ភ្នំពេញៈ ក្រសួង​សាធារណការ​​ និង​ដឹកជញ្ជូន​នឹង​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​កម្មវិធី​ដក​ពិន្ទុ​បណ្ណបើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង នៅ​ចុងខែ​កក្កដា​នេះ មុនពេល​​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដែល​​គ្រោង​ធ្វើ​នៅ​ដើមឆ្នាំ​ ២០២២ ខាងមុខនេះ​។

គម្រោង​បញ្ជូន​ឯកសារ​នេះ​ បន្ទាប់ពី​ក្រុមការងារ​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមការងារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ​នៃ​ការរៀបចំ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ​ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃទី​ ១៤ ខែ​​កក្កដា ឆ្នាំនេះ​។

អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​​ និង​ដឹកជញ្ជូន លោក ឈួន វ៉ន់ បាន​ថ្លែងថា ដៃគូ​ពាក់ព័ន្ធ​បាននិង​កំពុង​ពន្លឿន​ការរៀបចំ​នីតិវិធី​អនុវត្ត​ការដក​ពិន្ទុ​លើ​បណ្ណបើកបរ​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ​ស្មាតហ្វូន​ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

លោក​បាន​បន្តថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ និង​តភ្ជាប់​ប្រព័ន្ធ ដើម្បីឱ្យ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ឱ្យ​រួចរាល់ មុននឹង​រាយការណ៍​ជូន​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ចុងខែ​កក្កដា ឆ្នាំ​ ២០២១ និង​ទិសដៅ​ប្រើប្រាស់​ផ្លូវការ​នៅ​ដើមឆ្នាំ​ ២០២២​។

លោកស្រី លឹម សុខជា ទីប្រឹក្សា​ជាន់ខ្ពស់​អង្គការ​សម្ព័ន្ធ​ ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (CRY) ​បាន​ថ្លែងថា ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ដកពិន្ទុ​បណ្ណ​បើកបរ​នឹង​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជួយ​ពង្រឹងស្មារតី​ដល់​អ្នកបើកបរ​នៅតាម​ដងផ្លូវ​សាធារណៈ​។

លោកស្រី​ថា​៖ «​ប្រសិនបើ​ឈានដល់​ការអនុវត្ត​នៅ​ដើម​​ឆ្នាំ​ ២០២២ វា​ជា​ផ្នែក​ ១ ​ជំរុញ​ឱ្យ​មាន​សុវត្ថិភាព​អ្នកបើកបរ ព្រោះ​អ្នកបើកបរ​នឹង​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ក្នុង​ការបើកបរ​ដោយ​ប្រយ័ត្នប្រយែង បើ​គាត់​មាន​កំហុស​គាត់​នឹង​ប្រឈម​ការដក​ពិន្ទុ​ ឬ​អស់​ពិន្ទុ​ហើយ​គាត់​ត្រូវ​ចំណាយពេល​ច្រើន​ ដើម្បី​រៀនសូត្រ​ឡើងវិញ ហើយ​អ្នកខ្លះ​នឹង​​អាច​អស់​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ​​អ្នក​ដែលមាន​កំហុស​ធំដុំ​»​។

លោកស្រី​បាន​បន្តថា នៅពេល​កម្មវិធី​នេះ​ចូល​ជា​ធរមាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នឹង​ជួយ​ដាស់​ស្មារតី​ដល់​អ្នកបើកបរ​​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​ខណៈ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយចំនួន​ខ្វះ​ការប្រុងប្រយ័ត្ន​ទៅលើ​ការបើកបរ​។

លោកស្រី​ថ្លែងថា​៖ «​នៅ​បណ្តា​ប្រទេស​អាស៊ាន យើង​ឃើញថា កិច្ចការ​នេះ​គេ​អនុវត្ត​រួចហើយ ចំណែក​ប្រជាពលរដ្ឋ​យើង​ភាគច្រើន​អត់​សូវ​យកចិត្ត​ទុកដាក់​លើ​រឿងនេះ​ទេ​ភាគច្រើន​នៅលើ​ដងផ្លូវ​នៅពេល​យើង​មាន​គ្រោះថ្នាក់​យើង​អត់​សូវ​បាន​ឆែក​រក​បណ្ណ​បើកបរ​គាត់ ដូច្នេះ​បើ​គេ​អនុវត្ត​ដក​ពិន្ទុ​បណ្ណបើកបរ នោះ​គាត់​នឹង​បារម្ភ បើ​អត់​មាន​បណ្ណ គាត់​ម៉េច​ហ៊ាន​បើកបរ ហើយ​គាត់​ម៉េច​ហ៊ាន​បើកបរ​លឿន​ខ្លាច​គេ​ដក​ពិន្ទុ ទាំងនេះ​វា​ជួយ​បន្ថយ​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​បាន​»​។

យ៉ាងណា​ក៏ដោយ លោកស្រី ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ផ្សព្វផ្សាយ​ពី​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ​ឱ្យបាន​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ មុន​ឈានដល់​ការអនុវត្ត ឬ​ផាកពិន័យ​។

បើតាម​ក្រសួង​សាធារណការ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ​ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​អាច​ចាប់យក​រូបភាព​យានយន្ត​ដែល​បើកបរ​ល្មើសច្បាប់​ដោយ​ការស្កេន​លើ​បណ្ណ​បើកបរ​ ដើម្បី​កាត់បន្ថយ​ពិន្ទុ​ចំពោះ​អ្នកបើកបរ​យានយន្ត​ខុសច្បាប់​ទៅតាម​ស្ថាន​នៃ​បទល្មើស​រួមមាន មិន​ពាក់​ខ្សែក្រវាត់​​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ផ្ទុក​មនុស្ស​លើស​កំណត់ ឬ​ល្មើស​ភ្លើង​សញ្ញា ជាដើម​។

យោងតាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បាន​កំណត់​ឱ្យ​គ្រប់​បណ្ណ​បើកបរ​ត្រូវមាន​ពិន្ទុសរុប​ ១២ ​ពិន្ទុ ហើយ​ចំនួន​ពិន្ទុ​នេះ​ត្រូវ​កាត់បន្ថយ​ទៅតាម​ស្ថាន​នៃ​ការប្រព្រឹត្ត​បទល្មើស​ចរាចរណ៍​ចាប់ពី​ ១ ​ពិន្ទុ​ដល់​ ៦ ​ពិន្ទុ ហើយ​ក្នុងករណី​អស់​ពិន្ទុ គឺ​បណ្ណ​បើកបរ​នោះ​ត្រូវ​ទុក​​ជាមោឃៈ​។

ក្នុង​ករណី​អ្នកបើកបរ​ចង់បាន​បណ្ណ​បើកបរ​ថ្មី​គឺ​ត្រូវ​រៀន​ និង​ប្រឡង​យក​បណ្ណ​បើកបរ​ជាថ្មី​ឡើងវិញ ក្នុង​រយៈពេល​យ៉ាងតិច​ ៦ ​ខែ គិត​ចាប់​តាំង​​ពីថ្ងៃ​ដែល​បណ្ណ​បើកបរ​ត្រូវ​ទុក​ជាមោឃៈ​៕

វីដេអូ៖