ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ពី​ការ​ដក​តំណែង លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ក្រោយ​ពី​មន្ត្រី​រូប​នេះ បាន​បង្ហោះ​សារ​ផ្ចាញ់ផ្ចាល​មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប ដែល​ទើប​តែ​បាន​ទទួល​មរភាព។

លោក​នាយក​រដ្ឋមន្រ្តី បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី ១៦ ខែ​កក្កដា​នេះ​ថា៖ «ខ្ញុំ​បាន​ចូលរួម​រំលែក​ទុក្ខ​តាមរយៈ​លោក​ជំទាវ ម៉ែន សំអន ចំពោះ​មរណភាព បង ហុង ថែម ដែល​ជា​មន្ត្រី​មួយ​រូប បាន​រួម​ចំណែក​កសាង​ប្រទេស​តាំង​ពី​បាត​ដៃ​ទទេ​នា​ឆ្នាំ ១៩៧៩»។

លោក​បន្ត​ថា៖ «ខ្ញុំ​មិន​នឹក​ស្មាន​ដល់​សោះ​ថា ខ្ញុំ​មាន​មន្ត្រី​មួយ​រូប​ ថ្នាក់​រដ្ឋលេខាធិការ​បង្ហោះសារ​ផ្ចាញ់ផ្ចាល​ចំពោះ​សព សូម្បី​តែ​លោក​ជំទាវ ម៉ែន សំអន សុំ​ឱ្យ​ដក​ចេញ​ក៏​មិន​ព្រម​ដក​ដែរ»។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ខ្ញុំ​មិន​អាច​ទុក លោក ឌុច សុវណ្ណារី ឱ្យ​នៅ​ជា​រដ្ឋលេខាធិការ​ក្រសួង​បាន​តទៅ​ទៀត​ទេ គឺ​ត្រូវ​ដក​ចេញ​ពី​តំណែង​ ព្រោះ​លោក​មិន​ស័ក្ដិសម​ជា​មន្ត្រី​ដឹកនាំ​ទៀត​ដោយ​ខ្វះ​គុណធម៌»។

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា លោកស្រី ម៉ែន សំអន បាន​ចូលរួម​បុណ្យ​សព​លោក ហុង ថែម ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២១។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី ម៉ែន សំអន បាន​បង្ហោះ​សារ​ថា៖ «ឯក​ឧត្តម ហុង ថែម ទីប្រឹក្សា​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដែល​បាន​ទទួល​មរណៈភាព​កាល​ពី​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ ក្នុង​ជន្មាយុ ៨៦ ឆ្នាំ ដោយ​ជរាពាធ»។

លោកស្រី​បន្ត​ថា មរណភាព​របស់​លោក ហុង ថែម គឺ​ជា​ការ​បាត់បង់​នូវ​ថ្នាក់​ដឹកនាំ​ប្រកប​ដោយ​ចំណេះដឹង បទពិសោធន៍ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​កសាង​ស្ថាប័ន បម្រើ​ជាតិ មាតុភូមិ រហូត​សម្រេច​បាន​នូវ​ស្នាដៃ​ជាច្រើន​ក្នុង​ក្របខ័ណ្ឌ​ការងារ​ជំនាញ​ជា​បន្តបន្ទាប់៕

វីដេអូ៖