
រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ រូបថត AFP/រដ្ឋបាលខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចបន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកមូលដ្ឋានអាជីវកម្មខារ៉ាអូខេ ក្លិបកម្សាន្ត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
លិខិតរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ បានសម្រេចបន្តផ្អាកមូលដ្ឋានអាជីវកម្មខារ៉ាអូខេ ក្លិបកម្សាន្តគ្រប់ប្រភេទ និងផ្អាកការលក់គ្រឿងស្រវឹងនៅគ្រប់បណ្តាផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងកន្លែងអាជីវកម្មផ្នែកអាហារគ្រប់ប្រភេទ រហូតដល់មានការណែនាំថ្មី។
ក្នុងលិខិតអភិបាលខេត្តត្បូងឃ្មុំសរសេរថា «ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងកន្លែងអាជីវកម្មផ្នែកអាហារ និងភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន»។
ក្នុងលិខិតលោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ការបន្តផ្អាកនេះ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ មានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នៅក្នុងភូមិសាស្ត្រមួយចំនួននៃខេត្តត្បូងឃ្មុំ។
លោកអភិបាលខេត្តបានបញ្ជាទៅមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តាមូលដ្ឋានអាជីវកម្មខារ៉ាអូខេ ក្លិបកម្សាន្ត ហាងភេសជ្ជៈ ផ្សាររដ្ឋ និងផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈទាំងអស់ ដើម្បីអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចបន្តផ្អាកនេះឲ្យមានប្រសិទ្ធភាព បើរកឃើញមានការល្មើសត្រូវធ្វើការណែនាំ និងពិន័យតាមច្បាប់។
លោកថ្លែងក្នុងលិខិតថា «ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ឬម្ចាស់អាជីវកម្មណាមួយ មិនព្រមអនុវត្តតាម ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយប្រសិនបើនៅតែបន្តបំពាន ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ»។
ដោយឡែកនៅខេត្តព្រះវិហារ កាលពីម្សិលមិញ រដ្ឋបាលខេត្តក៏បានបានសម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៦ ខែកក្កដា រហូតដល់មានការជូនដំណឹងជាថ្មីផងដែរ ក្រោយរកឃើញអាជីវករលក់ដូរក្នុងផ្សារនេះ មានអ្នកឆ្លងជំងឺកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារនៅថ្ងៃទី ១៦ ខែកក្កដា បានឲ្យដឹងថា មន្ត្រីជំនាញសុខាភិបាលខេត្តរៀបចំយកសំណាកតេស្តរហ័សរកជំងឺកូវីដ ១៩ ជូនអាជីវករក្នុងផ្សារកំពង់ប្រណាកទាំងអស់ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ឬអ្នកសង្ស័យប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ នៅក្នុងបរិវេណចំណតរថយន្ត (បេនឡានខេត្ត) ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ចាប់ពីថ្ងៃទី ១៧ ខែកក្កដា វេលាម៉ោង ៨ និង ៣០ នាទីព្រឹកតទៅ។
ក្នុងលិខិតរដ្ឋបាលខេត្តព្រះវិហារសរសេរថា «រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ មកចូលរួមយកសំណាកតេស្តរហ័សឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ខេត្តព្រះវិហារ និងសូមបង្កើនការប្រុងប្រយ័ត្នអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ កុំ ៣ ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធាការរបស់ក្រសួងសុខាភិបាល»៕