ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន លើកឡើង​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ស្តីពី​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកវិទ្យា​ចិញ្ចឹម​ដង្កូវនាង និង​ការផលិត​សូត្រ​ចេញពី​ដង្កូវនាង​កូនកាត់​ពូជ ខណៈ​គម្រោង​នេះ​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផលិត​ពង​ដង្កូវនាង និង​ការចិញ្ចឹម​ក្នុង​លក្ខខណ្ឌ​ប្រទេស​កម្ពុជា​។

គម្រោង​ឈ្មោះថា​ “​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកវិទ្យា​ចិញ្ចឹម​ដង្កូវនាង និង​ការផលិត​សរសៃ​សូត្រ​ចេញពី​ដង្កូវនាង​កូនកាត់​ពូជ CK1-7-4” ត្រូវបាន​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មជ្ឈមណ្ឌល​កសិកម្ម​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOPIA អនុវត្ត​រយៈពេល​ ៣ ​ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០២០-២០២២​។

គម្រោង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតកម្ម​សូត្រ​តាមរយៈ​ការផ្សព្វផ្សាយ​ពូជ​ដង្កូវនាង​កូនកាត់​ CK1-7-4 អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ ស្រប​ពេល​តម្បាញ​សូត្រ​មិន​ត្រឹមតែ​ដើរតួ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ថែមទាំង​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​រស់នៅក្នុង​ជីវភាព​របស់​ជនជាតិ​ខ្មែរ​តាំងពី​យូរលង់​។

លោក​ វេង សាខុន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី​ ១៥ កក្កដា​ថា ក្នុង​រយៈពេល​នៃ​ការអនុវត្ត​គម្រោង​នេះ​ក្រុមការងារ សម្រេច​បាន​សកម្មភាព​សំខាន់ៗ​មួយ​ចំនួន ដូចជា​បាន​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស កសិករ សិប្បករ និង​សហគ្រិន​នៅ​ខេត្ត​តាកែវ និង​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ​ ១២៥ ​រូប​អំពី​បច្ចេកទេស ដំណាំមន​ និង​ការចិញ្ចឹម​ដង្កូវនាង​។

លោក​ថា ក្រុមការងារ ក៏បាន​ចិញ្ចឹម​ថែរក្សា​ពូជ​មេបា CK1-7-4 ពូជ​នាំចូល​ពី​ប្រទេស​កូរ៉េ និង​ពូជ​ក្នុងស្រុក ​(​ពូជ​សូត្រ​មាស​) សម្រាប់ បន្ត​បង្កាត់​ពូជ​ដង្កូវនាង​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​ទទួលបាន​ទិន្នផល​សូត្រ​ខ្ពស់ ហើយ​ធន់​នឹង​អាកាសធាតុ​ផងដែរ​។

ក្រៅពី​សមិទ្ធផល​ទាំងនេះ​លោក​អះអាង​ថា ក្រុមការងារ​ក៏​បាន​វាស់​ស្រង់​ទិន្នន័យ​គ្រប់​ជំនាន់​នៃ​ការចិញ្ចឹម​ទាំង​ពូជ​មេបា និង​ពូជ​បង្កាត់​ថ្មី ដើម្បី​ធ្វើការ​ប្រៀបធៀប​ទិន្នផល​សូត្រ និង​ភាពស៊ាំ​នៃ​អាកាសធាតុ រួមទាំង​បាន​ចែក​ពូជ​ដង្កូវនាង​ដល់​សិប្បកម្ម​តម្បាញ M-Silk នៅ​ខេត្តតាកែវ​ចំនួន​ ២ ​ម៉ឺន​កូន​។ ចែកជូន សហគ្រាស​តម្បាញ Color-Silk នៅ​ខេត្ត​សៀមរាប​ និង​តាកែវ​ចំនួន​ ៤ ​ម៉ឺន​កូន ដើម្បី​ចិញ្ចឹម​តាមដាន​ការលូតលាស់ និង​ស្ទង់​ទិន្នផល​ទៀតផង​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ទោះជា​យ៉ាងណា ការបណ្តុះបណ្តាល​ និង​ការគាំទ្រ​ដល់​កសិករ ពុំទាន់​អាចឆ្លើយតប​បាន​ទាំងស្រុង​តាម​តម្រូវការ​ជាក់ស្តែង​នៅឡើយ ដោយសារ​ចំណេះដឹង​/​ជំនាញ​របស់​មន្ត្រី​បច្ចេកទេស​ទាំង​ថ្នាក់ជាតិ​ និង​ថ្នាក់​ខេត្ត​ទាក់ទង​នឹង​ខ្សែច្រវាក់​ផលិតកម្ម​សរសៃសូត្រ​នៅមានកម្រិត ដែល​ទាមទារ​ឱ្យមាន​ការលើកកម្ពស់​សមត្ថភាព​ធនធាន​មនុស្ស​បន្ថែមទៀត ព្រម​ជាមួយ​ធនធាន​ថវិកា​សម្រាប់​បម្រើឱ្យ​ការងារ​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​»​។

