The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហ្វូង​សត្វ​ខ្ទីង​ជាច្រើន ត្រូវ​បានឃើញ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​នៅ​កម្ពុជា




ហ្វូង​សត្វ​ខ្ទីង​ជាច្រើន ត្រូវ​បានឃើញ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​នៅ​កម្ពុជា

Content image - Phnom Penh Post
ក្រុម​អ្នកស្រាវជ្រាវ​នៃ​ក្រសួង​បរិស្ថាន​បាន​ថត​ជាប់​ហ្វូង​សត្វខ្ទីង​ជាច្រើន ដែល​មាន​ទាំង​សត្វ​ខ្ទីងធំ និង​សត្វ​ខ្ទីង​តូចៗ ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅក្នុង​ដែនជម្រក​សត្វព្រៃ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។ រូបថត ក្រសួងបរិស្ថាន

ហ្វូង​សត្វ​ខ្ទីង​ជាច្រើន ត្រូវ​បានឃើញ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​នៅ​កម្ពុជា

ក្រុម​អ្នកស្រាវជ្រាវ​នៃ​ក្រសួង​បរិស្ថាន​បាន​ថត​ជាប់​ហ្វូង​សត្វខ្ទីង​ជាច្រើន ដែល​មាន​ទាំង​សត្វ​ខ្ទីងធំ និង​សត្វ​ខ្ទីង​តូចៗ ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅក្នុង​ដែនជម្រក​សត្វព្រៃ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។ វត្តមាន​នៃ​កូន​សត្វខ្ទីង​ជាច្រើន គឺជា​ក្តីសង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​ និង​សម្រាប់​ជីវៈចម្រុះ​ពិភពលោក ខណៈ​សត្វខ្ទីង​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក​។ នេះ​ជា​ការលើកឡើង​របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​នៃ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ១៦ ខែកក្កដា នេះ​។

នៅក្នុង​ហ្វូងខ្ទីង​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ គឺ​មាន​វត្តមាន​កូន​ខ្ទីង​ និង​សត្វ​ខ្ទីង​ជំទង់​ជាច្រើន​ដែល​នេះ​បង្ហាញ​ថា​សត្វ​ខ្ទីង​បន្ត​មាន​វត្តមាន​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា និង​បាន​បន្ត​ពូជ​បង្កើត​កូនតូចៗ​ជាច្រើន​ដែល​ជា​ផ្នែក​មួយ​នៃ​ការរក្សា​បាន​ប្រភេទ​ពូជ​សត្វ​ដ៏កម្រ​របស់​ពិភពលោក​នៅ​កម្ពុជា និង​ការថែរក្សា​បាន​នូវ​ទីជម្រក​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ​រស់នៅ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំនួន​សត្វ​ខ្ទីង​ត្រូវ​បាន​សិក្សា​ថា​មាន​ការថយចុះ​ជាង ៨០% ក្នុង​រយៈពេល​មួយ​សតវត្សរ៍​ចុងក្រោយ​នេះ ហើយ​សត្វ​ខ្ទីង​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រមាណ ៩០% ចាប់ពី​ពាក់កណ្តាល​សតវត្សរ៍​ទី​ ២០ ​មក​។

លោក​បាន​បន្តថា តាម​ការសិក្សា​របស់​អ្នកជំនាញ សត្វ​ខ្ទីង​នៅ​កម្ពុជា​មាន​ការធ្លាក់ចុះ​ប្រមាណ​ជាង ៥០% នៅក្នុង​អំឡុងពេល​ចន្លោះ​ពី​ឆ្នាំ ១៩៦០ មកដល់​ដើម​ឆ្នាំ ១៩៩០​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា៖ «​ចំនួន​នេះ​ត្រូវបាន​រកឃើញ​ថា​មាន​ការធ្លាក់ចុះ​បន្ថែមទៀត​រហូត​មក​ដល់​ពេលនេះ​។ បើទោះបី​ជា​ការសិក្សា​បាន​បង្ហាញថា​ចំនួន​សត្វ​ខ្ទីង​នៅ​កម្ពុជា​មាន​ការថយចុះ​ស្របតាម​និន្នាការ​នៃ​ការថយចុះ​របស់​ពិភពលោក តែ​របាយការណ៍​ប្រជាសាស្ត្រ​សត្វខ្ទីង​មាន​នៅ​ស្ទើរ​គ្រប់​តំបន់​ការពារ​ធម្មជាតិ​នានា​»​។

យោងតាម​ការសិក្សា​របស់​អ្នកជំនាញ បច្ចុប្បន្ននេះ​ចំនួន​ប្រជាសាស្ត្រ​នៃ​សត្វ​ខ្ទីង​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​ចន្លោះ​ពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយ​ក្នុងនោះ បើ​យោងតាម​ទិន្នន័យ​ទីវាល ចំនួន​សត្វ​ខ្ទីង​ពេញវ័យ​អាច​មាន​ចន្លោះ​ពី ៦ ០០០ ទៅ ២១ ០០០ ​ក្បាល​ប៉ុណ្ណោះ​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា បច្ចុប្បន្ននេះ ខ្ទីង​កំពុងមាន​វត្តមាន​រស់​នៅក្នុង​ប្រទេស​ប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃ​ និង​វៀតណាម ប៉ុន្តែ​បាន​ផុត​ពូជ​នៅក្នុង​ប្រទេស​ស្រីលង្កា និង​ប្រទេស​បង់ក្លាដែស ឯ​សម្រាប់​កម្ពុជា​មិនទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ថា​នៅសល់​សត្វ​ខ្ទីង​ចំនួន​ប៉ុន្មាន​ឡើយ​។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា៖ «​ក្រសួង​បរិស្ថាន​នឹង​បន្ត​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ដែល​បាន​សហការ​ក្នុង​កិច្ចការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ ដើម្បី​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​នូវ​ធនធាន​ធម្មជាតិ ព្រៃឈើ​ និង​សត្វព្រៃ​។ ​ក្រសួង​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការបរិភោគ សាច់សត្វ​ព្រៃ និង​កុំ​ជឿថា​បរិភោគ​សាច់សត្វ​ព្រៃ​ផ្តល់នូវ​សុខភាព​ល្អ​»​។

សត្វខ្ទីង ចូលចិត្ត​រស់នៅក្នុង​ព្រៃ​ស្រោង ព្រៃ​ល្បោះ និង​វាលស្មៅ ហើយ​សត្វ​ខ្ទីង​តែងតែ​ចេញ​រកស៊ី​នៅពេល​ព្រឹក និង​ពេល​ល្ងាច​។ សត្វ​ខ្ទីង​ចូលចិត្ត​រស់នៅ​ជា​ហ្វូង ហើយ​អាហារ​របស់​វា គឺ​ល្បះ​ខ្ចី ទំពាំង ស្មៅ និង​វល្លិ៍​ជាដើម​។ សត្វ​ខ្ទីង​ញី​អាច​បង្កើតកូន​បាន​ ១ បន្ទាប់ពី​ពពោះ​រយៈពេល ៩ ​ខែ​។ សត្វខ្ទីង​ញី​ពេញវ័យ​អាច​មាន​ទម្ងន់​រហូតដល់​ជិត ១ តោន ខណៈ​ខ្ទីង​ឈ្មោល​អាច​មាន​ទម្ងន់​ដល់ ១,៥ តោន​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