ភ្នំពេញៈ រដ្ឋបាលខេត្ត​មួយចំនួន​បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល​យ៉ាង​ហ្មត់ចត់ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម លក់ដូរ​អាហារ ភេសជ្ជៈ​គ្រឿង​ស្រវឹង ភោជនីយដ្ឋាន និង​ការជួបជុំ​ និង​ត្រួតពិនិត្យ​អ្នកដំណើរ​ឱ្យបាន​ត្រឹមត្រូវ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ​ទៅក្នុង​សហគមន៍​។

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​សកម្មភាព​អាជីវកម្ម​លក់ដូរ​អាហារ ភេសជ្ជៈ​គ្រឿង​ស្រវឹង អាហារដ្ឋាន ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ការជួបជុំ​ពិសារ​អាហារ គ្រឿងស្រវឹង​ក្នុង​ចន្លោះ​ពី​ម៉ោង​ ៨ ​យប់ ដល់​ម៉ោង​ ៥ ​ភ្លឺ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

អភិបាលខេត្ត​ស្ទឹងត្រែង លោក​ ម៉ុម សាវឿន បានចេញ​លិខិត​សម្រេច​ផ្អាក ពីថ្ងៃ​ទី​ ១៤ កក្កដា ដោយ​បញ្ជាក់ថា ក្នុង​ការផ្អាក​នេះ​ត្រូវបាន​លើកលែង​ចំពោះ​ការលក់ដូរ​អាហារ ភេសជ្ជៈ​ដែល​មិនមែន​ជា​គ្រឿង​ស្រវឹង​នៅតាម​ផ្ទះ​ ឬ​ទីតាំង​អាជីវកម្ម​ជា​លក្ខណៈ​វេចខ្ចប់ និង​គោរព​តាម​វិធានការ​សុខាភិបាល ជាពិសេស​គឺ វិធានការ ៣ការពារ ៣កុំ​។

លិខិត​អភិបាលខេត្ត​សរសេរ​​ថា​៖ «​អ្នក​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​នឹង​ត្រូវ​ពិន័យ​អន្តរការណ៍​ដូច​មានចែង​ក្នុង​ប្រកាស​អន្តរក្រសួង​លេខ​ ១ ០៤៤ ចុះ​ថ្ងៃទី​ ៨ ខែមេសា ឆ្នាំ​ ២០២១ របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​សេចក្តី​សម្រេច​លេខ ០៣៦/២១ ចុះ​ថ្ងៃទី​ ១៥ ខែមេសា ឆ្នាំ​ ២០២១ របស់​រដ្ឋបាលខេត្ត​»​។

ចំណែក​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​សម្រេច​បន្ត​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​រយៈពេល​ ២ ​សប្តាហ៍​ទៀត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​គិត​ចាប់ពី​ថ្ងៃទី​ ១៥ កក្កដា ដល់​ថ្ងៃទី​ ២៨ កក្កដា​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ​សរសេរ​ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃទី​ ១៤ កក្កដា​ថា​៖ «​នាយក​រដ្ឋបាល​សាលាខេត្ត រដ្ឋបាល​ស្រុក​គងពិសី មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ព្រមទាំង​ម្ចាស់​រោងចក្រ អេហ្វ យូ ជី ហ្គាម៉ិន​ (​ខេមបូឌា) F.U.G GARMENT CO.,LTD ត្រូវ ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច នេះ​ឱ្យមាន​ប្រសិទ្ធភាព​»​។

រីឯ​នៅ​ខេត្ត​រតនគិរី រដ្ឋបាលខេត្ត​ណែនាំ​គណៈបញ្ជាការ​ឯកភាព​គ្រប់ ក្រុង-ស្រុក អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​កិច្ចការ​ចាំបាច់ ដូចជា បន្ត​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​អំពី​ហានិភ័យ​នៃ​ជំងឺ​កូវីដ​ ១៩ ពិសេស​ទប់ស្កាត់​រាល់​ការជួបជុំ​នានា​។

លោក​ ថង សាវុន អភិបាលខេត្ត​រតនគិរី សរសេរ​ក្នុង​លិខិត​ណែនាំ​ពី​ម្សិលមិញ​ថា​៖ «​ការចលនា​មនុស្ស​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ជា​កត្តា​នាំយក​នូវ​មេរោគ​ទៅ​ចម្លង​ដល់​សហគមន៍​។ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ជំរុញ​ពលរដ្ឋ​ឱ្យ​អនុវត្ត​វិធានការ ៣ការពារ ៣កុំ និង​ទម្លាប់​នៃ​ការពាក់​ម៉ាស់ បាញ់​អាល់កុល​ជាប្រចាំ​។ ​ជាពិសេស​នៅ​ទីប្រជុំជន ទីសាធារណៈ​នៅ​កន្លែង​ធ្វើការ ឬ​ពេលចេញ​ក្រៅ​ផ្ទះ​ជាដើម​»​។

លោក​បញ្ជាក់ថា គ្រប់​អង្គភាព​ទាំងអស់ ចាំ​ការនៅ​ចំណុច​ព្រំប្រទល់​ខេត្ត​ត្រូវ​បន្ត​ការយកចិត្ត​ទុកដាក់ ត្រួតពិនិត្យ​គ្រប់​អ្នកដំណើរ​និ ង​ការដឹក​ទំនិញ ដោយ​តម្រូវ​ឱ្យ​មាន​ការត្រួតពិនិត្យ​តាម​វិធានការ​សុខាភិបាល​ឱ្យបាន​ហ្មត់ចត់ និង​ប្រាកដប្រជា​ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការនាំចូល​ជំងឺ​កូវីដ​ ១៩ ឆ្លង​ចូលក្នុង​សហគមន៍​។

រីឯ​ខេត្តកំពង់ធំ រដ្ឋបាលខេត្ត​សម្រេច​បិទ​ទីតាំង​មួយចំនួន​ក្នុងស្រុក​បារាយណ៍ ដូចជា​តូប​លក់បាយ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុង​ភូមិ​ទួល​ដំណាក់ ឃុំ​ចុងដូង និង​ការដ្ឋាន​ថ្ម​ក្នុង​ភូមិ​វាល​ធំ ឃុំ​គគីរធំ បន្ទាប់ពី​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ​នៅ​ទីតាំង​ទាំងនោះ ដើម្បី​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ និង​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​។

លិខិត​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ​ចុះ​ថ្ងៃទី​ ១៤ កក្កដា សរសេរថា​៖ «​រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​អ្នក​ដែល​ធ្លាប់មាន​ការពាក់ព័ន្ធ​ផ្ទាល់​នឹង​បុគ្គល​វិជ្ជមាន ឬ​ធ្លាប់​ទៅ​ទីតាំង​ទាំងអស់​ខាងលើ សូម​រួសរាន់​ទៅ​ផ្តល់​សំណាក​ដើម្បី​វិភាគ​រក​មេរោគ​កូវីដ​ ១៩ ​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​សន្ទុក​ ឬ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​ជាស៊ីម​កំពង់ថ្ម​។ ចំពោះ​បងប្អូន ដែល​ធ្លាប់មាន​ការពាក់ព័ន្ធ​ដោយ​ប្រយោល ហើយ​មាន​ការសង្ស័យ សូម​ពិនិត្យ​តាមដាន​សុខភាព ដោយ​ផ្ទាល់​ជាប្រចាំ និង​ត្រូវ​សម្រាក​នៅផ្ទះ​ដាច់​តែឯង​»៕