កំពង់ឆ្នាំងៈ សំណង់​ប្រព័ន្ធ​ធារាសាស្រ្ត​លំហាច ស្ថិត​ក្នុង​ស្រុក​បរិបូណ៍ ទឹកផុស និង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​សាង​សង់​រួច​រាល់​ជាស្ថាពរ​ដែល​អាច​យក​ទឹក​ស្រោចស្រព​លើ​ផ្ទៃ​ដី​ចំនួន ៣ ២៨៩ ហិកតា។

លោក ដោក ប៊ុនថុន ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​កំពង់ឆ្នាំង​ថ្លែង​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា​នេះ ប្រព័ន្ធ​ធារា​សាស្ត្រលំហាច​បាន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ ដែល​អាច​យក​ទឹក​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ចំនួន ៣ ២៨៩ ហិកតា។ ទោះ​យ៉ាង​ណា​ដោយសារ​បញ្ហា​កូវីដ​១៩ ប្រព័ន្ធ​ធារា​សាស្ត្រ​នេះ​មិន​ទាន់​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ពលរដ្ឋ​អាច​យក​ទឹក​អាស្រ័យ​ផល​បាន។

លោក​បន្ត​ថា សំណង់​ប្រព័ន្ធ​ធារា​សាស្រ្ត​ថ្មី​មួយ​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ ដែល​មិន​ត្រឹម​តែ​សម្រាប់​បម្រើ​ឱ្យ​ការងារ​ស្រោច​ស្រព​ផ្ទៃដីពលរដ្ឋ​ដាំ​ស្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១​ពាន់​គ្រួសារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ស្រុក​បរិបូណ៌ ស្រុក​ទឹក​ផុស និង​ស្រុក​រលាប្អៀរ ផងដែរ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ទំហំ​ការងារ​សរុប​របស់​គម្រោង​រួម​មាន​សំណង់​ក្បាល​ហុងទឹក (Headworks) ចំនួន ១ កន្លែង សំណង់​នាំ​ទឹក (Intake) ចំនួន ១ កន្លែង សាងសង់​ប្រឡាយ​មេបេតុង ចំនួន ១ ខ្សែ ស្មើ​នឹង​ប្រវែង ១៦,៤០ គីឡូម៉ែត្រ សាង់​សង​ប្រឡាយ​ថ្នាក់​ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើ​នឹង​ប្រវែង ៤២,៥០ គីឡូម៉ែត្រ។

សាងសង់​ប្រឡាយ​ដោះទឹក ចំនួន ១៥ ខ្សែ ស្មើ​នឹង​ប្រវែង ៥២,៩០ គីឡូម៉ែត្រ សាង​សង់​ប្រឡាយ​ថ្នាក់​ទី ៣ ចំនួន ៩៤ ខ្សែ ស្មើ​នឹងប្រវែង ៦២ គីឡូម៉ែត្រ សាងសង់​សំណង់​សិល្បការ​សរុប​ចំនួន ៥៥៧ កន្លែងនិង សាងសង់​សំណង់​អគារ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក ចំនួន ១កន្លែង។

លោក ដោក ប៊ុនថុន ថ្លែងថា៖«តាមពិត​ហេដ្ឋារចនា​សម្ព័ន្ធ​យើង​បាន​ធ្វើ​រួច​រាល់​ហើយ ដែល​មាន​សំណង់​ស្ទាក់​ទឹក ប្រឡាយ​មេ ប្រឡាយ​រង និង​ប្រឡាយ​ស្រោច​ស្រព ប៉ុន្តែ​នៅ​បន្ត​ជំរុញ​ខាង​ផ្នែក​កសិកម្ម ព្រោះ​ពេល​នេះ​ទឹក​កំពុង​តែ​សម្បូរ​បើ​ពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើ​ស្រែ​នឹង​បាន​ផល​ល្អ»។

លោកប្រធានមន្ទីរ​បញ្ជាក់​ថា បើ​សិន​ជា​ពលរដ្ឋ​នាំ​គ្នា​ធ្វើ​ស្រូវ​មិន​ប្រកាន់​រដូវ​ដោយ​ចាប់​ផ្តើម​នៅ​ដើម​រដូវ​វស្សា​នោះ​ពលរដ្ឋ​នឹង​អាច​ទទួល​បានផល​២​ដង ព្រោះ​ស្រូវ​នោះ​ប្រើ​រយៈពេល​តែ​ជាង​ ៣ ខែ​ប៉ុណ្ណោះ​នឹង​ទទួល​បាន​ផល ហើយ​ទិន្នផល​នៃ​ស្រូវ​មិន​ប្រកាន់​រដូវ​នោះ​ទៀត​សោតបាន​ច្រើន​ជាង​ស្រូវ​ធ្ងន់​ដែល​ពលរដ្ឋ​ធ្លាប់​ធ្វើ​ពី​បុរាណ​មា​នរយៈពេល ៦ ខែ​ទើប​ប្រមូល​ផល​ម្តង។

លោកថ្លែង​ថា៖«ស្រូវ​វស្សា​យើង​គឺ​មាន​រយៈពេល ៦​ខែ​ពេញ ប៉ុន្តែ​ស្រូវ​មិន​ប្រកាន់​រដូវ​នេះ​មាន​រយៈពេល​តែ ៣​ខែ​ទេ អ៊ីចឹង​បើ​ធ្វើ​ពី​ដើម​ខែនោះ​ពាក់​កណ្តាល​រដូវ​យើង​អាច​ច្រូត​ម្តង ហើយ​ការ​ច្រូត​ឥឡូវ​អត់​ពិបាក​ទេ ម៉ាស៊ីន​ច្រូត​ទឹក​ត្រឹម ១ តឹក ២ តឹក​អី​អត់​មាន​បញ្ហា​ទេ ហើយបញ្ហា​ហាល​ក៏​អត់​ពិបាក​ទៀត​ព្រោះ​អ្នក​ទិញ​ឥឡូវ​គេ​មិន​ចង់​ឲ្យ​យើង​ហាល​ផង គេ​យក​ទៅ​ហាល​ខ្លួន​គេ អ៊ីចឹង​ប្រមូល​ផល​ហើយ​ថ្លឹង​លក់​ហើយ យើង​អាច​ភ្ជួរ​រាស់​ដី​ដាំ​មួយ​សារ​ទៀត»។

បើតាមលោក​ប្រធាន​មន្ទីរ សមិទ្ធផលថ្មីនេះ បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គ្រប់​គ្រង​ទឹក ដើម្បី​ធានា​ផ្គត់​ផ្គង់ ក្នុង​ការ​បង្ក​បង្កើន​ផល​ស្រូវ ដំណាំ​គ្រប់​ប្រភេទ និង​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​ដល់​គោល​នយោបាយ​ជាតិ ស្តីពី​សន្តិសុខ​ស្បៀង ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​យុទ្ធ​សាស្ត្រ នាំ​ស្រូវ អង្ករ​ចេញ​របស់​រាជរដ្ឋាភិបាល ក្នុង​ដំណាក់កាល​នៃ​ការ​ប្រែប្រួលអាកាសធាតុ៕

វីដេអូ៖