ភ្នំពេញៈ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ច្រានចោល​ការចុះផ្សាយ​ព័ត៌មាន​មួយចំនួន​ដែល​ថា ក្រសួង​កសិកម្ម​ផ្តល់​សិទ្ធិផ្តាច់មុខ​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ការនាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ថ្ងៃទី​ ១៨ ខែ​កក្កដា ​បាន​ឱ្យ​ដឹងថា​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​អត្ថបទ​ខុសពី​ការពិត​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ជ្រូក​នៅ​កម្ពុជា​។ ការផ្សាយ​នេះ​មិនបាន​សិក្សា​ច្បាស់លាស់​ធ្វើឱ្យ​សាធារណជន​មាន​ការយល់​ច្រឡំ​មកលើ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​ឆ្លើយតប​ចំពោះ​ករណីនេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏ដូចជា​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ ពុំដែល​បានផ្ដល់​សិទ្ធិផ្តាច់មុខ​ដល់​ក្រុមហ៊ុន​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ឡើយ​។ ពោល​ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​ធ្វើ​ពាណិជ្ជកម្ម​នាំចូល​ជ្រូក​រស់​អាច​ដាក់​ពាក្យស្នើសុំ​»​។

សេចក្តី​ប្រកាស​បន្តថា ក្រុមហ៊ុន​ចង់​ធ្វើ​ពាណិជ្ជកម្ម​នាំចូល​ជ្រូក​រស់​ពី​ថៃ​ត្រូវបំពេញ​តាម​វិធានការ​ដែល​តម្រូវ​ឱ្យ​អនុវត្ត​នីតិវិធី និង​វិធាន​បច្ចេកទេស​ចំនួន​ ១២ ​ចំណុច​រវាង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​កម្ពុជា ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ការចិញ្ចឹម​សត្វ (DLD) ​នៃ​ប្រទេស​ថៃ​។ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បាន​ឱ្យ​ដឹង​ដែរ​ថា សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចំនួន​ ៦ ដែល​កំពុង​ទទួលបាន​គោលការណ៍​នាំ​ជ្រូក​រស់​ចូលមកក្នុង​កម្ពុជា និង​មាន​ចំនួន​ ៤ ក្រុមហ៊ុន​ទទួល​គោលការណ៍​នាំ​ឆ្លងកាត់​។

អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បញ្ជាក់ថា​៖ «​ប្រទេស​ជិតខាង​យើង​ក៏​បាននិង​កំពុង​ជួប​វិបត្តិ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ខ្លាំងក្លា ដែល​ធ្វើឱ្យ​បាត់បង់​ទីផ្សារ​ក្នុង​ស្រុក​របស់ខ្លួន​បាន​ធ្វើឱ្យ​មាន​ការកកស្ទះ​នូវ​ផលិតផល​សត្វ​»​។

«​ទន្ទឹមនឹងនេះ​ក៏មាន​ឈ្មួញ​ខិលខូច​មួយចំនួន​តូច​បាន​ប្រើប្រាស់​កលល្បិច​គ្រប់យ៉ាង ដើម្បី​មាន​ឱកាស​យក​ផលិតផល​កកស្ទះ​ពី​ស្រុក​គេ​មកចាក់​នៅ​កម្ពុជា ដោយ​មិនបាន​គិតពី​ការប៉ះពាល់​ដល់​ការខាតបង់​របស់​អ្នកវិនិយោគ​នៅ​កម្ពុជា និង​សុខភាព​សាធារណៈ​ឡើយ​»​។ អគ្គនាយកដ្ឋាន​បញ្ជាក់​បន្ថែម​។

ការច្រានចោល​នេះ បន្ទាប់ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ថា មាន​មន្ត្រី​មានអំណាច​ ១ ​រូប​កំពុង​នៅ​ពីក្រោយខ្នង​នៃ​ការរកស៊ី​នាំចូល​ជ្រូក​ផ្តាច់​មុខមក​កម្ពុជា​។

លោក​ ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ដែល​ចេញមុខ​ច្រានចោល​ព័ត៌មាន​នេះ ដើម្បី​កុំឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ ។

លោក​ថា​៖ «​ខ្ញុំ​ធ្លាប់​ចូល​កិច្ចប្រជុំ​ច្រើន​ពាក់ព័ន្ធ​រឿងនេះ កន្លងមក​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​និយាយ​គ្នា​ស្តាប់​អត់​បានទេ បើ​ក្រសួង​កសិកម្ម​អនុញ្ញាត​ឱ្យ​នាំចូល​ ១ ​ពាន់ក្បាល គាត់​នាំចូល ២ ​ពាន់​។ បើ​ឱ្យ​គាត់​នាំចូល​ ២ ​ពាន់ គាត់​នាំចូល ៥ ​ពាន់​ក្បាល​។ ដូច្នេះ​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ចិញ្ចឹមសត្វ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

«​ដូច្នេះ​ក្រសួង​កសិកម្ម​ជ្រើសរើស​ក្រុមហ៊ុន ក ខ គ ឃ ​...​អ៊ីចឹងទៅ ចំណែក​ ៦ ​ក្រុមហ៊ុន​ទៀត​ដកចេញ​។ បញ្ហា​ ៦ ​ក្រុមហ៊ុន​នេះឯង​ដែល​អត់​មាន​កូតា​នាំចូល​ជ្រូក ដោយសារ​គាត់​នាំចូល​អត់​គិត​។ ដល់ពេល​ក្រសួង​ដក​គាត់​ចេញ បាត់បង់​ផលចំណេញ គាត់​ក្តៅក្រហាយ អ៊ីចឹង​គាត់​ឆ្កឹះឆ្កៀល បំប៉ោង​ព័ត៌មាន​នាំឱ្យ​មាន​ការភាន់ច្រឡំ​»​។ លោក​ ស្រ៊ុន ពៅ បញ្ជាក់​។

បើតាម​លោក​ ស្រ៊ុន ពៅ ជា​អ្នកធ្វើការ​ក្នុង​វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​លោក​មើលឃើញ​ថា ការចិញ្ចឹម​ជ្រូក​នាពេល​បច្ចុប្បន្ន​មាន​ការអភិវឌ្ឍ​គួរឱ្យ​កត់សម្គាល់ ខណៈ​មាន​កសិដ្ឋាន​ជាច្រើន​បាន​បើក​ដំណើរការ​ជា​បន្តបន្ទាប់ ហើយ​អាច​ឈានដល់​ការនាំចេញ​ជ្រូក​នាពេល​ខាងមុខនេះ​។

អគ្គនាយកដ្ឋាន​សុខភាព​សត្វ ឱ្យ​ដឹងថា ថ្លៃដើម​ផលិត​ជ្រូក​បាន​ប្រែប្រួល​ក្នុង​រង្វង់​ពី ៧ ៥០០ ​រៀល ទៅ ៩ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម មុន​វិបត្តិ​កូវីដ​ ១៩​។ បច្ចុប្បន្ន​ថ្លៃដើម​ផលិត​បាន​កើនឡើង​ប្រមាណ​ពី​ ១០ ៥០០ ​រៀល​ទៅ​ ១២ ០០០ ​រៀល ក្នុង​ ១ ​គីឡូក្រាម​។ ការប្រែប្រួល​ថ្លៃដើម​ផលិត​ជ្រូក​សាច់​នេះ ដោយសារ​តម្លៃ​វត្ថុធាតុដើម ដូចជា ពោត ដំឡូង​ក្រៀម កាក​សណ្ដែកសៀង ម្សៅ​ត្រី​ និង​សារធាតុ​បន្ថែម សម្រាប់​ផ្សំ​ចំណី​សត្វ​កើនឡើង​ប្រមាណ​ពី​ ២០ ​ទៅ​ ៣០ ​ភាគរយ​។

ដោយឡែក​តម្លៃ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​កើនឡើង​ប្រមាណ​ ៣ ​ដង​ម្យ៉ាងទៀត កូនជ្រូក​ពូជ​សាច់​ក៏បាន​ឡើងថ្លៃ​ពី​ ៧០ ​ទៅ​ ១០០ ​ដុល្លារ ក្នុង​ ១ ​ក្បាល ព្រមទាំង​ការចំណាយ​បន្ថែម​លើ​ការលើកកម្ពស់​ជីវសុវត្ថិភាព​នៅ​កន្លែង​ចិញ្ចឹមសត្វ​ ដើម្បី​ការពារ​ជំងឺឆ្លង​សត្វ ជាពិសេស​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។

បើតាម​អគ្គនាយកដ្ឋាន​នេះ​ ទោះបីជា​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជួប​វិបត្តិ​សកល​ជំងឺ​កូវីដ​ ១៩ ក៏​តម្លៃ​ជ្រូក​រស់ក្នុង​ស្រុក​មិន​ប្រែប្រួល​ខ្លាំង​នោះឡើយ គឺ​ចន្លោះ​ពី ១២ ៥០០ ​រៀល ទៅ​ ១៣ ៦០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម អាស្រ័យ​ទៅតាម​តំបន់​នីមួយៗ​។ តម្លៃ​ជ្រូក​សាច់​នាំចូល​លក់​ថោក​ជាង​ជ្រូក​ក្នុងស្រុក ចន្លោះ​ពី​ ១០០ ​រៀល ទៅ​ ២០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។ ចំពោះ​តម្លៃ​សាច់ជ្រូក​នៅលើ​ទីផ្សារ​បាន​ប្រែប្រួល​ចន្លោះ​ពី​ ២៣ ៥០០ ​រៀល​ទៅ​ ២៦ ៣០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។

អគ្គនាយកដ្ឋាន​នេះ​ឱ្យដឹងថា ក្នុង​រយៈពេល​ ៦ ​ខែ​ដើមឆ្នាំ​ ២០២១ ​នេះ ការសុំ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​មាន​ ៦១ ​កន្លែង ក្នុងនេះ​កសិដ្ឋាន​ចិញ្ចឹម​ពូជ​ជ្រូក​ចំនួន​ ៧ ​កន្លែង និង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់​ចំនួន​ ៥៤ ​កន្លែង​៕

វីដេអូ៖