ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) នៅ​ថ្ងៃទី​ ១៤ ខែកក្កដា ប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​បណ្តាញ​ធុរកិច្ច​ថ្មី​មួយ​ដែល​ប្រមូល​ចងក្រង​អាជីវកម្ម ដើម្បី​លើកកម្ពស់​អាហារូបត្ថម្ភ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា ខណៈ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​កង្វះ​មីក្រូ​សារជាតិ​នៅតែ​ជា​បន្ទុក​ធ្ងន់​មួយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ WFP ​ស្ដីពី​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​បណ្តាញ​ធុរកិច្ច​ថ្មី​នេះ​ឱ្យដឹងថា គំនិត​ផ្តួចផ្តើម​បង្កើត​បណ្តាញ​ធុរកិច្ច​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ​នៅ​កម្ពុជា SUN Business Network Cambodia (SBN Cambodia) ​នេះ បាន​ប្រមូលផ្ដុំ​នូវ​អាជីវកម្ម​ក្នុង​វិស័យ​ស្បៀងអាហារ​ដែល​មាន​ទស្សនវិស័យ​វែងឆ្ងាយ​សម្រាប់​អនាគត​ ដើម្បី​ពន្លឿន​វឌ្ឍនភាព អាហារូបត្ថម្ភ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

បណ្តាញ​ធុរកិច្ច​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ (CARD) ដោយមាន​ការគាំទ្រ​ពី WFP ដើម្បី​ជំរុញ​កិច្ចសហការ​ និង​ការគាំទ្រ​គ្នា​ទៅវិញ-ទៅមក រវាង​វិស័យ​ឯកជន សមាគម​ធុរកិច្ច រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ចូលរួមចំណែក​ក្នុង​ការជំរុញ​ឱ្យ​មាន​របប​អាហារ​សុខភាព និង​ការអនុវត្ត​ទម្លាប់​សុខភាព​ប្រកប​ដោយ​និរន្តរភាព​។

ក្នុងនោះ​អាជីវកម្ម​ចំនួន ២០ បាន​ចុះឈ្មោះ​ជាមួយ​បណ្ដាញ​ធុរកិច្ច​នេះ​ក្នុង​នាម​ជា​សមាជិក​ស្ថាបនិក​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា ថ្វីដ្បិតតែ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ក៏ដោយ ក៏​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​កង្វះ​មីក្រូសារជាតិ​នៅតែ​ជា​បន្ទុក​ធ្ងន់​មួយ​។ កុមារ​អាយុ​ក្រោម​​ ៥ ​ឆ្នាំ​ចំនួន​ ១០% ស្គមស្គាំង និង ​៣២% ​ក្រិស​ក្រិន​នៅ​ឆ្នាំ​ ២០១៤​។

លោក សុខ ស៊ីឡូ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ថ្លែងថា​៖ «​យើង​មាន​មោទនភាព​ចំពោះ​វឌ្ឍនភាព​ក្នុង​អំឡុង​ទសវត្សរ៍​កន្លងមកនេះ ក្នុងការ​កែលម្អ​ស្ថានភាព​អាហារូបត្ថម្ភ ជាពិសេស​សម្រាប់​កុមារ​។ ទោះយ៉ាងណា​ក៏ដោយ​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​យើង​ត្រូវធ្វើ ដើម្បី​លុបបំបាត់​បញ្ហា​អាហារូបត្ថម្ភ​»​។

លោក​បន្តថា អាជីវកម្ម​ក្នុងស្រុក​គឺជា​តួអង្គ​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ការលើក​កម្ពស់​គុណភាព​អាហារ​សម្រាប់​ប្រជាជន​កម្ពុជា​។ លោក​សម្តែង​ក្តី​សង្ឃឹមថា ការបើក​ឱ្យ​ដំណើរការ​នូវ​បណ្តាញ​ធុរកិច្ច​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ​នៅ​កម្ពុជា​នេះ រួម​ជាមួយ​នឹង​ការគាំទ្រ​ជា​បន្តបន្ទាប់​ទៅលើ​វិស័យ​ឯកជន​នឹង​សបញ្ជាក់​ឱ្យឃើញ​ច្បាស់​នូវ​សារៈសំខាន់​ និង​តម្លៃ​នៃ​តួនាទី​របស់​អាជីវកម្ម​ក្នុងស្រុក​។

