ស្ទឹងត្រែងៈ អភិបាលខេត្ត​ស្ទឹងត្រែង​លោក ម៉ុម សារឿន អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​លក់ដូរ​របស់​អាជីវករ​ផ្នែក​ខាងក្នុង “​ផ្សារ​សាមគ្គី ស្ទឹងត្រែង​” ស្ថិតនៅ​ភូមិ​ត្រពាំងព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ចាប់ពី​ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំ ២០២១ តទៅ​។

សេចក្តី​ជូនដំណឹង​លោក ម៉ុម សារឿន ចុះ​ថ្ងៃទី​ ១៦ ខែកក្កដា​នេះ បានឱ្យ​ដឹងថា អំឡុងពេល​បើក​ផ្សារ​ឡើងវិញ​នេះ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការគ្រប់គ្រង​សណ្តាប់ធ្នាប់ របៀបរៀបរយ​លក់ដូរ និង​ការទប់ស្កាត់ បង្ការ ការពារ​ទៅនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង និង​ក្នុង​មូលដ្ឋាន​ខេត្ត អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​រដ្ឋបាល​ក្រុង​ស្ទឹងត្រែង ផ្នែក​ជំនាញ​មាន​សមត្ថកិច្ច គណៈ​អាជីវករ​ផ្សារ​ និង​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ចាត់ចែង​អនុវត្ត​វិធានការ​ឱ្យបាន​ខ្ជាប់ខ្ជួន​។

សេចក្តី​ជូនដំណឹង​បន្តថា​៖ «​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ធានា​គ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ ឲ្យ​បាន​ល្អ​ប្រសើរ បញ្ចៀស​បាន​នូវ​បញ្ហា​នៃ​ការកកស្ទះ​ចរាចរណ៍​ធ្វើដំណើរ​ចេញចូល​ទៅ​មក​របស់​ប្រជាពលរដ្ឋ​»​។

សេចក្តី​ជូនដំណឹង​បន្តថា​៖ «​គណៈ​អាជីវករ​ផ្សារ​ត្រូវ​សហការ​ជាមួយ​មន្ទីរជំនាញ​រៀបចំ​ឲ្យ​មាន​ការបាញ់ថ្នាំ​សម្លាប់​មេរោគ ដើម្បី​រួមចំណែក​បង្ការ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»​។

អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ឱ្យ​តាមដាន​សុខភាព​ជាប់​ជាប្រចាំ​ក្នុង​ករណី​សង្ស័យ មាន​ការប៉ះពាល់ ឬ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ ១៩ ត្រូវ​ពិនិត្យ​សំណាក​វត្ថុ​វិភាគ​ឲ្យ​បាន​ទាន់ពេលវេលា ឬ​/​និង អនុវត្ត​វិធានការ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​កំណត់​ជា​ធរមាន​។

ក្នុង​ករណី​ចាំបាច់ គណៈ​អាជីវករ​ផ្សារ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​ជូនដំណឹង និង​ស្នើសុំ អនុវត្ត​វិធានការ​ផ្សេងទៀត​តាម​ការជាក់ស្ដែង​។

សូមជម្រាប​ថា ផ្សារ​សាមគ្គី​ស្ទឹងត្រែង​ស្ថិត​នៅ​ភូមិ​ត្រពាំងព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​ត្រូវ​បាន​ផ្អាក​សកម្មភាព​លក់ដូរ​កាលពី​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​ ២០២១៕