យោងតាម​ឯកសារ​ស្រាវជ្រាវ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ប្រទេស​កម្ពុជា​បាន​ដាំ​ដំណាំ​មន និង​ចិញ្ចឹម​ដង្កូវនាង​ចាប់តាំងពី​សតវត្សរ៍​ទី​ ១៣​។ ប៉ុន្តែ​ផលិតកម្ម​សូត្រ​ខ្មែរ​ត្រូវ​បាន​បោះបង់ចោល​ស្ទើរតែ​ទាំងស្រុង ទើបតែ​នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ រហូត​មក​ទល់​បច្ចុប្បន្ន ផលិតកម្ម​នេះ​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ ប៉ុន្តែ​ហាក់​ដូចជា​មិនទាន់​បាន​ឆ្លើយតប​តាម​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​នៅឡើយ​។

លោក​ យិន ច័ន្ទសុធី អនុប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម​ឱ្យ​ដឹងថា ក្នុង​ទិសដៅ​បន្ត​របស់​គម្រោង​នេះ ក្រុមការងារ​នឹង​បន្ត​ពង្រឹង​សមត្ថភាព​បច្ចេកទេស​ដល់​កសិករ សិប្បករ និង​អ្នកពាក់ព័ន្ធ​បន្ត​ចិញ្ចឹម​រក្សា ពូជ​មេបា​ និង​បង្កាត់​ពូជ​ថ្មី​។ លោក​បន្ត​ថា ក្រុមការងារ​ក៏​នឹងធ្វើ​ទិវា​បង្ហាញ​ពី​បច្ចេកទេស​ចិញ្ចឹម​ដង្កូវ​នាង​ដល់​កសិករ​ក្នុង​ខេត្ត​គោលដៅ រួមទាំង​ចងក្រង​ឯកសារ​សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​ទៀតផង​។

លោក​ ច័ន្ទសុធី អះអាងថា​៖ «​តាមរយៈ​ការអនុវត្ត​គម្រោង​នេះ​សង្ឃឹម​ថា មន្ត្រី​បច្ចេកទេស ក្រុមកសិករ សិប្បករ និង​សហគ្រិន​ក្នុង​ខេត្ត​គោលដៅ​ទាំងអស់​នឹងមាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការដាំដុះ​ដំណាំ​មន និង​ចិញ្ចឹម​ដង្កូវនាង ហើយ​អាច​ផលិត​បាន​ពូជ​ដង្កូវនាង​ថ្មី​បាន​ច្រើន ផ្តល់​ទិន្នផល​ខ្ពស់ ស្រប​ទៅ​នឹង​លក្ខខណ្ឌ​អាកាសធាតុ​។ នាពេល​ដ៏ឆាប់​ខាងមុខ វិស័យ​ផលិតកម្ម​សូត្រ​នឹងមាន​ការរីកចម្រើន និង​អាច​ផលិត​សរសៃសូត្រ​បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ក្នុង​ស្រុក​កាត់បន្ថយ​ការនាំ​ចូល និង​អាច​នាំចេញ​បាន​មួយចំនួន​»​។

ឯកសារ​ដែល​ដកស្រង់​ចេញពី​ខេត្តតាកែវ​បាន​ឱ្យ​ដឹងថា ខ្មែរ​បាន​ផលិត​សូត្រ ចាប់តាំងពី​សម័យ​ហ្វូណន ហើយ​បច្ចុប្បន្ន​តម្បាញ​សូត្រ និង​ផលិតផល​សូត្រ​មាន​សារៈសំខាន់​សម្រាប់​ខេត្ត​ចំនួន​ ៥ ហើយ​សូត្រ​ដែល​មាន​ការច្នៃម៉ូដ​ដ៏ល្បី និង​គុណភាព​ខ្ពស់ គឺ​មកពី​ខេត្ត​តាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពត​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​លោករដ្ឋមន្ត្រី​៕