ភ្នំពេញ៖ ក្រសួង​យុត្តិធម៌​បាន​ដាក់​ឱ្យ​អនុវត្ត​ប្រកាស​ស្តីពី​បែបបទ​នៃ​ការ​ឃ្លាំមើល​តាម​ដាន ការ​ត្រួត​ពិនិត្យ និង​ការ​បញ្ចូល​ទៅ​ក្នុង​សង្គម​វិញ នៃ​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ក្នុង​គោល​បំណង ដើម្បី​ធានា​ការ​អនុវត្ត និង​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ឱ្យ​មាន​ប្រសិទ្ធភាព សំដៅ​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​នោះ​ឱ្យ​ចូល​ទៅ​រួម​រស់​នៅ​ក្នុង​សង្គម​វិញ។

ប្រកាស​ស្តីពី​បែបបទ​នៃ​ការ​ឃ្លាំមើល​តាម​ដាន ការ​ត្រួត​ពិនិត្យ និង​ការ​បញ្ចូល​ទៅ​ក្នុង​សង្គម​វិញ​នៃ​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ​របស់​ក្រសួង​យុត្តិធម៌​ចុះ​ថ្ងៃទី ១៦ ខែ​កក្កដា​នេះ បាន​ឱ្យ​ដឹង​ថា ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ គឺ​ជា​សមត្ថកិច្ច​របស់​ប្រធាន​សាលា​ដំបូង​នៃ​ទីកន្លែង​ឃុំ​ខ្លួន​ទណ្ឌិត។

ប្រធាន​សាលា​ដំបូង សម្រេច​អំពី​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​តាម​ដីកា​សម្រេច​ដោយ​មាន​សំអាង​ហេតុ បន្ទាប់​ពី​ទទួល​បាន​យោបល់​ពី​គណៈកម្មការជាតិ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ ស្រប​តាម​មាត្រា ៥១៤ មាត្រា ៥១៥ និង​មាត្រា ៥១៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

ប្រធាន​សាលា​ដំបូង មិន​ជាប់​ជំពាក់​នឹង​យោបល់​របស់​គណៈកម្មការជាតិ​នោះ​ទេ។

ប្រកាស​បន្ត​ថា លក្ខខណ្ឌ​ បែបបទ និង​នីតិវិធី​នៃ​កា​រដោះលែង​ដោយ​មាន​លក្ខខណ្ឌ ព្រម​ទាំង​ការ​បញ្ចប់​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​មាន​ចែង​ចាប់​ពី​មាត្រា ៥១២ ដល់​មាត្រា ៥២២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

នៅ​ក្នុង​ដីកា​សម្រេច​ដោះ​លែង ដោយ​មាន​លក្ខខណ្ឌ​ប្រធាន​សាលា​ដំបូង​ត្រូវ​កំណត់​អំពី​បែបបទ​នៃ​ការ​អនុវត្ត និង​រយៈពេល​នៃ​ការ​សាកល្បង​ដែល​មិន​អាច​លើស​ពី​ថិរវេលា​នៃ​ទោស​ដែល​នៅ​សល់ មិន​ទាន់​បាន​ទទួល​ឡើយ។

ប្រធាន​សាលា​ដំបូង សម្រេច​ដោះ​លែង​ទណ្ឌិត ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ​ជា​កាតព្វកិច្ច​មួយ ឬ​ច្រើន។

កាតព្វកិច្ច​ជា​អាទិ៍​ទាំង​នោះ​រួមមាន ទណ្ឌិត​ត្រូវ​បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ ទទួល​ការ​បង្ហាត់​បង្រៀន ឬ​ទទួល​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ រស់នៅ​ក្នុង​ទីកន្លែង​ណា​មួយ​ជា​កំណត់។

ប្រធាន​សាលា​ដំបូង ត្រូវ​បញ្ជាក់​អំពី​សកម្មភាព​ដែល​ហាម​ឃាត់​ដូចជា មិន​ត្រូវ​សេពគប់​ជាមួយ​បុគ្គល​ខ្លះ ពិសេស ចារី សហចារី អ្នក​ផ្ដើម​គំនិត អ្នក​សម​គំនិត ឬ​ជន​រងគ្រោះ​នៃ​បទល្មើស។

មិន​ត្រូវ​កាន់​កាប់ ឬ​យក​តាម​ខ្លួន​នូវ​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ​គ្រប់​ប្រភេទ។

ប្រកាស​បាន​គូស​បញ្ជាក់​ថា ក្នុង​ករណី​ទណ្ឌិត​មិន​អនុវត្ត​តាម​ដីកា​សម្រេច​ស្តីពី​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ប្រធាន​សាលា​ដំបូង អាច​ដក​ហូត​ដីកា​សម្រេច​នោះ និង​អាច​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ទណ្ឌិត​នោះ​មក​អនុវត្ត​ទោស ដែល​នៅ​សេសសល់។

ប្រកាស​បន្ត​ទៀត​ថា ក្រៅ​ពី​ការ​អនុវត្ត​កាតព្វ​កិច្ច​ទាំង​នេះ ទណ្ឌិត​អាច​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​ត្រូវ​គោរព​កាតព្វកិច្ច​មួយ​ ឬ​ច្រើន​ដូចជា​ត្រូវ​គោរព​តាម​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា ឬ​ការ​កោះហៅ​របស់​បុគ្គល​ដែល​ព្រះ​រាជអាជ្ញា​បាន​ប្រគល់​អំណាច​ឱ្យ។

ត្រូវ​ជូន​ដំណឹង​ដល់​ព្រះរាជអាជ្ញា អំពី​ការ​ផ្លាស់ប្ដូរ​មុខ​របរ​របស់​ខ្លួន និង​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា មុន​ពេល​ធ្វើ​ដំណើរ​ទៅ​បរទេស។

ព្រះ​រាជអាជ្ញា​នៃ​សាលា​ដំបូង​ដែល​បាន​ចេញ​ដីកា​សម្រេច​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ ប្រើប្រាស់ សិទ្ធិ​អំណាច​របស់​ខ្លួន​តាម​ច្បាប់ ដើម្បី​ធានា​ដល់​ការ​អនុវត្ត​ដីកា​សម្រេច​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ ព្រមទាំង​អាច​ចាត់​វិធានការ​ចាំបាច់​នានា ដើម្បី​ឃ្លាំមើល​ តាមដាន និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ដីកា​សម្រេច​នោះ។

គណៈកម្មការជាតិ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ ត្រូវ​បាន​ប្រគល់​ភារកិច្ច ដើម្បី​សហការ​ជាមួយ​ស្ថាប័ន​សាធារណៈ ស្ថាប័ន​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត សំដៅ​ជួយ​ដល់​ការ​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ឱ្យ​ចូល​ទៅ​រួម​រស់​នៅ​ក្នុង​សង្គម​វិញ។

ប្រកាស​ដដែល​បន្តទៀត​ថា នាយកខុទ្ទកាល័យ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ្រប់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អគ្គាធិការ អគ្គាធិការដ្ឋាន​កិច្ចការ​តុលាការ និង​ប្រធាន​គ្រប់​អង្គភាព​ចំណុះ​ក្រសួង​យុត្តិធម៌ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ប្រកាស​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ៕

វីដេអូ៖