The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្ត​កំពង់ឆ្នាំង​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​ទេសចរ បន្ទាប់ពី​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ​ដាក់​ឱ្យ​ដំណើរការ




ខេត្ត​កំពង់ឆ្នាំង​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​ទេសចរ បន្ទាប់ពី​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ​ដាក់​ឱ្យ​ដំណើរការ

Content image - Phnom Penh Post
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​រង្វង់មូល​រូប សំណាក​ឆ្នាំង និង​ដាំ​ដើមឈើ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង។ រូបថត ក្រសួងព័ត៌មាន

ខេត្ត​កំពង់ឆ្នាំង​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​ទេសចរ បន្ទាប់ពី​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ​ដាក់​ឱ្យ​ដំណើរការ

កំពង់ឆ្នាំងៈ អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ស៊ុន សុវណ្ណារិទ្ធិ ជឿជាក់​ថា ខេត្តកំពង់ឆ្នាំង​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត បន្ទាប់ពី​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ភាគខាងត្បូង ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​។

លោក​បាន​លើកឡើង​បែបនេះ ខណៈ​ដែល​លោក​បាន​ដឹកនាំ​ក្រុមមន្ត្រី​ និង ក្រុមការងារ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​ ៥ ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​រូបសំណាក​ឆ្នាំង​នៅ​រង្វង់​មូល​ត្រង់ចំណុច​ផ្លូវបំបែក វាង​ក្រុង​កំពង់ឆ្នាំង ស្ថិត​ក្នុង​ភូមិ​ព្រៃខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ និង​បាន​ចូលរួម​ដាំ​កូនឈើ​តាម​បណ្តោយ​ផ្លូវភ្លោះ​វាង​ក្រុង ស្ថិត​ក្នុង​ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​ ១៥ ​ខែ​កក្កដា​ឆ្នាំ ​២០២១​។

លោក ស៊ុន សុវណ្ណារិទ្ធិ បាន​បញ្ជាក់ថា ក្រោយពី​ផ្លូវ​នេះ​ត្រូវ​បាន​សាងសង់​រួចរាល់​នឹង​ធ្វើឱ្យ​ខេត្ត​កំពង់ឆ្នាំង​ក្លាយ​ជា​ខេត្ត​ដែលមាន​សក្តានុពល​ផ្នែក​វិស័យ​ទេសចរណ៍ ដែល​មាន​បរិស្ថាន​ស្អាត​ទាក់ទាញ​បាន​នូវ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​។

លោក​បន្តថា​៖ «​ខេត្ត​នឹងមាន​គម្រោង​បន្ថែមទៀត​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ ហើយ​ក៏​សូម​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​សុខ​សុវត្ថិភាព​យើង​ទាំងអស់​គ្នា​។

លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​ ៥ បាន​ឱ្យ​ដឹងថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ​ភាគខាងត្បូង (​ព្រែក​ក្ដាម​ធ្លាម្អម​) មាន​ប្រវែង​សរុប ១៣៥,២៤ ​គីឡូម៉ែត្រ ចាប់ពី​ព្រែកក្តាម (​ខេត្តកណ្តាល​) ដល់​ធ្លាម្អម (​ខេត្តពោធិ៍សាត់​) គឺជា​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​ AC ចែកជា​ ៤ ​គន្លង​ ២ ​ទៅ​ ២ មក​គ្រោង​សាងសង់​រយៈពេល​ ៤៨ ​ខែ​ជា​គម្រោង​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន រួមជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បន្តថា ការស្តារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​កំណើន​នៃ​ការអភិវឌ្ឍ វិនិយោគ និង​ទេសចរណ៍ ព្រមទាំង​អាច​កាត់បន្ថយ​គ្រោះថ្នាក់ និង​ការកកស្ទះ​ចរាចរណ៍​បាន​យ៉ាងច្រើន​។

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ឱ្យ​ដឹងថា សម្រាប់​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​មាន​ផ្លូវ​វាង​ចំនួន​ ៣ ​កន្លែង​គឺ​ទីតាំង​ទី​ ១ ក្នុង​ភូមិ​ផ្សារត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ត្រង់​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​សាងសង់​រូបសំណាក​ព្រះគោ​ព្រះកែវ​។

ទីតាំង​ទី ​២ ក្នុង​ភូមិ​ព្រៃខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ត្រង់ចំណុច​ផ្លូវបំបែក​វាង​ក្រុង​កំពង់ឆ្នាំង កំពុង​សាងសង់​រូបសំណាក​ឆ្នាំង និង​ផ្លូវ​វាង​ទី​ ៣ ក្នុង​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ត្រង់​ចំណុច​ចុង​ផ្លូវ​វាង​ក្រុង​កំពង់ឆ្នាំង​បាន​សាងសង់​រូប​នារី​ស្មូនឆ្នាំង​៕

អត្ថបទគួរចាប់អារម្មណ៍