ឧត្តរមានជ័យៈ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ពជើងគោក​កាលពី​ម្សិលមិញ​បាន​ចុះ​ពិនិត្យ​ទីតាំង​ ដើម្បី​រៀបចំ​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល និង​មន្ទីរពេទ្យ​ព្យាបាល​កម្រិតធ្ងន់ នៅ​ខេត្ត​ឧត្តរមានជ័យ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ​។

ការចុះពិនិត្យ​ទីតាំង​នេះ​ស្រប​ពេល​ដែល​ខេត្ត​ឧត្តរមានជ័យ គឺជា​ច្រកព្រំដែន​អន្តរជាតិ​មួយ ដែល​មាន​ពលករ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្រុកកំណើត​វិញ​មាន​ចំនួន​ច្រើន គួរឱ្យ​ព្រួយបារម្ភ​ដោយ​ក្នុង​មួយថ្ងៃ​ចន្លោះ​ពី ២០០ ទៅ​៤០០ នាក់​។

ជាមួយ​គ្នា​នេះដែរ លោក ហ៊ុន ម៉ានិត ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារ​ចេញ-ចូល​ប្រទេស​រួម​នឹង​លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ​កាលពី​ថ្ងៃទី ១៣ ខែកក្កដា បាន​ចុះ​ពិនិត្យ ទីតាំង​មណ្ឌល​ចត្តាឡីស័ក​ពហុកីឡដ្ឋាន​ខេត្ត និង​ត្រៀម​ពង្រីក​មណ្ឌល​ចត្តាឡីស័ក​ចំនួន​​ ២ ​បន្ថែមទៀត​។

សូម​ជម្រាបជូន​ថា គិត​ត្រឹម​ថ្ងៃទី ១៥ ខែ​កក្កដា​នេះ ខេត្ត​ឧត្តរមានជ័យ​មាន​អ្នកជំងឺ​កូវីដ​ ១៩ សរុប​ចំនួន ២ ៣១៩ ​នាក់ ករណី​នាំចូល​ពី​បរទេស​ចំនួន ២ ១៥៧ ​នាក់ និង​ករណី​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ “​សហគមន៍ ២០ កុម្ភៈ​” ចំនួន ១៦២ ​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៤៩០ នាក់ ករណី​ស្លាប់​ចំនួន ៦ ​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១ ៨២៣ ​នាក់​។

ដោយឡែក ចំនួន​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ខេត្ត​ឧត្តរមានជ័យ​នៅ​ថ្ងៃទី ១៥ ខែកក្កដា​មាន​ចំនួន ១៧៧ ​នាក់​ក្នុង​នោះ​ស្រី ៧៥ ​នាក់​៕