
សត្វស្លាបចុះមករកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ រូបថត សហការី
ភ្នំពេញ៖ ក្រសួងបរិស្ថានកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ ប្រយោជន៍ដើម្បីផ្តល់ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ ជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបាននិងកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជា «តំបន់រ៉ាមសារ» ដោយសារតែភាពសំខាន់នៃតំបន់នេះបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។
លោកបន្តថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្នន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះ ដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
លោកថ្លែងថា៖ «បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមានតំបន់រ៉ាមសារសរុបចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជារួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន»។
បើតាមលោក នេត្រ ភក្ត្រា តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិត នៅក្នុងខេត្តតាកែវ បានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ ថ្មីៗនេះ មន្ត្រីឧទ្យានុរក្សបានកត់ត្រាពីវត្តមានចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាង ស៊ីបេរី និងអាស៊ីអាគ្នេយ៍ តាមផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។
លោកថ្លែងថា៖ «តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏មានវត្តមាន សត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួនដូចជាត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើម ដែលបានចុះមករកចំណីក្នុងតំបន់នេះ»។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានផ្តល់ជាអត្ថប្រយោជន៍សំខាន់ៗជាច្រើនដូចជា សេវាកម្មផ្គត់ផ្គង់ដោយផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធានពន្ធុ ដីល្បាប់ និងធនធានធម្មជាតិផ្សេងៗទៀត។ សេវាកម្មនិយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្មអាកាសធាតុក្នុងតំបន់ និងនៅសាកលបន្សុទ្ធទឹកជាដើម។
សេវាកម្មវប្បធម៌ ដោយផ្តល់ជាតម្លៃសោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃបេតិកភណ្ឌវប្បធម៌ សាសនា ទំនាក់ទំនងសង្គម ការអប់រំ និងសិក្សាស្រាវជ្រាវ និងសេវាកម្ម គាំទ្រ ដូចជាផ្តល់ជាទីជម្រកដល់ជីវចម្រុះ ការកកើតដីល្បាប់ សារធាតុរ៉ែ សារធាតុសរីរាង្គ ផ្តល់ជាផលិតកម្មបឋម គាំទ្រដល់វដ្តទឹក និងវដ្តចំណីអាហារ។ល។
លោកថ្លែងថា៖ «ទាំងនេះ គឺបានបញ្ជាក់ពីសារៈសំខាន់ជាអន្តរជាតិរបស់តំបន់ការពារទេសភាពនេះ។ ដូចនេះ ទើបក្រសួងបរិស្ថានបាននិងកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ ទៅជាតំបន់រ៉ាមសារ ដែលនឹងផ្តល់តម្លៃដល់តំបន់ដីសើមនេះជាអន្តរជាតិ»។
ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ គឺបង្ហាញឱ្យឃើញថាតំបន់ដីសើមនេះ មានសារៈសំខាន់ជាអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសាដែលមានលេខាធិការដ្ឋានរ៉ាមសារ នៅប្រទេសស៊្វីស។ ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ ក៏មានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា៖ បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់នៃតំបន់ដីសើម បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងតំបន់ដីសើម។
មានការគាំទ្រកាន់តែច្រើនជាងមុនក្នុងការ ការពារនូវតំបន់ទាំងនោះក៏ដូចជាតំបន់នៅជុំវិញ បង្កើនមូលនិធិសម្រាប់អភិរក្សទាំងក្នុង និងក្រៅប្រទេស និងពង្រឹងកាលានុវត្តន៍ភាពក្នុងការជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងអេកូទេសចរណ៍។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។
អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន លោក ស្រី ស៊ុនលាង លើកឡើងថា ប្រទេសកម្ពុជា បានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩៩។
លោកស្រីថ្លែងថា៖ «អនុសញ្ញារ៉ាមសារធ្វើការលើសសរស្តម្ភចំនួន ៣ សំខាន់គឺ ទី១ ការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ ទី២ កំណត់ និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ និងទី៣ គឺកិច្ចសហការអន្តរជាតិ»។
បើតាមលោក ស្រី ស៊ុនលាង បច្ចុប្បន្ននេះ តំបន់ដីសើមដែលត្រូវបានដាក់បញ្ចូល ជាតំបន់រ៉ាមសារមានចំនួន ២ ៤២៤ នៅលើពិភពលោក គ្របដណ្តប់លើផ្ទៃដីចំនួន ២៥ លានហិកតា ដែលក្នុងនោះកម្ពុជាមានចំនួន ៥ កន្លែង សរុបមានផ្ទៃដីទំហំ ៤២ ២៥៧ ហិកតា៕
វីដេអូ៖