លោកស្រី ក្លែរ កូណាន់ តំណាង​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​បង្កើត​នូវ​បណ្តាញ​ធុរកិច្ច​នេះ និង​ទន្ទឹងរង់ចាំ​ការសហការ​ជាមួយ​សមាជិក​ស្ថាបនិក​ទាំងចាស់​ទាំងថ្មី​នាពេល​អនាគត​។

លោកស្រី​ថ្លែងថា​៖ «​ពួកយើង​ជឿជាក់ថា ការកែលម្អ​សមាសធាតុ​អាហារូបត្ថម្ភ​ផលិតផល​អាហារ គឺជា​ជម្រើស​ឈ្នះ-ឈ្នះ សម្រាប់​អតិថិជន​ផង និង​សម្រាប់​អាជីវកម្ម​ផង​។ ពីព្រោះ​អាជីវក​ម្មណា​ដែល​ផ្តល់នូវ​អាហារូបត្ថម្ភ​ល្អ នឹង​នាំឱ្យ​អាជីវកម្ម​នោះ​មាន​លក្ខណពិសេស​ប្លែក​ពី​អាជីវកម្ម​ដទៃ ដូច្នេះ​នាំឱ្យមាន​កំណើន​នៃ​ការលក់​ និង​ប្រាក់ចំណេញ​»​។

លោក​ លាង ឡេង ម្ចាស់​ផលិតកម្ម​ត្រី និង​ទឹកស៊ីអ៊ីវ និង​ជា​សមាជិក​ស្ថាបនិក​របស់​បណ្ដាញ​ធុរកិច្ច SBN កម្ពុជា​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា បណ្ដាញ​ធុរកិច្ច SBN នឹង​បង្កើត​នូវ​គំនិត និង​ទំនាក់ទំនង​ថ្មីៗ​ជាច្រើន ក៏ដូចជា​អប់រំ​ដល់​សាធារណជន​អំពី​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ​។ កត្តា​នេះ​នឹង​បង្កើន​នូវ​តម្រូវការ​ខ្ពស់ជាង​មុន​»​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ការបង្កើត បណ្ដាញ​ធុរកិច្ច SBN នៅ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ជាតិ​ដ៏សំខាន់​ក្នុង​ការគាំទ្រ​ដល់​ចលនា​បង្កើន​អាហារូបត្ថម្ភ​សកល ដែលមាន​គោលដៅ​លុបបំបាត់​បញ្ហា​អាហារូបត្ថម្ភ​ទូទាំង​ពិភពលោក​ត្រឹម​ឆ្នាំ​ ២០៣០​។ ចលនា​នេះ​ទទួលស្គាល់​នូវ​តួនាទី​ដ៏សំខាន់​របស់​វិស័យ​ឯកជន​ក្នុង​ការកែលម្អ​អាហារូបត្ថម្ភ និង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​។

អ្នក​ចូលរួមបាន​ពិភាក្សា​អំពី​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការកាត់បន្ថយ​បញ្ហា​អាហារូបត្ថម្ភ និង​លើកកម្ពស់​ប្រព័ន្ធ​ស្បៀង​ប្រកប​ដោយ​ចីរភាព ដោយ​អនុវត្ត​​នូវ​សសរស្តម្ភ​យុទ្ធសាស្ត្រ​ទាំង​ ៥ ​នៃ​ចក្ខុវិស័យ​របស់​បណ្ដាញ​ធុរកិច្ច​នេះ​។ ​សសរស្តម្ភ យុទ្ធសាស្ត្រ​ទាំង ៥ ​មានដូចជា​ការបង្កើត​ឡើង​នូវ​បណ្តាញ​ធុរកិច្ច​មួយ​ដ៏រឹងមាំ លើកកម្ពស់​ការយល់ដឹង​ និង​តម្រូវការ​អាហារូបត្ថម្ភ​។ បង្កើន​ការផ្គត់ផ្គង់​អាហារ ដែល​សម្បូរ​ជីវជាតិ និង​អាហារ ដែលមាន​បញ្ចូល​មីក្រូ​សារជាតិ​។ ពង្រឹង​បរិយាកាស​អំណោយផល​សម្រាប់​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​នៅក្នុង​សហគមន៍ និង​នៅ​កន្លែងធ្វើការ​៕