ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្ដល់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី​ ១២ ទៅ​ ១៧ ​ឆ្នាំ ដើម្បី​ឱ្យមាន​ភាពសុំា​នៅក្នុង​សង្គម ឈាន​ទៅ​បើក​ឡើងវិញ​នូវ​សង្គម សេដ្ឋកិច្ច និង​ពិសេស​សាលារៀន ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​គ្រឹះស្ថានសិក្សា​ឯកជន និង​ប្រជាពលរដ្ឋ​សាទរ​ចំពោះ​យន្តការ​នេះ​។

តាមរយៈ​សារ​ជា​សំឡេង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៦ ខែ កក្កដា ឆ្នាំ​ ២០២១ បានសម្រេច​ផ្ដល់​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២ ដល់ ១៧ ​ឆ្នាំ ដែលមាន​ប្រមាណ ២ ​លាន​នាក់​នៅ​ទូទាំង​ប្រទេស ដែល​ត្រូវការ​វ៉ាក់សាំង​ចំនួន ៤ លានដូស​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែង​​ថា​៖ «​យើង​មានការ​ចាំបាច់​ដើម្បី​ចាក់​ជូន កុមារ និង​យុវវ័យ​អាយុ ១២ ​ឆ្នាំ​ដល់​អាយុ​ ១៧ ​ឆ្នាំ បន្ទាប់ពី​ដំណើការ​ចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើងទៅ ដែល​មកដល់​ពេល​នេះ យើង​ចាក់​បាន​ប្រមាណ ៥,៤ លាន​រួចស្រេច​ទៅហើយ​»​។

លោក​បន្តថា​៖ «​ដោយមាន​ការគិតគូរ​យ៉ាង​ហ្មត់ចត់​ទៅលើ​បរិយាកាស​ភាពសុំា​នៅក្នុង​សង្គម និង​គិតគូរ​ទៅដល់​អនាគត​របស់​កុមារ និង​យុវជន​ជាពិសេស គឺ​ផ្ដោត​ការយក​ចិត្ដ​ទុកដាក់​ទៅលើ​សុខុមាលភាព​ពាក់ព័ន្ធ​ទៅនឹង​ការបើក​ឡើងវិញ​នូវ​សាលារៀន ដែលជា​ការបាត់បង់​ដ៏ធំធេង​របស់​ពិភពលោក ក៏ដូចជា​កម្ពុជា គឺ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដែល​សាលា​ត្រូវបាន​បិទ​ក្នុង​រយៈពេល​យូរ​»​។

លោក​នាយក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ដល់​មាតាបិតា អ្នកអាណាព្យាបាល​របស់​កុមារ និង​យុវវ័យ​ត្រៀមខ្លួន​ ដើម្បី​នាំ​កូន នាំ​ចៅ​ទៅ​ចាក់​វ៉ាក់សាំង នៅពេល​វេលា​ដែល​នឹង​មកដល់​។

លោក​បញ្ជាក់ថា​៖ «​យើង​ចង់ឱ្យមាន​ភាពសុំា​នៅក្នុង​សង្គម ដើម្បី​ឈានទៅដល់​ការបើកឡើង​វិញ​នូវ​សង្គម​សេដ្ឋកិច្ច ពិសេស​គឺ​សាលារៀន ដែល​យើង​បាន​បិទ​សាលា ហើយ​ឱ្យ​រៀន​ពី​ចម្ងាយ តាមរយៈ​ប្រព័ន្ធ​អនឡាញ​។ រឿងនេះ​គឺជា​ការខាតបង់​មួយ​សម្រាប់​យើង​ប្រសិនបើ​យើង​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ និង​យុវជន​យ៉ាងហោចណាស់ យើង​អាច​បើក​សាលា​ចាប់ពី​អនុវិទ្យាល័យ​ឡើងទៅ​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​ថា ក្រសួង​អប់រំ បាន​និង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ហើយនឹង​ជម្រាប​ជូនដំណឹង​លម្អិត​ស្ដីពី​ដំណើរការ​រៀបចំ​យុទ្ធនាការ​នេះ​ជូន​ដល់​មាតាបិតា អ្នក​អាណាព្យាបាល និង​គ្រប់ភាគី​ពាក់ព័ន្ធ​នាពេល​ខាងមុខ​ឆាប់ៗ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួង​អប់រំ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​បានសម្រេច​ដ៏ខ្ពង់ខ្ពស់ ឱ្យមាន​យុទ្ធនាការ​ចាក់​វាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ តាម​គោលការណ៍​ស្ម័គ្រចិត្ត​ដល់​កុមារ​ និង​យុវវ័យ​អាយុ​ពី ១២ ​ឆ្នាំ ដល់ ១៧ ​ឆ្នាំ ដែលមាន​ចំនួន​សរុប​ប្រមាណ ២ លាន​នាក់​»​។

