ភ្នំពេញ៖ ក្នុង​រយៈពេល ៦ ខែ ដើម​ឆ្នាំ​នេះ ក្រសួង​មហាផ្ទៃ​បាន​កត់ត្រា​គណនី​ហ្វេសប៊ុក​ប្រជាពលរដ្ឋ​ចំនួន ៦៦៥ គណនី ដែល​បាន​លើក​ឡើង​បញ្ហា និង​សំណូមពរ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ក្នុង​នោះ ៤២៤ គណនី ត្រូវ​បាន​យក​មក​ពិនិត្យ ហើយ ២៥៩ គណនី ត្រូវ​បាន​ដោះស្រាយ​រួចរាល់។

លោក ស ខេង បាន​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី ១៧ ខែ​កក្កដា នេះ​ថា៖ «ខ្ញុំ​ក៏​សុំ​ការ​យល់យោគ​អធ្យាស្រ័យ​ពី​បងប្អូន​ជន​រួម​ជាតិ ចំពោះ​ករណី​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់ អាស្រ័យ​លើ​ករណី​ខ្លះ​ទាមទារ​ពេល​វេលា និង​អនុវត្ត​ទៅ​តាម​នីតិវិធី»។

លោក ស ខេង បាន​បញ្ជាក់​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយ​តប​ទៅ​ប្រជាពលរដ្ឋ​ចំនួន ១៧២ គណនី ខណៈ​អគ្គនាយកដ្ឋាន​រដ្ឋបាល បាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយ​តប​ទៅ​ប្រជាពលរដ្ឋ​ចំនួន ៥៨ គណនី ចំណែក​ឯ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយ​តប​ចំនួន ១០ គណនី។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ពិនិត្យ​ដោះ​ស្រាយ និង​ឆ្លើយ​តប​ចំនួន ៣ គណនី ពាក់ព័ន្ធ​នឹង​ការ​បំពេញ​ការងារ​របស់​មន្រ្តី​តាម​ច្រក​ព្រំដែន​គោក ច្រក​ទ្វារ​អាកាសយានដ្ឋាន និង​ការងារ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​លើ​ជន​បរទេស។

អគ្គាធិការដ្ឋាន​បាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយ​តប​ចំនួន ១៥ គណនី ពាក់ព័ន្ធ​នឹង​មន្ត្រី​រាជការ និង​កងកម្លាំង​នគរបាល​ជាតិ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ដែល​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ។

ចំណែក​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​វិញ​បាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយ​តប​បាន​ចំនួន ១ គណនី ដែល​ពាក់ព័ន្ធ​ករណី​មន្ត្រី​ស្នើសុំ​ដំឡើង​តួនាទី និង​ឋានន្តរស័ក្ដិ។ ជាមួយ​គ្នា​នេះ ក៏​មាន​មតិយោបល់​ចំនួន ៨៧ ទៀត ដែល​លោក ស ខេង បាន​បញ្ជូន​ទៅ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី «មុខការ និង​ជា​សមត្ថកិច្ច»។

លោក ស ខេង បញ្ជាក់​ថា៖ «ក្រៅ​ពី​នោះ ខ្ញុំ​ក៏​បាន​ទទួល​យក​នូវ​មតិយោបល់ និង​ទស្សនៈ​ល្អៗ របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ផ្ញើ​មក​ខ្ញុំ​មាន​ប្រមាណ ១៥៤ គណនី ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​យក​មក​ពិចារណា ដើម្បី​ប្រតិបត្តិ​ក្នុង​កិច្ចការ​បម្រើជាតិ»។

លោក ស ខេង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​លើក​ជា​មតិយោបល់ និង​សំណូមពរ​មក​កាន់​លោក​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហើយ​លោក​អះអាង​ថា លោក​នឹង​ទទួល​យក​សំណូមពរ​ទាំង​នេះដើម្បី​ពិនិត្យ និង​ធ្វើ​ការ​ដោះស្រាយ​ដោយ​ពុំ​មាន​ការ​រើសអើង​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ៕