ភ្នំពេញៈ មន្ទីរសុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​ធ្វើ​ពិធី​បុណ្យ​សព​ដោយ​កម្រិត​អ្នក​ចូលរួម​ត្រឹម​ ១០​នាក់ប៉ុណ្ណោះ និង​តម្រូវ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​សុខាភិបាល។

សេចក្តីជូន​ដំណឹង​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចេញ​ថ្ងៃ​ទី១៦ ខែ​កក្កដា បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​មន្ត្រី​សុខាភិបាល​បាន​វេច​ខ្ចប់​សពអ្នក​ជំងឺ​កូវីដ១៩ បាន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស​រួច​រាល់ ក្រុម​គ្រួសារ​សព​អាច​ទទួល​យក​សព​ទៅ​បូជា​នៅ​កន្លែង​ដែល​បាន​កំណត់​ដែលមាន​ទីតាំង ៤ កន្លែង​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

ក្នុង​សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា ទីតាំង​ទាំង ៤ កន្លែង​នោះ​មាន វត្ត​អង្គ​តាមិញ ស្ថិត​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ១ ខណ្ឌ​ពោធិ៍សែនជ័យ វត្ត​គោក​បញ្ជាន់ ស្ថិត​នៅ​ផ្លូវ​វេង​ស្រេង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែនជ័យ វត្ត​ជន្លង់​ម្លូ ស្ថិត​នៅ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះរទេះ ខណ្ឌ​កំបូល និង​វត្ត​ក្រាំង​ធ្នង់ ស្ថិត​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ។

ក្នុង​សេចក្តី​ជូន​ដំណឹង​សរសេរ​ថា «ក្រុម​គ្រួសារ​បង​ប្អូន​សាច់​ញាតិ​របស់​សព​អ្នក​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព បាន​ត្រឹម​តែ ១០​នាក់​ប៉ុណ្ណោះ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​សុខាភិបាល។

លោក កើត ឆែ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នាព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា​ថា ការ​បូជា​សព​អ្នក​ជំងឺ​កូវីដ១៩ សព្វ​ថ្ងៃ​នេះ នៅ​រាជធានី​ភ្នំពេញ គឺ​ធ្វើ​នៅ​តាម​វត្ត​អារាម​នៅ​ឡើយ ដោយសារ​តែ​កន្លែង​បូជា​សព​នៅ​ខេត្ត​កំពង់ស្ពឺ កំពុង​តែ​ធ្វើ​ការ​ស្ថាបនា​ផ្លូវ​ទៅ​កាន់​ទីតាំង​បូជា​សព​ដែល​មាន​ផ្ទៃដី​ប្រមាណ​ជា ៧០ ហិកតា៕