លោក​បន្តថា​៖ «​ការសម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​នេះ​នឹង​បង្កើន​ឱកាស​កាន់តែច្រើន​ថែមទៀត ដល់​ការត្រៀម​បើក​ដំណើរការ​គ្រឹះស្ថាន​មធ្យមសិក្សា​ឡើងវិញ​ជា​ជំហានៗ នៅពេល​ការចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ ​រួចរាល់​នាពេល​ខាងមុខ​។

លោក ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា អបអរសាទរ​ចំពោះ​ការសម្រេច​របស់​លោកនាយករដ្ឋមន្ដ្រី ដែល​ផ្ដល់​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ ដែលជា​ជំហាន​មួយ​អាច​បើក​ដំណើរការ​សាលារៀន​បាន​ឡើងវិញ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ពេញលេញ​នាពេល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​គុណភាព​នៃ​ការសិក្សា​របស់​សិស្ស គឺ​យើង​អាចធ្វើ​តាម​អនឡាញ​បាន​ អាច​ផ្ដល់​ការសិក្សា​ឱ្យ​សិស្ស​បាន ប៉ុន្ដែ​យើង​មាន​ការបារម្ភ​ទៅលើ​សុខភាព​ផ្លូវចិត្ដ និង​រាងកាយ​របស់​សិស្ស​ក្នុង​វ័យ​ ១៣ ឆ្នាំទៅ​ ១៨ ​ឆ្នាំនេះ ដែល​ពួកគាត់​កំពុង​ស្ថិត​នៅក្នុង​ឆ្នាំ​ប្រឡង​សំខាន់ៗ​ថែមទៀត សម្រាប់​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២»​។

លោក ប៉ិច បូឡែន បញ្ជាក់ថា​៖ «​ពួកយើង​បាន​ត្រៀមខ្លួន​រួច​​អស់ហើយ​។ យើង​មាន​ទម្រង់​ដែល​ធ្លាប់​អនុវត្ដ​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP) ​របស់​ក្រសួង​អប់រំ​ពីមុនមក រួម​ជាមួយ​នឹង​បទពិសោធ​ថ្មីៗ​ទៀត ពួកយើង​នឹង​ប្រយ័ត្ន​ប្រយ៉ែង​។ ខ្ញុំ​គិតថា យើង​អាច​ធ្វើបាន​ល្អ​ប្រសើរ នៅពេល​ដែល​កុមារ និង​យុវវ័យ​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​»​។

លោក​រំពឹងថា ប្រសិនបើ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង សម្រាប់​កុមារ និង​យុវវ័យ​មាន​ល្បឿន​លឿន អាច​ចាក់​រួចរាល់​នៅ​ខែកញ្ញា ឬ​ខែតុលា​ខាងមុខ​នេះ គឺ​បាន​ជួយ​ដល់​ការដំណើរការ​នៃ​ការបើក​សាលារៀន​ឡើងវិញ សម្រាប់​ផ្ដល់​ការអប់រំ ការបង្រៀន និង​ការរៀន​ដល់​សិស្ស​បានល្អ​។

