ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្តល់ជូនម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្ស៊ែនជូនដល់មន្ទីរពេទ្យបង្អែកខេត្តមួយឈុត ដែលម៉ាស៊ីននោះក្នុង ១ ម៉ោង អាចផលិតបាន ៣៥ ម៉ែត្រគុប ស្មើនឹង ៥ បំពង់។ ម៉ាស៊ីននេះ ដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី ១៧ ខែកក្កដា នេះតទៅ ក្នុងទិសដៅផ្តល់ខ្យល់អុកស៊ីហ្ស៊ែនសម្រាប់អ្នកជំងឺកូវីដ ១៩ និងការសង្គ្រោះបន្ទាន់ផ្សេងៗទៀត។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ១៧ ខែកក្កដានេះថា ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែននេះ បានដាក់ជូនឲ្យដំណើរការហើយនៅព្រឹកថ្ងៃទី ១៧ ខែកក្កដានេះ។ ម៉ាស៊ីននេះ អាចផលិតអុកស៊ីហ្ស៊ែនក្នុងមួយម៉ោងបាន ៣៥ ម៉ែត្រគុប ស្មើនឹង ៥ បំពង់ ដែលអាចផ្គត់ផ្គង់ការប្រើប្រាស់ចាំបាច់សម្រាប់អ្នកជំងឺកូវីដ ១៩ ក៏ដូចជាអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់ផ្សេងៗទៀតផងដែរ។
បើតាមលោក ភារម្យ ខ្យល់អុកស៊ីហ្ស៊ែនដែលបានពីការផលិតរបស់ម៉ាស៊ីនថ្មីនេះ អាចផ្គត់ផ្គង់អុកស៊ីហ្ស៊ែនទៅកាន់មណ្ឌលសុខភាពក្រុងស្រុកក្នុងខេត្តព្រះសីហនុផងដែរ។ លោកបន្តថា មើលតាមសង្វាក់ផលិតកម្មរបស់ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្ស៊ែនមួយឈុតនេះ ឃើញថាឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការជាក់ស្តែងរបស់ខេត្ត។
លោកថ្លែងថា៖ «កន្លងមកពេលត្រូវការ គឺយើងត្រូវធ្វើការបញ្ជាទិញ អ៊ីចឹងបើយើងមានខ្លួនយើងមានន័យថា ពេលណាយើងត្រូវការ គឺយើងមានខ្លួនឯង ហើយការផលិតនេះទៀតសោធន៍បើគិតជាម៉ោង ក្នុង ១ ម៉ោង ៥ បំពង់ អ៊ីចឹង ១០ ម៉ោងវា ៥០ បំពង់បាត់ទៅហើយ អ៊ីចឹងការផលិតសម្រាប់ស្តុកទុកស៊ីសងលើមន្ទីរពេទ្យគាត់មានបំពង់ប៉ុន្មានតាមជាក់ស្តែង»។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា កិច្ចការងារចំពោះមុខនៅពេលនេះ គឺស្វែងរកអ្នកពាក់ព័ន្ធ ឬអ្នកសង្ស័យមានជំងឺកូវីដ ១៩ ដើម្បីយកសំណាកឱ្យបានលឿនបំផុត ដើម្បីយកទៅធ្វើការព្យាបាល។ នេះជាប្រតិបត្តិការដែលខេត្តព្រះសីហនុកំពុងធ្វើ ហើយធ្វើជាប្រចាំ។
លោកថ្លែងថា៖ «យើងធ្វើម៉េចសំដៅស្វែងរកកាត់ផ្តាច់ឫសគល់នៃការឆ្លងជំងឺកូវីដ ១៩ ឱ្យបានទាំងស្រុងសម្រាប់ខេត្តព្រះសីហនុ។ ហេតុនេះ ទើបយើងប្រើគ្រប់មធ្យោបាយទាំងអស់ជាក់ស្តែងការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្ស៊ែន នេះជាផ្នែកមួយនៃការព្យាបាលក៏ដូចជាការទប់ស្កាត់នៃមរណភាពរបស់អ្នកជំងឺកូវីដ ១៩ ផងដែរ»។
លោក ភារម្យ បញ្ជាក់ថា ក្រៅពីម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្ស៊ែន ការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍វេជ្ជសាស្ត្រក៏ជាផ្នែកមួយទៀតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ។ លោកថា កាលណាមានមន្ទីរពិសោធន៍ មន្ត្រីសុខាភិបាលអាចធ្វើតេស្តសំណាកកូវីដបានដោយខ្លួនឯង ដែលជាផ្នែកមួយជួយជំរុញនៃប្រតិបត្តិការក្នុងការស្វែងរក ឬកំណត់អត្តសញ្ញាណអ្នកជំងឺកូវីដ ១៩ បានឆាប់រហ័ស៕