ភ្នំពេញៈស​មត្ថកិច្ច​នគរ​បាល​រាជ​ធានី​ភ្នំពេញបាន​ឱ្យដឹង​តាម​រយៈ​របាយ​ការណ៍​ថា​សកម្ម​ភាព​បទ​ល្មើស​លួច​និង​ឆក់​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​ខែមិថុនា​ឆ្នាំ​នេះ​មានការ​ថយ​ចុះ៩​ករណី​ដែល​ស្មើនឹង​១៨ភាគ​រយ​បើ​ធៀប​នឹង​ខែឧសភា​ឆ្នាំ២០២១​ដោយ​មន្ត្រី​បានអះ​អាង​ថា កត្តា​នេះគឺ​ដោយ​សារ សមត្ថ​កិច្ច​​គ្រប់​គ្រង​ស្ថាន​ការណ៍​បា​នល្អ​។

យោង​តាម​របាយ​ការណ៍​របស់​គណៈ​បញ្ជាការ​អនុវត្ត​ផែន​ការ​សកម្ម​ភាព​បង្ការ ​ទប់​ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ នៅ​រាជ​ធានី​ភ្នំពេញ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ​១៨​ ខែកក្កដា​ ឆ្នាំ ២០២១ បាន​បង្ហាញ​ថា បទ​ល្មើស​ជារួម​កើត​ឡើង​មាន​ចំនួន ​៤២/៥១ ​ករណី ថយ ​៩​ ករណី​ ស្មើ​នឹង​ ១៨ ​ភាគ​រយ​ ប្រៀប​ធៀប​ខែ​ឧសភា ​ឆ្នាំ​ ២០២១ ក្នុង​នោះ​បទ​ល្មើស​លួច​មាន​ចំនួន ​៣៣/​៣៦ ​ករណី ថយ ​៣​ ករណី​និង​បទ​ល្មើស​ឆក់ មាន​ចំនួន ៩/១៥​ករណី​ ថយ ​៦ ​ករណី​។

របាយ​ការណ៍​ដដែល​ប​ន្ត​ថា​ កង​កម្លាំង​គ្រប់​បណ្តា​អង្គភាព​ដែល​មាន​ភារកិច្ច​អនុវត្ត​ផែនការ​សកម្ម​ភាព​បង្ការ​ ទប់​ស្កាត់ និង​បង្ក្រាប​អំពើ​លួច​ឆក់ បាន​ខិតខំ​ប្រឹង​ប្រែង​សហ​ការ​គ្នា​ចូលរួម​បង្ក្រាប​បាន​ចំនួន​សរុ​ប៤២​ករណី ​ចាប់​បាន​ជន​សង្ស័យ​៦៧​នាក់ស្មើ ​១០០​ភាគ​រយនៃ​បទ​ល្មើស​កើត​ឡើង​ក្នុង​នោះ​បទ​លួច​ ៣៣ ​ករណីនិ​ង​បទ​ឆក់ ៩​ ករណី។ ចំពោះ​ជន​សង្ស័យ​ក្រោយ​បង្ក្រាប​បាន​រកឃើ​ញ​ធ្លាប់ប្រើ​សារ​ធាតុ​ញៀន​ចំនួន​ ៥៤​នាក់​ ស្មើ​នឹង​ ៨១ ​ភាគ​រយ​ ។

លោ​ក ស៊ីម ពិសិដ្ឋ អធិ​ការ​នគរបា​ល​ខ​ណ្ឌ​បឹង​កេង​កង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​នៅ​ថ្ងៃទី​ ១៨​ ខែកក្កដា​ ឆ្នាំ ២០២១ ថា សកម្ម​ភាព​នៃ​ការ​លួច ឆក់​នៅ​ក្នុង​មូល​ដ្ឋាន​របស់​លោក​គ្រប់​គ្រងគឺ​មិនមាន​នោះ​ទេ ប៉ុន្តែលោកក៏​មិន​បាន​បញ្ជាក់ពី​មូល​ហេតុ​នោះ​ដែរ​។

ចំណែក​លោក​ ទៀង ច័ន្ទ​សា អធិ​ការ​នគរបាល​​ខ​ណ្ឌ​ដូន​ពេញបា​នឱ្យដឹង​ដែរ​ថា អនុ​វត្ត​តាមបទ​បញ្ជា និង​ការណែនាំ​របស់​លោក ស ថេត ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​នៅក្នុង​អធិ​ការន​គរបាល​ខណ្ឌ​ដូន​ពេញ​បាន​ពង្រឹងនិ​ង​គ្រប់គ្រ​ង​សភាព​ការ​ណ៍ បាន​ល្អ​នៅ​ក្នុង​មូល​ដ្ឋាន ដែល​ជាហេ​តុធ្វើឱ្យ​បទ​ល្មើស​នានា រួម​មា​ន ការ​ឆក់ និង​លួច​មាន​ការ​ថយ​ចុះ​ជា​លំដាប់ ​។

លោក​បាន​បន្តថា សមត្ថ​កិច្ច​នៅក្នុង​ទីក្រុង​ភ្នំពេញមិន​ថា​ នៅ​ក្នុង​ខណ្ឌ​របស់​លោក​ទេ បាន​និង​កំពុង​រឹត​បន្តឹង​និង​គ្រប់​គ្រង​សភាព​ការណ៍​រាល់​បទ​ល្មើស​មិនឱ្យ​កើត​មាន​ឡើយ ដើម្បី​ផ្តល់​សុវត្ថិភាព និង​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​​ភ្នំពេញ​៕​​​