ភ្នំពេញៈ ​រយៈពេល​ ៦ ​ខែ​ឆ្នាំ​នេះ​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​ចុះ​ល្បាត​ក្នុង​តំបន់​ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​បាន​ចំនួន ១៤ ៤២២ លើក​ក្នុង​នោះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ៤ ២៣៨ ​ករណី ពិន័យ​អន្តរការណ៍​ចំនួន ៥១១ ​ករណី និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​ ៥១៥ ​ករណី ខណៈ​បទល្មើស​កើតឡើង​ភាគច្រើន​ទាក់ទង​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ខុសច្បាប់ ការកាប់បំផ្លាញ​ឈើ ការបរបាញ់​សត្វ​ជាដើម​។ នេះ​បើតាម​របាយការណ៍​។

យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ដែល​ភ្នំពេញ-ប៉ុស្ដិ៍​ទទួលបាន​កាលពី​ម្សិលមិញ​ឱ្យដឹងថា ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១ ២៦០ ​នាក់​ របស់​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ទាំង​ ៧៥ ​កន្លែង ដែលមាន​ផ្ទៃដី​សរុប​ ៧,៣ ​លាន​ហិកតា​។

របាយការណ៍​បញ្ជាក់ថា រយៈពេល​ ៦ ​ខែ​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២១ មន្ត្រី​ឧទ្យានុរក្ស​បាន​ចុះ​ល្បាត​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​សរុប​បាន​ចំនួន​ ១៤ ៤២២ ​លើក​ក្នុង​នោះបាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ៤ ២៣៨ ​ករណី​។

លោក នេត្រ ​ភក្ត្រា ​មន្ដ្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួងបរិស្ថាន​ក្នុងនាម​សេនាធិការ​នៃ​រាជរដ្ឋាភិបាល និង​មន្ត្រី​របស់ខ្លួន​មាន​ការទទួល​ខុសត្រូវ​ក្នុង​ភាពជា​ម្ចាស់​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច​លើ​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដោយ​ឈរ​នៅលើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​ចំណោម​បទល្មើស​ទាំងនោះ​​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​ចំនួន​ ៥១១ ​ករណី និង​បាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បាន​ចំនួន​ ៥១៥ ​ករណី ដែល​ករណី​ភាគច្រើន​ទាក់ទង​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​នៅក្នុង​តំបន់​អភិរក្ស​ដោយ​ខុសច្បាប់ ការ​កាប់បំផ្លាញ​ឈើ ការបរបាញ់​សត្វ​ជាដើម​។ ទិន្នន័យ​នេះ​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០២០»​។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​លែង​កើតមាន​ទៀតហើយ​តែ​នៅមាន​បទល្មើស​ទ្រង់ទ្រាយ​តូចៗ​កើតឡើង​ដែល​សមត្ថកិច្ច​ក្រសួងបរិស្ថាន​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាននិង​កំពុង​បន្ត​អនុវត្ត​ច្បាប់​ដោយ​ការទទួល​ខុសត្រូវ​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​បរិស្ថាន​នឹង​បន្ត​បេសកកម្ម​របស់ខ្លួន​ប្រកប​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​វិជ្ជាជីវៈ​ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​រាប់ជំនាន់​ទៅមុខទៀត​»​។

លោក​បាន​បន្តថា​៖ «​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​សហគមន៍​តំបន់​ការពារ ធម្មជាតិ និង​អង្គការ​ដៃគូ​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​»​។

លោក ស៊ុំ ចន្ទគា មន្ដ្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំ​ខេត្ដ​បន្ទាយមានជ័យ បាន​ថ្លែងថា តាម​ការសង្កេត​ឃើញ​ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មកនេះ បទល្មើស​ធនធានធម្មជាតិ​កើតមានឡើង​ច្រើន គឺ​ទាក់ទង​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ខុសច្បាប់ ការកាប់​បំផ្លាញ​ឈើ ដែល​ភាគច្រើន​ពាក់ព័ន្ធ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ-ឃុំ​។

លោក​បាន​ថ្លែងថា​៖ «​ឥឡូវនេះ​បែរជា​អ្នកការពារ​ធនធាន​ធម្មជាតិ គឺជា​ប្រជាពលរដ្ឋ ហើយ​អ្នក​ដែល​បំផ្លាញ អ្នកលក់​ដីព្រៃ​ក្នុង​តំបន់​អភិរក្ស​ជា​អាជ្ញាធរ​ទៅវិញ ដូច្នេះ​យើង​មិនដឹង​ប្ដឹង​មន្ដ្រី​ឱ្យ​ដោះស្រាយ​ ឬ​ផ្ដល់​អនុសាសន៍​ឱ្យ​យ៉ាងម៉េច​ទេ​។ យើង​មានតែ​លើក​ទឹកចិត្ដ​ឱ្យ​ប្រជាពលរដ្ឋ​ប្ដឹង​មន្ដ្រី​ដែល​ប្រព្រឹត្ដ​ល្មើស​នោះ​ទៅ​តុលាការ​ទេ បើ​តុលាការ​មិន​ដោះស្រាយ​មាន​ន័យថា​តុលាការ​នោះ​ស្ថិត​នៅក្នុង​គំនាប​ណាមួយ​»​។

សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​ ២៦ មិថុនា បាន​ចោទប្រកាន់​ និង​ឃុំខ្លួន​មន្ដ្រី​យោធា និង​មន្ដ្រីនគរបាល​ចំនួន​ ៩ ​នាក់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ និង​ករណី​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម​នាំ​ឈើ​ចេញ​ខុសច្បាប់​នៅ​តំបន់​អូរហ៊ុច ស្ថិតក្នុង​ភូមិ​អូរអាម ឃុំ​ស្រែក្ទម្ព ស្រុក​កែវសីមា​។ នេះ​បើតាម​មន្ដ្រី​នាំពាក្យ​សាលា​ដំបូង​ខេត្តមណ្ឌលគិរី​៕