កំពត៖ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្ត​កំពត ​នា​ថ្ងៃ​ដំបូង មាន​គណបក្ស​នយោបាយ​ចំនួន ២ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង ៤ ដែល​បាន​ចេញ​ធ្វើ​សកម្មភាព​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត។ នេះ​បើ​តាម គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចុះ​ថ្ងៃទី ១៦ ខែ​កក្កដា​នេះ បាន​ឱ្យ​ដឹង​ថា ថ្ងៃទី ១ នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្ត​កំពត មាន​គណបក្ស​ចំនួន ២ បាន​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នក​ចូលរួម ២០០ នាក់ មាន​រថយន្ត​ចំនួន ៧០ គ្រឿង និង​ម៉ូតូ ចំនួន ៣០ គ្រឿង។

ចំណែក គណបក្ស​សញ្ជាតិ​កម្ពុជា​មាន​អ្នក​ចូលរួម​សរុប​ចំនួន ២០ នាក់ មាន​រថយន្ត​ចំនួន ២ គ្រឿង និង​ម៉ូតូ​ចំនួន ៥ គ្រឿង។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពត លោក តែ ជិនណារិទ្ធ ដែល​បាន​ចូលរួម​ឃ្លាំ​មើល​សកម្មភាព​ឃោស​នា​នៅ​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​អនុវត្ត និង​គោរព​តាម​វិធានការ​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​បាន​យ៉ាង​ល្អ។

លោក​បាន​បន្ត​ថា៖ «សកម្មភាព​ឃោសនា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សណ្តាប់​ធ្នាប់ និង​បាន​ទៅ​ដល់​គោលដៅ​ដែល​បាន​កំណត់​ដោយ​សន្តិវិធី»។

ការ​ឃោសនា​បោះឆ្នោត​មាន​រយៈពេល ៨ ថ្ងៃ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១ ចាប់​ពី​ម៉ោង ៦:០០ ព្រឹក ដល់​ម៉ោង ១០:០០ យប់ ហើយ​គ្រប់​សកម្មភាព​ឃោសនា​បោះឆ្នោត​ត្រូវ​បញ្ចប់ ២៤ ម៉ោង មុន​ថ្ងៃ​បោះឆ្នោត។

សូម​ជម្រាប​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្ត​កំពត មាន​គណ​បក្ស​នយោបាយ​ចំនួន ៤ ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច៕