លោក ​ហេង ទី ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មានកូន​ក្នុងបន្ទុក​ ២ ​នាក់ ដែល​កូនប្រុស​កំពុង​រៀន​ថ្នាក់​ទី​ ៩ នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ និង​កូនស្រី​កំពុង​សិក្សា​បរិញ្ញាបត្រ​ឆ្នាំ​ទី​ ១ នៅ​វិទ្យាស្ថាន​ភាសាបរទេស​បាន​សម្តែង​ការសប្បាយ​ចិត្ដ ចំពោះ​រាជរដ្ឋាភិបាល​ដែល​បានផ្ដល់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដល់​កុមារ និង​យុវវ័យ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ដ ព្រោះ​ខ្ញុំ​ចង់​ឱ្យ​កូន​ចូលរៀន​ឡើងវិញ​ដោយសារ​តែ​រយៈពេល​ជិត ២ ​ឆ្នាំ​មកហើយ ដែល​ពួកគាត់​សម្រាក​អត់​បាន​ទៅ​រៀន គឺមាន​ផល​លំបាក​ច្រើន​សម្រាប់​ក្មេងៗ ដូចជា​គេង​ច្រើនជាង​មុន ហើយ​រៀន​អនឡាញ​មិនបាន​ដិតដល់​។ ជាង​ ២ ​ឆ្នាំនេះ វា​បាន​ក្លាយជា​ទម្លាប់​មួយ​ធ្វើឱ្យ​ក្មេងៗ​ខុសពី​មុន​»​។

លោក​ ទី បន្តថា បើសិន​ជា​កូន​បាន​ចូលរៀន​វិញ គឺ​លោក​ត្រេកអរ ព្រោះ​លោក​ចង់ឱ្យ​កូន​មាន​ទម្លាប់​ចាស់​ឡើងវិញ គឺ​ទៅ​រៀនមាន​ម៉ោង មាន​ពេល​។ ប៉ុន្ដែ​ការចូល​រៀន​វិញ​នេះ លោក​សូម​ស្នើ​ទៅ​ក្រសួង​អប់រំ​ និង​សាលា​ផ្សេងៗ សូម​ឱ្យមាន​វិធានការ​សុវត្ថិភាព​ឱ្យបាន​មុតមាំ​។

គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​ការសម្រេច​របស់លោក​នាយករដ្ឋមន្ត្រី​ក្នុង​ការផ្តល់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដល់​កុមារ និង​យុវវ័យ​។

គណៈកម្មការ​ទី​៧ ​យល់ឃើញថា ក្នុង​កាលៈទេសៈ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ការពង្រីក​វិសាលភាព​នៃ​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​នេះ គឺជា​វិធានការ​មួយ​បន្ថែមទៀត​ដែល​នឹងចូលរួម​លើកកម្ពស់​សុខភាព និង​ការបង្ការ​ពី​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដល់​កុមារ និង​យុវវ័យ​នៅក្នុង​សហគមន៍ ដោយ​ធានា​បាន​នូវ​ការកាត់បន្ថយ​ក្តីបារម្ភ​របស់​អាណាព្យាបាល​សិស្ស​ផង និង​ជា​ការឈាន​ទៅ​ដំណើរការ​សាលារៀន​ឡើងវិញ ប្រកបដោយ​សុវត្ថិភាព​ស្របតាម​គោលនយោបាយ​ជាតិ ស្តីពី​សុខភាព​សិក្សា​ផង​។

ក្រោយពី​ផ្ទុះ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ នៃ​ព្រឹត្តិការណ៍ «​សហគមន៍ ២០ កុម្ភៈ​» ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី ២០ ​ខែ ​មីនា ឆ្នាំ​ ២០២១ បានប្រកាស​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន​គ្រប់​កម្រិត​នៅ​ទូទាំង​ប្រទេស​៕

វីដេអូ៖