ព្រៃវែងៈ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​សម្រេច​បិទ​ខ្ទប់​ភូមិ ព្រៃស្ទរ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ជា​បណ្ដោះ​អាសន្ន រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ ២០២១ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ច្រើន ចូល​ក្នុង​ភូមិ​នេះ។

សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ដោយ​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែកក្កដា មាន​កម្មករ​រោងចក្រ​កាត់ដេរ អរិន មេនូហ្វេកធឺរីង (ខ្មែរ) ឆ្លង​ជំងឺ​កូវីដ ១៩ និង​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​ក្នុង​ស្រុក​កំចាយមារ ដែល​អាជ្ញាធរ ឃុំ ស្រុក កំពុង​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ផ្ទាល់ និង​ប្រយោល ចាត់​វិធានការណ៍​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល។

ដោយឡែក ចំពោះ​ភូមិ​ព្រៃស្ទរ ​ឃុំ​ស្មោងជើង មាន​ចំនួន​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​កូវីដ ១៩ ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ ដែល​តម្រូវ​អាជ្ញាធរ និង​ជំនាញ​ពាក់​ព័ន្ធ​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា វិធានការ​បិទ​ខ្ទប់​នេះ ដើម្បី​បង្ការ​ទប់ស្កាត់ និង​កាត់​ផ្តាច់​នូវ​ការ​ចម្លង​នៃ​ជំងឺ​កូវីដ ១៩ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ទៀត ក៏​ដូចជា​ដើម្បី​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់​ធ្នាប់​សង្គម៕