ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ​បាន​បង្ហាញ​អំពី​សមិទ្ធផល និង​វឌ្ឍនភាព​របស់​កម្ពុជា​ក្នុង​វិស័យ​សិទ្ធិមនុស្ស នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹងថា អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​រយៈពេល​ ៤ សប្តាហ៍​នេះ​ចាប់ពី​ថ្ងៃទី​ ២១ ខែមិថុនា ដល់​ថ្ងៃទី​ ១៤ ខែកក្កដា ឆ្នាំ​ ២០២១ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចូលរួម​ថ្លែង​បទ​អន្តរាគមន៍​ចំនួន​ ១៧ ​លើក ដោយបាន​លើក​បង្ហាញ​អំពី​សមិទ្ធផល និង​វឌ្ឍនភាព​ក្នុង​ទិដ្ឋភាព​ច្បាប់ គោលនយោបាយ និង​ការអនុវត្ត​ជាក់ស្ដែង​នានា​របស់​កម្ពុជា​ក្នុង​វិស័យ​សិទ្ធិមនុស្ស​។

នៅក្នុង​អង្គប្រជុំ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​លើកឡើង​ពី​សមិទ្ធផល​ជាច្រើន ពាក់ព័ន្ធ​វិស័យ​សិទ្ធិមនុស្ស រួមមាន​ការការគ្រប់គ្រង​ជំងឺ​កូវីដ ១៩ វិស័យ​សុខាភិបាល សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ ការអប់រំ និង​ការកាត់ទោស ចំពោះ​អ្នកជួញដូរ​គ្រឿងញៀន​ជាដើម​។

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​ថ្លែងថា ក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូវីដ​ ១៩ គ្មាន​នរណាម្នាក់​អាច​មាន​សុវត្ថិភាព​បានទេ លុះត្រាតែ​មនុស្ស​គ្រប់គ្នា​មាន​សុវត្ថិភាព​។

វ៉ាក់សាំង​កូវីដ​ ១៩ ត្រូវតែ​ជា​ទំនិញ​សាធារណៈ​សកល ដែល​ត្រូវ​ចែកចាយ​ក្នុង​ស្មារតី​មនុស្សធម៌​ដល់​ប្រទេស​ទាំងអស់​។

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​ចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ ដោយ​ឥតគិតថ្លៃ​នៅ​កម្ពុជា​រួមទាំង​សម្រាប់​ជនបរទេស​ផងដែរ​នោះ សម្រេច​បាន​ជាង ៥២% នៃ​ប្រជាជន​គោលដៅ​គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែ​កក្កដា ឆ្នាំ​ ២០២១»​។

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បន្ត​ថា ដើម្បី​ទ្រទ្រង់​ដល់​ជីវភាព​គ្រួសារ ដែល​រងគ្រោះ​ខ្លាំង​បំផុត រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដោយ​ផ្អែកលើ​គោលការណ៍​សមធម៌ សមភាព និង​ប្រសិទ្ធភាព​។

«​កញ្ចប់​គាំពារ​សង្គម​ជាច្រើន​ទៀត​កំពុងតែ​ត្រូវបាន​អនុវត្ត ដើម្បី​ជួយ​សម្រួល​ដល់​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៅក្នុង​តំបន់​បិទខ្ទប់​»​។

ទាក់ទង​នឹង​សិទ្ធិ​ទទួល​បាន​លំនៅឋាន កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដីធ្លី​គ្រប់​ជ្រុងជ្រោយ ដូចជា ដីសម្បទាន​សង្គមកិច្ច ការបែងចែក​ដីធ្លី​សម្រាប់​ការអភិវឌ្ឍ​សង្គម​និង សេដ្ឋកិច្ច ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ និង​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ក្នុង​គោលបំណង​លើកកម្ពស់​លទ្ធភាព​របស់​ប្រជាជន​ក្នុង​ការទទួល​បាន​ដី និង​លំនៅឋាន ប្រកបដោយ​ចីរភាព និង​ទំនួល​ខុសត្រូវ​សង្គម​។

ជាមួយ​គ្នា​នេះ ស្ថាន​បេសកកម្ម​កម្ពុជា​ក៏​បាន​លើកឡើង​ពី​អត្រា​ជំងឺ​ហង់សិន​ ឬ​ឃ្លង់ មាន​កម្រិត​ទាប​នៅ​ប្រទេស​កម្ពុជា​ផងដែរ ដោយ​ការលុបបំបាត់​ជំងឺ​នេះ នៅតែ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​។

មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគ​របង និង​ហង់សិន​បាននិង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ព្យាបាល​អ្នកជំងឺ ដោយ​មិន​គិតថ្លៃ ជាមួយ​នឹង​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​។

ជា​រដ្ឋភាគី​នៃ​អនុសញ្ញា​ស្តីពី “​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ស្ត្រីភេទ​" (CEDAW) កម្ពុជា​ប្ដេជ្ញា​លុបបំបាត់​ការរើសអើង​ប្រឆាំង​ស្ត្រី និង​ក្មេងស្រី តាមរយៈ​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គាំពារ​សង្គម​ជាច្រើន ក៏ដូចជា​ការផ្តល់ជូន​សេវា​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​នៅតាម​កន្លែង​ជាច្រើន ដល់​ស្ត្រី​។ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDGs) កម្ពុជា​ផ្តល់​សារៈសំខាន់​យ៉ាងខ្លាំង​ដល់​ការលុបបំបាត់​រាល់​អំពើហិង្សា​លើ​ស្ត្រី​ និង​កុមារី រួមទាំង​ការរំលោភ​សេពសន្ថវៈ​។

ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​បន្តទៀតថា នៅ​កម្ពុជា អ្នកជួញដូរ​គ្រឿងញៀន​ត្រូវ​ប្រឈម​នឹង​បទចោទ ប៉ុន្តែ​មិនត្រូវ​បាន​ផ្តន្ទាទោស​ប្រហារជីវិត​នោះទេ​។

អ្នកប្រើប្រាស់​គ្រឿងញៀន​គឺជា​ជនរងគ្រោះ ដែល​អាច​ទទួល​បាន​ការព្យាបាល ការប្រឹក្សា​យោបល់​ផ្លូវចិត្ត និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ស្ម័គ្រចិត្ត​នៅ មជ្ឈមណ្ឌល​បន្សាប និង​ស្តារនីតិសម្បទា និង​នៅ​មណ្ឌល​សុខភាព​។

ក្រៅពីនេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​គូសបញ្ជាក់ថា​៖ «​ការធ្វើ​បាតុកម្ម​ខុសច្បាប់ ឬ​បាតុកម្ម​ស៊ីឈ្នួល​ដែល​ដាក់​សម្ពាធ​លើ​ប្រព័ន្ធតុលាការ ឬ​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ពុំមែន​ជា​ការអនុវត្ត សិទ្ធិសេរីភាព​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ​»​។

ចំពោះ​សិទ្ធិ​ទទួល​បាន​ការអប់រំ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​គូសបញ្ជាក់ថា ទោះបីជា​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បាន​រំខាន​ដល់​វិស័យ​អប់រំ​ក៏ដោយ កម្ពុជា​បាន​ធានា​នូវ​ការបន្ត​ការសិក្សា​អប់រំ​នៅតាម​ប្រព័ន្ធ​អនឡាញ​។ «​កម្ពុជា​ត្រូវបាន​អង្គការ​យូណេស្កូ កោតសរសើរ​ថា ជា​ប្រទេសមួយ​ក្នុង​ចំណោម ១៧ ​ប្រទេស ក្នុង​ពិភពលោក ដែល​បានផ្ដល់​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​គ្រូបង្រៀន​»​។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ក្នុង​អំឡុង​សម័យប្រជុំ​លើក​ទី​ ៤៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កម្ពុជា​បាន​ចូលរួម​គាំទ្រ (co sponsor) សេចក្តី​ថ្លែងការណ៍​រួម​ចំនួន ១១ ការសម្រេចចិត្ត (Decision) ចំនួន​ ០១ និង​សេចក្តី សម្រេចចិត្ត​ (Resolution) ចំនួន​ ០៣ លើ​ប្រធានបទ​ជាច្រើន​ក្នុង​វិស័យ​សិទ្ធិមនុស្ស ដូចជា​សិទ្ធិ មនុស្ស​ចាស់ សិទ្ធិ​ជនទេសន្តរប្រវេសន៍ ការបែងចែក​វ៉ាក់សាំង​ដោយ​យុត្តិធម៌​ និង​សមធម៌ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​សិទ្ធិមនុស្ស ការរើសអើង​ជាតិ​សាសន៍​ជា​ប្រព័ន្ធ ជំងឺ​ហង់សិន​ការពង្រឹង​ការចងក្រង​ឯកសារ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ទំនាក់ទំនង​រវាង​ការអភិវឌ្ឍ​ និង​សិទ្ធិមនុស្ស​ជាដើម​៕