ភ្នំពេញៈ ការធ្វើ​តេស្តរហ័ស​រក​អង់ទីហ្សែន​កូវីដ​ ១៩ នៅតាម​ស្ថាប័នរដ្ឋ ឬ​ឯកជន​នានា គួរ​ត្រូវបាន​អនុវត្ត​លើ​បុគ្គលិក​ចំនួន​យ៉ាងតិច​ពី ៥ ​ទៅ​ ១០ ​ភាគរយ​នៃ​បុគ្គលិក​ក្នុង​ស្ថាប័ន​ ឬ​អង្គភាព ដោយ​ក្នុង​សំណាក​នីមួយៗ​ត្រូវ​មាន​បុគ្គលិក ដែល​មាន​ទីតាំង​លំនៅឋាន​មកពី​តំបន់​ខុសៗ​គ្នា​។ នេះ​បើ​យោងតាម​គោលការណ៍​ណែនាំ​ទូទៅ​របស់​រាជរដ្ឋាភិបាល​។

យោង​តាម​គោលការណ៍​ណែនាំ​ទូទៅ​ស្តីពី​ការគ្រប់គ្រង និង​ប្រើប្រាស់​តេស្តរហ័ស​រក​អង់ទីហ្សែន​កូវីដ​ ១៩ បានឱ្យដឹងថា ដើម្បី​រក្សា​និរន្តរភាព​ការងារ នៅតាម​ទីតាំង​មួយចំនួន​ដូចជា គ្រឹះស្ថាន​សេវា​សុខាភិបាល​សាធារណៈ​របស់​រដ្ឋ និង​ឯកជន​, ស្ថាប័ន និង​អង្គភាព​រដ្ឋ​មិនមែន​សុខាភិបាល​, ក្រុមហ៊ុន​ឯកជន​, រោងចក្រ​សហគ្រាស​, ទីផ្សារ​, ធនាគារ​, មណ្ឌល​កម្សាន្ត​នានា និង​ទីកន្លែង​អាជីវកម្ម​ផ្សេងទៀត ដែល​មាន​សារៈសំខាន់ ចំពោះ​កិច្ច​បើក​ដំណើរការ​ពេញលេញ​ឡើងវិញ ការធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ​ ១៩ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការរុករក​វត្តមាន​នៃ​អ្នក​ផ្ទុកមេរោគ​កូវីដ​ ១៩ នៅតាម​ទីតាំង​ទាំងនោះ​។

គោលការណ៍​ដដែល​នេះ​បាន​បញ្ជាក់ថា៖ «​បុគ្គលិក​ទាំងអស់ ដែល​មាន​វត្តមាន​លើ​បរិវេណ​ស្ថាប័ន ឬ​អង្គភាព គួរតែ​ត្រូវ​ទទួល​បាន​ការធ្វើ​តេស្ត​រហ័ស​ជាប្រចាំ យ៉ាងតិច ១ ​ដង ក្នុង​ចន្លោះ ១ ទៅ ២ សប្តាហ៍​។ ស្ថាប័ន ឬ​អង្គភាព​នីមួយៗ ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ច្បាស់លាស់ និង​ទូលំទូលាយ​អំពី​ផែនការ​នៃ​ការធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ​ ១៩ ​របស់ខ្លួន​»​។

ចំពោះ​បុគ្គលិក ដែល​មាន​ហានិភ័យ​ខ្ពស់​ដូចជា​បុគ្គលិក​ដែលមាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​ផ្សេងទៀត ឬ​មនុស្ស​ក្រៅ​ស្ថាប័ន ឬ​អង្គភាព​ច្រើន គួរ​ធ្វើតេស្ត​រហ័ស​ឱ្យ​ញឹកញាប់​លើ​បុគ្គលិក​ទាំងនោះ​។

ប្រសិនបើ​មាន​ករណី​វិជ្ជមាន ឬ​មាន​ការផ្ទុះ​នៃ​ជំងឺ​កូវីដ​ ១៩ ត្រូវ​អនុវត្តតាម​គោលការណ៍ ណែនាំ​ប្រតិបត្តិ​ស្តីពី​ការប្រើប្រាស់​តេស្ត​រហ័ស រក​អង់ទីហ្សែន​កូវីដ​ ១៩ ។

លើសពីនេះ ចំពោះ​ការធ្វើ​តេស្ត​រហ័ស រក​អង់ទីហ្សែន​កូវីដ ​១៩ នៅតាម​ក្រសួង-ស្ថាប័នរដ្ឋ​ទាំងអស់ បន្ទុក​ចំណាយ​ត្រូវ​ទទួល​រ៉ាប់រង​ដោយ​ក្រសួង-ស្ថាប័ន​នីមួយៗ ប្រកប​ដោយ​ស្មារតី​សន្សំសំចៃ និង​គណនេយ្យភាព​ខ្ពស់ តាមរយៈ​ការធ្វើ​និយ័តភាព​ថវិកា​ផ្ទាល់ខ្លួន ដែល​រាជរដ្ឋាភិបាល​បានផ្តល់​ជូន​ស្រាប់ ឬ​តាមរយៈ​ការធ្វើ​វិចារណកម្ម​ថវិកា​ផ្ទៃក្នុង​របស់ខ្លួន​។

គោលការណ៍​ណែនាំ​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ទៀតថា ក្នុង​ករណី​មាន​ការខ្វះខាត ឬ​ករណី​មានការ​ផ្ទុះ​នៃ​ជំងឺ​កូវីដ​ ១៩ ក្រសួង-ស្ថាប័នរដ្ឋ​នីមួយៗ មាន​សិទ្ធិ​ស្នើសុំ​ជំនួយ​ពី​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (គ.អ.ក) ឬ​គោរព​ស្នើសុំ​ផ្ទាល់​ដល់​នាយករដ្ឋមន្ត្រី ដែលជា​ប្រធាន​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.ប.ក​) ទៅតាម​តម្រូវការ និង​ស្ថានភាព​ជាក់ស្តែង​។

រីឯ​ការធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ​ ១៩ នៅតាម​ស្ថាប័ន​ឯកជន​វិញ ម្ចាស់​ស្ថាប័ន​នីមួយៗ​ត្រូវ​ទទួល​រ៉ាប់រង​ដោយ​ខ្លួនឯង ទៅតាម​លទ្ធភាព​របស់​ខ្លួន លើកលែង​តែ​ក្នុងករណី ដែល​រាជរដ្ឋាភិបាល​យល់ឃើញ​ថា មាន​ភាពចាំបាច់​នៅក្នុង​ស្ថាប័ន​ឯកជន​ណាមួយ​ដែល​ការធ្វើ​តេស្ត​រហ័ស​នេះ ត្រូវ​រៀបចំ​ឡើង​ដោយ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ និង​អាចមាន​ការចូលរួម​ពី​ស្ថាប័នឯកជន តាម​គោលការណ៍​ស្ម័គ្រចិត្ត​៕