ភ្នំពេញៈ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ​បាន​ប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​លើក​ទី៦៣ ជូន​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ជាង ៣ ពាន់​នាក់ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ដោយសារ​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី ១៥ កក្កដា​បាន​ឱ្យដឹងថា ការផ្តល់ជូន​សាច់ប្រាក់​ឧបត្ថម្ភ​លើក​ទី៦៣ នេះ​មាន​កម្មករនិយោជិត​ចំនួន ៣ ១៨០ ​នាក់​នៃ​រោងចក្រ សហគ្រាស​ចំនួន ៣២ នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​បាន​ទទួល​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យា​ការងារ​ស្របតាម​ស្មារតី​ជុំ​ទី ៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។

សេចក្តី​ជូនដំណឹង​បន្តថា ធនាគារ​ឯកទេស​វីង នឹង​ផ្ញើសារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរស័ព្ទ ដែល​កម្មករ​បាន​ផ្ដល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ សហគ្រាស​នាពេល​កន្លងមក​។

បើតាម​ក្រសួង​ការងារ ប្រាក់ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ​ក្នុង​នោះ​កម្មករ​ម្នាក់​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៦០ ៧៥០ រៀល (១៥ ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល ៧ ថ្ងៃ ដល់ ១០ ថ្ងៃ​។

ទទួលបាន ១២១ ៥០០ រៀល (៣០ ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១១ ថ្ងៃ ដល់ ២០ ថ្ងៃ និង​ទឹកប្រាក់​ចំនួន ១៦២ ០០០ រៀល (៤០ ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១ ថ្ងៃ ដល់ ១ ខែ​។

ក្រសួង​រំឭកថា​៖ «​ធនាគារ​ឯកទេស​វីង​នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិន​ជា​បងប្អូន​ខកខាន​មិន​បាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០ ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វីង​»​។

ក្រសួង​ការងារ​បញ្ជាក់ថា​៖ «​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅ​កាន់​ភ្នាក់ងារ​វីង ដែល​នៅ​ជិត​បំផុត ហើយ​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វីង​ឡើយ ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​»៕

វីដេអូ៖