទឹកភ្លៀង​ធ្វើឱ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៤០ ​គ្រួសារ សម្ភារ និង​ដំណាំ​ពោត ដំឡូងមី​មួយចំនួន​។ លោក​បន្តថា ចំណែក​ឃុំ​បារាំង​ធ្លាក់​ក៏​រង​ផលប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ១៩ ​គ្រួសារ​ផងដែរ ក្នុងនោះ​ផលប៉ះពាល់​ខ្លាំង​មាន​ ៣ ​គ្រួសារ​។ លោក​បញ្ជាក់ថា បើ​សរុប​ជា​ខ្នង​ផ្ទះ​នៅ​ទូទាំង​ស្រុក​គឺមាន​ផ្ទះ​រង​ផលប៉ះពាល់​ទាំងអស់​ប្រមាណ ៧០ ​ខ្នង​ផ្ទះ​។

លោក​បាន​រៀបរាប់​ទៀតថា​៖ «​នេះ​គឺជា​ជំនន់​ទឹកភ្លៀង ហើយ​ការជន់លិច​នេះ ក៏​មិនមាន​អ្វី​គួរឱ្យ​គ្រោះថ្នាក់​ធំដុំ​ដែរ ពេលនេះ​។ បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្តទៀត​ទេ ទឹកនឹង​ស្រក​អស់​ក្នុងពេល​ឆាប់ៗ ព្រោះ​តំបន់​នេះ មិន​ធ្លាប់​ជន់​លិច​កន្លងមក​ទេ ហើយ​នេះ​គឺជា​លើកដំបូង​ហើយ ដែលមាន​ទឹក​ជន់លិច​»​។

ដោយសារតែ​ក្នុង​រដូវ​នេះ គឺជា​រដូវភ្លៀង លោក លឹម ប៉ោសេង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សូមឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ ដែល​អាច​កើតឡើង​ជាយថាហេតុ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ចំពោះ​ក្មេងៗ​ដោយ​មិនគួរ​បណ្តែតបណ្តាយ​នោះទេ​៕