
ជនជាមេខ្លោង ៤ នាក់ ក្នុងសំណុំរឿងឆបោកលក់ដីឡូត៍ ត្រូវសាលាដំបូងខេត្តកោះកុងចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនកាលពីថ្ងៃទី ១៤ ខែកក្កដា។ រូបថត នគរបាល
កោះកុងៈសមត្ថកិច្ចនគរបាលខេត្តកោះកុង កំពុងស្វែងរកអ្នកពាក់ព័ន្ធករណីឆបោក ក្នុងករណីលក់ដីឡូតិ៍ក្រុមហ៊ុន B.I.D បន្ទាប់ពីចៅក្រមស៊ីបសួរ នៃសាលាដំបូងខេត្តកោះកុងបានសម្រេចឃុំខ្លួនជន ៤ នាក់ ជាមេខ្លោងនៃក្រុមហ៊ុនដីឡូតិ៍ B.I.D ដាក់ពន្ធនាគារ ពីបទឆបោក មានការចាត់តាំងតាមមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី ១៤ ខែកក្កដា។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានថ្លែងនៅថ្ងៃទី ១៨ ខែកក្កដាថា ជនល្មើស ៤ នាក់ ជាមេក្លោងនៃក្រុមហ៊ុនដីឡូតិ៍ B.I.D ត្រូវបាន ចៅក្រមស៊ីបសួរ នៃសាលាដំបូងខេត្តកោះកុងលោក មីន មករា បានសម្រេចឃុំខ្លួន ដាក់ពន្ធធនាគារ ពីបទឆបោកជាក្រុម មានការចាត់តាំង តាមមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
លោកថ្លែងថា «ការចោទប្រកាន់គឺតាមមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌចំណុច ទី ៥ ដែលមានទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ។ ចំពោះទោសពិន័យក្នុងច្បាប់អត់មានចែងទេ ប៉ុន្តែចំពោះការខូចខាតរបស់ជនរងគ្រោះ អាហ្នឹងគាត់អាចអនុវត្តសិទ្ធិរបស់គាត់ក្នុងនីតិវិធីបាន» ។
លោក វ៉ៃ ភីរម្យ បន្តថា ក្រោមការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក៏បានធ្វើការចាប់ខ្លួនបានជនល្មើសបាន ៤ នាក់ នៅទីតាំងខុសៗគ្នា ជាបន្តបន្ទាប់កាលពីថ្ងៃទី ១៣ ខែកក្កដា ដែលមាននៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងភ្នំពេញជាដើម។
លោកថាដោយមានអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងករណីនេះ សមត្ថកិច្ចកំពុងស្វែងរកជនទាំងនោះមកដោះស្រាយតាមផ្លូវច្បាប់។
លោកថ្លែងថា «តំណាងអយ្យការចោទទាំងបក្ខពួកអីចឹងបើសិនចៅក្រមស៊ីបសួរគាត់រកឃើញថា មានការពាក់ព័ន្ធជាមួយបុគ្គលក្រៅពីភាគីនៅក្នុងសំណុំរឿង អាហ្នឹងខាងចៅក្រមស៊ីបសួរគាត់នឹង ពន្លាតទៅលើបុគ្គលដែលមានការពាក់ព័ន្ធក្រោមអំពើល្មើសហ្នឹង» ។
លោក វ៉ៃ ភីរម្យ បានឲ្យដឹងថា មេខ្លោងធំ ៤ នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D រួមមាន ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន B.I.D ឈ្មោះ ភន ទីគា ភេទប្រុស អាយុ ២០ ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន B.I.D ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកផ្តល់ប្រាក់ឈ្មោះ ជិន ឆៃយ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ជាបក្ខពួក។
បើតាមលោក វ៉ៃ ភីរម្យ ចំពោះម្ចាស់ដីដែលពាក់ព័ន្ធក្នុងរឿងនេះ តំណាងអយ្យការបានចោទប្រកាន់រួចហើយ ប៉ុន្តែមិនទាន់ឃើញចូលខ្លួនមកឆ្លើយបំភ្លឺនៅឡើយ គិតមកដល់ថ្ងៃទី ១៨ ខែកក្កដា។
លោកបញ្ជាក់ថា យ៉ាងណាពេលនេះសមត្ថកិច្ចកំពុងធ្វើការជាមួយ ចៅក្រមស៊ីបសួរដើម្បីស្វែងរកនិងនាំខ្លួនជននោះមកដោះស្រាយតាមច្បាប់៕