ស្វាយរៀងៈ រដ្ឋបាល​ខេត្ត​ស្វាយរៀង​ ​បន្ត​បិទផ្សារ​រដ្ឋ ​ផ្សារ​ឯកជន ​ភោជនីយដ្ឋាន ​និង​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ​ចាប់ពី​ថ្ងៃទី ១៩ ​ខែ​កក្កដា​ ដល់​ថ្ងៃទី ២៥​ ខែកក្កដា ​ឆ្នាំ ២០២១ ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ និង​ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩ ​ឱ្យ​មាន​ប្រសិទ្ធភាព។

សេចក្តី​ជូនដំណឹង​ចុះ​ហត្ថលេខា​ដោយ​លោក​ម៉ែន វិបុល ​ថ្ងៃទី ១៨​ ខែកក្កដា​នេះ ​បាន​ឱ្យដឹង​ថា ​ដោយ​សារ​ស្ថាន​ភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូរីដ ១៩ ​ក្នុង ​“ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ”​ ក្នុង​ខេត្ត​ស្វាយរៀង ​នៅ​មិន​ទាន់​ទប់​ស្កាត់​បាន​ទាំងស្រុង​នៅ​ឡើយ ​និង​កំពុង​មាន​ការឆ្លង​រាលដាល​ជាបន្ត​បន្ទាប់​ទៀត ​ដូចនេះ​រដ្ឋបាល​ខេត្ត​សម្រេច​ផ្អាក​លក់​គ្រឿង​ស្រវឹង​ជាបណ្តោះ​អាសន្ន ​ដើម្បី​ធានា​ការពារ​អាយុ​ជីវិត​បងប្អូន​ប្រជាពលរដ្ឋ ​និង​សុខភាព​សាធារណៈ។

សេចក្តី​ជូនដំណឹង​បន្តថា​៖«បន្ត​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយ​រៀង។ ​គ្រប់​ផ្សារ​​រដ្ឋ ​ផ្សារ​ឯកជន ​ផ្សារ​ម៉ាត ​ភោជនីយដ្ឋាន​ អាហារដ្ឋាន ​តូបលក់​អាហារ ​ហាង​កាហ្វេ ​ហាង​ភេសជ្ជៈ ​ទីតាំង​អាជីវ​កម្ម​ផ្នែក​អាហារ ​ភេសជ្ជៈ ​និង​ដេប៉ូ​ចែកចាយ​គ្រឿង​ស្រវឹង ​ត្រូវ​ផ្អាក​នូវ​ការលក់ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ ជាបណ្ដោះ​អាសន្ន ​ចាប់ពី​ថ្ងៃទី ១៩ ​ខែកក្កដា ​ដល់​ថ្ងៃទី ២៥ ​ខែកក្កដា ​ឆ្នាំ ២០២១»។

លោក​ម៉ែន វិបុល ​ក៏បាន​ណែនាំ​ដល់ ​រដ្ឋបាល​ក្រុង ​ស្រុក​ ឃុំ ​សង្កាត់ ​ត្រូវ​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ហាម​ឃាត់​ជាដាច់​ខាត ​ ចំពោះ​ការជួប​ជុំ​ប្រមូល​ផ្តុំ​គ្នា​ច្រើន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ដើម្បី​ពិសា​គ្រឿង​ស្រវឹង ។

សេចក្តី​ជូនដំណឹង​ដដែល​បន្តថា ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ មន្ទីរ​-អង្គភាព​ពាក់ព័ន្ធ ​និង​រដ្ឋបាល​ក្រុង​ ស្រុក​ ឃុំ ​សង្កាត់ ​ត្រូវ​ធ្វើការ​ណែនាំ​ស្តីពី​ការហាមឃាត់ ​និង​ទប់ស្កាត់​ការជួប​ជុំ​ការលក់ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «ក្នុង​ករណី ​បង​ ប្អូន​ប្រជាពលរដ្ឋ ​អ្នក​គ្រប់គ្រង​ផ្សារ ​ម្ចាស់​ដេប៉ូ​ចែកចាយ​ ម្ចាស់​ហាង​ ម្ចាស់​តូប​លក់​ដូរ​ក៏​ដូចជា​ម្ចាស់​ទីតាំង ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការលក់ដូរ​គ្រឿងស្រវឹង ​មិន​អនុវត្ត​តាម​ការណែនាំ​នេះ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ស្រប​តាម​វិធានការ​រដ្ឋបាល»។

សេចក្តី​ជូនដំណឹង​ឱ្យដឹង​ដែរថា ​ គិត​ត្រឹម​ថ្ងៃទី ១៧ ​ខែកក្កដា ​ឆ្នាំ២០២១ ​ខេត្ត​ស្វាយរៀង​មាន​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ សរុប​ចំនួន​៣ ៧៩០នាក់ ​ព្យាបាល​ជាសះ​ស្បើយ​ចំនួន ​២ ៨៨៦ នាក់ ​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៨៤៣នាក់​ និង​ករណី​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន ​៦០ នាក់៕