បាត់ដំបងៈ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្តបាត់ដំបង​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ ១៥ ​កក្កដា បន្ទាប់ពី​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​ ១៣ កក្កដា​ពាក់ព័ន្ធ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​ ១៣ ​ឆ្នាំ​ដោយ​ផ្តល់ប្រាក់​ ៤០០ ​បាត ប្រព្រឹត្ត​នៅ​ឃុំ-ស្រុក​កំរៀង ខេត្តបាត់ដំបង​។

លោក​ ប៊ន់ វណ្ណារ៉ា នាយការិយាល័យ​ទទួល​ផែនការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ប្រាប់​នៅ​ថ្ងៃទី​ ១៥ ​កក្កដា ថា​ជនសង្ស័យ​ឈ្មោះ សំរិទ្ធ សុំ អាយុ​ ៤៩ ​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយវែង ឃុំ​កំរៀង ស្រុក​កំរៀង មាន​របរ​ជា​ជាង​ធ្វើ​លូ ធ្វើ​បង់​សម្រាប់​អង្គុយ និង​ធ្វើ​ព្រះភូមិ​ស៊ីម៉ងត៍​។

ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ច.ល. ដ អាយុ ១៣ ​ឆ្នាំ រស់នៅ ឃុំ​អូរដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។ លោក​បាន​ថ្លែងថា​៖ «​ខាង​នគរបាល​ស្រុក​កំរៀង បាន​នាំខ្លួន​ជនសង្ស័យ​មកដល់​ការិយាល័យ​ខ្ញុំ​ (​នៅ​ថ្ងៃទី​ ១៥ ​កក្កដា​) ហើយ​ខ្ញុំ​បញ្ជូន​បន្តទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ​»​។

លោក​បញ្ជាក់ថា​៖ «​បើទោះ​ជា​ក្មេង​យល់ព្រម​ជាមួយ​ជនសង្ស័យ​ក៏ដោយ តែ​គាត់​បានឱ្យ​លុយ​ក្មេង​ជា​ថ្នូរ​នឹង​ការ​រួមភេទ ដូច្នេះ​នេះ​គឺជា​បទល្មើស​ទិញ​ពេស្យាចារ​កុមារ​ហើយ​»​។

លោក ខាន់ ម៉ៅ នាយផ្នែក​នៃ​អធិការ​ស្រុក​កំរៀង​បាន​ប្រាប់ឱ្យដឹង​តាម​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​នៅ​រសៀល​ថ្ងៃទី​ ១៥ ​កក្កដា​ថា មុន​មាន​ការចាប់ខ្លួន​គឺ​កាលពី​ថ្ងៃទី​ ៩ ​កក្កដា ឆ្នាំ ២០២១ ជនសង្ស័យ​បានឱ្យ​បុរស​ម្នាក់​ឈ្មោះ សុខ នៅ អាយុ ៥៦ ​ឆ្នាំ ឌុប​ក្មេងស្រី​រងគ្រោះ​ទៅ​ផ្ទះ​របស់ខ្លួន​។

បន្ទាប់ពី​ឈ្មោះ សុខ នៅ ឌុប​ក្មេងស្រី​រងគ្រោះ​ទៅ​ដាក់​មុខផ្ទះ​ជនសង្ស័យ បុរស​រូបនោះ​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅវិញ​បាត់ ហើយ​ជនសង្ស័យ​នឹកស្មាន​ថា ឈ្មោះ​នៅ​បាន​ឱ្យ​ប្រាក់​ទៅ​ក្មេងស្រី​រងគ្រោះ​ចំនួន​ ៤០០ ​បាត​រួចហើយ ក៏​រួមភេទ​ជាមួយ​នាង​បាន​សម្រេច​ចំនួន​ ២ ​ដង ហើយ​ជនសង្ស័យ​បាន​ឱ្យ​ក្មេងរងគ្រោះ​ត្រឡប់​ទៅវិញ​។

លោក​បន្តថា ដោយសារ​តែ​មាន​ការសង្ស័យ ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​សួរ​កូន​ (​ក្មេង​រងគ្រោះ​) ​ក៏​ដឹងថា ឈ្មោះ សំរិទ្ធ សុំ បាន​លួងលោម​កូនស្រី​របស់គាត់​ឱ្យប្រាក់​ ៤០០ ​បាត​ ដើម្បី​បាន​រួមភេទ​ជាមួយ​នាង​។

ក្រោយពី​កូនស្រី​រៀបរាប់​ពី​ដំណើររឿង​អស់ហើយ ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​។

លោក​បន្តទៀតថា ក្រោយពី​ទទួលបាន​បណ្តឹង​ពី​ម្តាយ​របស់​ក្មេងរងគ្រោះ​ភ្លាម គឺ​សមត្ថកិច្ច​លោក​បាន​សុំ​យោបល់​ពី​លោក​អធិការ​ស្រុក​កំរៀង និង​ស្នើសុំ​គោលការណ៍​ពី​អយ្យការ​អមសាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​ ១៣ ​កក្កដា ហើយ​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដើម្បី​សាកសួរ​។ បើតាម​លោក ខាន់ ម៉ៅ ​ថា​៖ «​រឿងនេះ​គាត់​សារភាព​ថា ពិតជា​បានរួម​ភេទ​ជាមួយ​ក្មេង​នោះ​មែន​។ គាត់​ឱ្យ​លុយ​ទៅ​ក្មេងរងគ្រោះ​ចំនួន​ ៤០០ ​បាត​»៕