ភ្នំពេញៈនគរបាល​ខណ្ឌដង្កោ​នឹង​បញ្ជូន​បុរស​សង្ស័យ​ម្នាក់​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៩ កក្កដា​ បន្ទាប់ពី​ឃាត់ខ្លួន​បាន ៣ ថ្ងៃ នៅ​ភូមិ -ឃុំ​វិហារ​សួរ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ​ពាក់ព័ន្ធ​ស្លៀកពាក់​បន្លំ​ធ្វើជា​យោធា និង​ឆបោក​លុយ​ពី​ជនរងគ្រោះ​ចំនួន ២ នាក់​ កាលពី​អំឡុង​ខែឧសភា និង​ខែមិថុនា​ឆ្នាំ ២០២១ នៅ​រាជធានី​ភ្នំពេញ។

លោក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​ ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ១៨ កក្កដា​ថា​ ជនសង្ស័យ​ឈ្មោះ​នាង ណុ​យ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ៣៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ជន​ម្នាក់នេះ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួន​តាម​ដីកា​ពាក់ព័ន្ធ​​ការ​ប្រើប្រាស់​ឯកសណ្ឋាន​យោធា​ក្លែង និង​បទ​ឆបោក។

លោក​ថ្លែងថា៖ «សំណុំរឿងរ​បស់ជនស​ង្ស័​យ​ម្នាក់នេះ ​ខ្ញុំ​បាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មុន​ហើយ។ តែ​ជនសង្ស័យ ​ខ្ញុំ​កំពុង​ឃុំខ្លួន​ នៅ​អធិការ​ខណ្ឌដង្កោ​នៅឡើយ​ទេ​ នៅ​ថ្ងៃនេះ (ថ្ងៃទី ១៨ កក្កដា) ហើយ​នៅ​ថ្ងៃ​ចន្ទ​ទី ១៩ កក្កដា​ ទើប​ខ្ញុំ​បញ្ជូន​មនុស្ស​ទៅ​តុលាការ​តាម​ក្រោយ»។

លោក​រំឭក​ឱ្យដឹង​ថា ​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ ២០២១ គឺ​ជនសង្ស័យ​ បាន​ឆបោក​ស្ត្រី​ម្នាក់​ឈ្មោះ សំ សម្បត្តិ បោក​យកលុយ​ចំនួន​ពីរពាន់​បួន​រយ​ដុល្លារ រឿង​រត់ការ​ផ្ទេរកម្មសិទ្ធិ​ដី និង​ផ្ទះសម្បែង​ មិនបាន​សម្រេច ហើយ​បិទ​ទូរស័ព្ទ​ទាក់ទង​លែង​បាន​ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​បានយក​ទាំង​ឯកសារ​ដីធ្លី​របស់​គាត់​​គេចខ្លួនបាត់។

បន្ទាប់មក​ ស្ត្រី​ម្នាក់​ឈ្មោះ សំ សម្បត្តិ បានដាក់​ពាក្យបណ្ដឹង​ នៅ​សាលា​ខណ្ឌដង្កោ​ ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ​នាង ណុ​យ ហៅ​ម៉ាប់​ ពាក់ព័ន្ធ​បទ​រំលោភ​លើ​ទំនុកចិត្ត។

លោក​បន្តថា​ ក្រោយពី​ជនសង្ស័យ​ឆបោក​ស្ត្រី​ឈ្មោះ សំ សម្បត្តិ​ម្នាក់​ហើយ ក៏​បន្តទៅ​ឆបោក​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ អៀ សៅ​រី អាយុ ២៩ ឆ្នាំ មាន​លំនៅ​ភូមិ​បាកាន ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​ អស់ប្រាក់​ចំនួន​បួន​លាន​រៀល ជា​ថ្នូរ​នឹង​ការរត់​ការដោះលែង​ប្ដី​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​ជនសង្ស័យ​បាន​និយាយប្រាប់​ស្ត្រី​រងគ្រោះ​ថា ​រូបគេ​ជានគរបាលជាតិ​ ពាក់​ស័ក្ដិ៣ ហើយ​ជនសង្ស័យ​ តម្រូវឱ្យ​ស្ត្រី​រងគ្រោះ​ បង់លុយ​ចំនួន​ បី​ពាន់​ ដុល្លារ​ ជា​ថ្នូរ​នឹង​ការរត់​ការដោះលែង​ប្តី តែ​ក្រោយពី​ច​ចារ​ត្រូវរ៉ូវ​គ្នា​ ជនរងគ្រោះ​ឱ្យតែ ១ ៧០០ ដុល្លារ​ទេ។

បើតាម​លោក ស៊ីថា​ ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមទៀតថា ក្រោយ​និយាយ​ត្រូវ​រូ​វ​គ្នា​អស់ហើយ ជនរងគ្រោះ​ក៏បាន​ប្រគល់​លុយ​ចំនួន ២ លាន ៤ សែន​រៀលឱ្យ​ទៅ​ជនសង្ស័យ​ជាការ​កក់​មុន។

លុះ​នៅ ខែឧសភា ឆ្នាំ ២០២១ ស្ត្រី​ឈ្មោះ អៀ សៅ​រី ​បាន​ផ្ញើ​លុយ​តាម​វី​ង​ចំនួន​មួយ​លាន​ពីរ​សែន​រៀល​ទៀត ទៅ​ឱ្យ​ទៅ​ជនសង្ស័យ​ ជា​លើក​ទី ២ ទៀត។

ប៉ុន្តែ​នៅ​ខែឧសភា​ឆ្នាំ២០២១នោះ ​ប្ដី​របស់គាត់​បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ទៅហើយ។ ដោយសារ​ស្ត្រី​រងគ្រោះ​មិនដឹង ថា​ ប្ដី​ជាប់ពន្ធនាគារ ក៏​ដើរ​ខ្ចីបុល​គេ ​រកលុយ​​បាន​បួន​សែន​រៀន​ទៀត ​ផ្ញើ​តាម​វី​ង​ទៅ​ឱ្យ​ជនសង្ស័យ។

ប៉ុន្តែ​បន្ទាប់ពី​ជនសង្ស័យ​បានទទួល​លុយ​ពី​ស្ត្រី​រងគ្រោះ​មក​ក៏​បិទ​ទូរស័ព្ទ និង​គេចខ្លួនបាត់​រហូត​ទើប​ស្ត្រី​រងគ្រោះ​រាយការណ៍​ប្រាប់​កម្លាំង​នគរបាល​ខណ្ឌដង្កោ ព្រមទាំង​ដាក់ពាក្យ​បណ្តឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍៕