ភ្នំពេញៈ យោង​តាម​ការ​បង្ហាញ​នៅ​ក្នុង​គោលការណ៍​ណែនាំ​ទូទៅ​ស្តីពី​ការ​គ្រប់គ្រង និង​ប្រើ​ប្រាស់ តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ ១៩ ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ដាក់​ឱ្យ​ប្រើ​ប្រាស់​ កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា បាន​ឱ្យ​ដឹង​ថា តាម​ការ​ប៉ាន់​ស្មាន ក្នុង​ខែមិ​ថុនា ឆ្នាំ ២០២១ ​នេះ នៅ​ទូទាំង​ប្រទេស​កម្ពុជា ការ​ប្រើ​ប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ ១៩ មាន​ប្រមាណ ៦០% នៃ​ចំនួន​តេស្ត​ដែល​បាន​ធ្វើ​សរុប។

យោង​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ចំនួន​អ្នក​ផ្ទុក​មេរោគ​កូវីដ​១៩ ដែល​បាន​រក​ឃើញ​តាម​រយៈ​ការ​ប្រើ​ប្រាស់​តេស្ត​រហ័ស រក​អង់ទីហ្សែន​កូវីដ ​១៩ មាន​ប្រមាណ ៧៥% នៃ​ចំនួន​ករណី វិជ្ជមាន​សរុប​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២១ កន្លង​មក​នេះ។

ទិន្នន័យ​នេះ​បង្ហាញ​ថា ការ​ប្រើប្រាស់ តេស្ត​រហ័ស​រក​អង់ទីនហ្សែន​កូវីដ​ ១៩ មាន​សមត្ថភាព​អាច​ជួយ​ចែក​រំលែក បន្ទុក​របស់​ម៉ាស៊ីន​តេស្ត PCR ក្នុង​ការ​កំណត់​រុក​រក​អ្នក​ផ្ទុក​មេរោគ​កូវីដ ១៩ ដែល​ជា​កាលានុវត្តភាព​ថ្មី​មួយ​បន្ថែម​ទៀត ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហគមន៍ នា​ពេល​បច្ចុប្បន្ន។

តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ ១៩ គឺ​ជា​ប្រភេទ​តេស្ត​មួយ ដែល​អាច​ផ្តល់​លទ្ធផល​អំពី​វត្តមាន មេរោគ​កូវីដ​ ១៩ ចំពោះ​អ្នក​ជំងឺ​ដែល​គ្មាន​រោគ​សញ្ញា និង​មាន​បរិមាណ​មេរោគ​កូវីដ​១៩ ក្នុង​កម្រិត​ខ្ពស់ ផ្ទុក​ក្នុង​ខ្លួន ហើយ​លទ្ធភាព​នៃ​ការ​ចម្លង​ពី​អ្នក​ផ្ទុក​មេរោគ​កូវីដ​ ១៩​ នោះ ទៅ​បុគ្គល​ផ្សេង​ទៀត កំពុង​តែ​ខ្លាំងក្លា (ជា​ទូទៅ នៅ​ចន្លោះពី ០១ ទៅ ០៣ ថ្ងៃ​មុន​ចេញ​រោគ​សញ្ញា និង​ក្នុង​អំឡុង​ពេល ០៥ ទៅ ០៧ ថ្ងៃ​ដំបូង​បន្ទាប់​ពី​ចេញ​រោគ​សញ្ញា)។

បន្ថែម​ពី​លើ​នេះ លទ្ធផល​នៃ​តេស្ត​នេះ នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​រយៈពេល​ដ៏​ខ្លី​ពី ១៥ ទៅ ៣០ នាទី អាស្រ័យ​លើ​ប្រភេទ​ផលិតផល​តេស្ត និង​មិន​តម្រូវ​ឱ្យ​មាន​អ្នក​ជំនាញ ឬ​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ ពិសោធន៍​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ឧបករណ៍​តេស្គ​រហ័ស​ទាំង​នេះ មិន​មាន​ភាព​ត្រឹម​ត្រូវ (Accuracy Rate) ខ្ពស់ ដូចការ​ធ្វើ​តេស្ត PCR នោះ​ទេ។

យោង​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភព​លោក ជាទូទៅ ឧបករណ៍​តេស្ត​រហ័ស ដែល​អាច​យក​មក​ប្រើ​ប្រាស់​បាន ត្រូវ​មាន​អត្រា​កំណត់​ភាព​ជាក់​លាក់ (Specificity) យ៉ាងតិច ៩៧% (មាន​សមត្ថភាព​កំណត់​ករណី​អវិជ្ជមាន​ពិត យ៉ាងតិច ៩៧%) និង​អត្រា​កំណត់​ភាព រំញោច (Sensitivity) យ៉ាង​តិច ៨០% (មាន​សមត្ថភាព​ផ្តល់​លទ្ធផល​វិជ្ជមាន​ពិត យ៉ាង​តិច ៨០%) ។

អត្រា​កំណត់​ភាព​រំញោច​ត្រឹម ៨០% នេះ​មាន​ន័យ​ថា ឧបករណ៍​តេស្ត​រហ័ស​ទាំង​នេះ អាច​មើល​រំលង​ករណី​វិជ្ជមាន​ពិត​ប្រាកដ ចំនួន​ប្រមាណ ២០ % ដែល​អាស្រ័យ​ទៅ​លើ​កត្តា​មួយ​ចំនួន ដូចជា៖ រយៈពេល​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩, កំហាប់​មេរោគ​នៅ​ក្នុង​សំណាក, គុណភាព និង​ភាព​ត្រឹម​ត្រូវ នៃ​ការ​យក​សំណាក, អង្គធាតុ​មេរោគ​នៃ​សំណាក, និង​ប្រសិទ្ធ​ភាព​នៃ​ឧបករណ៍​តេស្ត​រហ័ស៕