
មន្ត្រីសុខាភិបាលចុះបញ្ជីរឈ្មោះអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩។ រូបថត រ៉ាហ៊ីម
ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីផ្តល់ប្រឹក្សាយោបល់ និងតម្រង់ទិសការងារដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ១៩ ផ្តល់យោបល់លើពិធីសារសិក្សា និងវាយតម្លៃទាក់ទងនិងការចាក់វ៉ាក់សាំងជាដើម។
លិខិតរបស់រាជរដ្ឋាភិបាលចេញថ្ងៃទី១៦ ខែកក្កដា បានសម្រេចបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលមានក្រុមប្រឹក្សានាយក និងក្រុមការងារប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩។ ក្នុងនោះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលជាប្រធានក្រុមប្រឹក្សានាយក លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាអនុប្រធាន និងមានសមាជិក ៣នាក់។
ចំណែកក្រុមការងារប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩ គឺជាសេនាធិការឱ្យក្រុមប្រឹក្សានាយក ដែលមានលោកបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមជាប្រធាន លោកសាស្ត្រាចារ្យរង អ៊ា ប៉ នាយករងវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ ជាអនុប្រធាន លោក បណ្ឌិត បូរី សុថ្ថាវីរៈ ប្រធានការិយាល័យស្រាវជ្រាវ និងផែនការនៃមហាវិទ្យាល័យឱសថសាស្ត្រ ជាអនុប្រធាន និងមានសមាជិក ៦នាក់។
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្រុមការងារប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩ មានផ្នែកគាំទ្រលើការសិក្សា និងវាយតម្លៃលើការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ៤ដូចជា ផ្នែកការងារស្រាវជ្រាវឯកសារ និងសរសេរពិធីសារដឹកនាំដោយលោកបណ្ឌិត លាង ឬទ្ធា ផ្នែកការងារទទួលបន្ទុកការងារមន្ទីរពិសោធន៍ ដឹកនាំដោយលោក ជិន សាវុធ ផ្នែកការងារទទួលបន្ទុកប្រមូល និងវិភាគទិន្នន័យ ដឹកនាំដោយលោកបណ្ឌិត បូរី សុថ្ថាវីរៈ និងផ្នែកការងារសរសេររបាយការណ៍ ដឹកនាំដោយលោកសាស្ត្រាចារ្យរង អ៊ា ប៉។
សេចក្តីសម្រេចសរសេរថា «សមាសភាពជាក់ស្តែងរបស់ផ្នែកទាំង ៤នេះ ត្រូវកំណត់ដោយសេចក្តីសម្រេចដោយឡែករបស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស»។
ក្រុមការងារដឹកនាំ និងប្រតិបត្តិការលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩ មានភារកិច្ច ផ្តល់ប្រឹក្សាយោបល់ និងតម្រង់ទិសការងារដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ១៩ ផ្តល់ប្រឹក្សាយោបល់លើពិធីសារសិក្សា និងវាយតម្លៃទាក់ទងនិងការចាក់វ៉ាក់សាំងកូវីដ១៩ ពិនិត្យផ្តល់ប្រឹក្សា និងអនុម័តលើរបាយការណ៍នៃការសិក្សា និងវាយតម្លៃ។
បង្កើតពិធីសារសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ រួមមាន រៀបចំវិធីសាស្ត្រ ឧបករណ៍ប្រមូល-វិភាគទិន្នន័យសិក្សា និងវាយតម្លៃទាក់ទង នឹងការចាក់វ៉ាក់សាំងកូវីដ១៩ ដឹកនាំនិងសម្រេចសម្របសម្រួលការងារសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ វិភាគនិងរៀបចំរបាយការណ៍សិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធានក្រុមប្រឹក្សានាយក។
ក្នុងសេចក្តីសម្រេចសរសេរថា «ក្រុមការងារនេះ អាចអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ អ្នកឯកទេស ឬផ្នែកឯកជនចូលរួមប្រជុំ និងប្រឹក្សាយោបល់ទៅតាមតម្រូវការចាំបាច់»។
រាល់ការចំណាយពាក់ព័ន្ធការសិក្សា ការចាក់វ៉ាក់សាំងកូវីដ១៩ ប្រើកញ្ចប់ថវិកាជាតិ ដោយរៀបចំសំណើដាក់ជូនប្រធានគណៈប្រចាំការនៃ គ.ប.ក ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។
សេចក្តីសម្រេចរាជរដ្ឋាភិបាលបញ្ជាក់ថា អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមប្រឹក្សានាយក ព្រមទាំងប្រធាន អនុប្រធាន និងសមាជិក នៃក្រុមការងារប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវចូលរួមប្រជុំក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩ តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សានាយក។ ក្នុងករណីប្រធានក្រុមប្រឹក្សានាយកអវត្តមាន ឬមានធុរៈ អនុប្រធានក្រុមប្រឹក្សានាយកដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំ និងដឹកនាំកិច្ចប្រជុំជំនួសបាន៕