ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកជញ្ជូន​ជំនួយ​ជា​បរិក្ខារ​សុខាភិបាល និង​ថវិកា​យក​ទៅ​ជូន​រដ្ឋាភិបាល​វៀតណាម​នា​ថ្ងៃនេះ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរាលដាល​ជំងឺ​កូវីដ​ ១៩ ​ដែល​កំពុង​វាយលុក​យ៉ាងខ្លាំង​ក្នុង​ប្រទេស​វៀតណាម​។ សង្គម​ស៊ីវិល​មើលឃើញថា ការផ្តល់​ជំនួយ​នេះ​ជា​កាយវិការ​មនុស្សធម៌​ជាមួយ​ប្រទេសជិតខាង ប៉ុន្តែ​ថា រដ្ឋាភិបាល​គួរតែ​ផ្តល់ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​ក្នុង​តំបន់​ក្រីក្រ​ខ្វះ​លទ្ធភាព​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​លោកស្រី ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​ ១៧ ខែកក្កដា បាន​ប្រកាស​ផ្តល់​អំណោយ​ជា​បរិក្ខារ​សុខាភិបាល និង​ថវិកា​សរុប​ ៣៥០ ០០០ ​ដុល្លារ​អាមេរិក​ទៅ​ដល់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដើម្បី​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ចូលក្នុង​សហគមន៍​នៃ​ទីក្រុង​ហូជីមិញ​។

អំណោយ​ដែល​ត្រូវ​ផ្តល់ជូន​ប្រទេស​វៀតណាម ហើយនឹង​ត្រូវ​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស​នៅ​ថ្ងៃ​ចន្ទ​នេះ រួមមាន ម៉ាស់​ធម្មតា​ (Face Mask) ចំនួន​ ១ ​លាន​ម៉ាស់​។ ម៉ាស់​ N95 (Mask N95) ចំនួន​ ១០ ​ម៉ឺន​ម៉ាស់​។ ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​ស្វ័យប្រវត្តិ​ ១០០ ​គ្រឿង និង​មាន​ថវិកា​ដែល​ត្រូវបាន​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ ២០ ​ម៉ឺន​ដុល្លារ ថវិកា សប្បុរសធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា​ចំនួន​ ១០ ​ម៉ឺនដុល្លារ និង​ថវិកា​របស់​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម​ចំនួន ៥ ​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។

កាកបាទ​ក្រហម​កម្ពុជា​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់ខ្លួន​កាលពី​ថ្ងៃទី​ ១៧ ខែកក្កដា​ថា​៖ «​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​សម្រេច​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ ជូន​ដល់​កាកបាទ​ក្រហម​វៀតណាម តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ក្នុង​ការចូលរួម​ដល់​យុទ្ធនាការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​វៀតណាម​»​។

ប្រទេស​វៀតណាម​បាននិង​កំពុង​រង​ការរាតត្បាត​ជំងឺ​កូវីដ ១៩ ​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ វៀតណាម​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ខ្ទង់ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ​។ នេះ​បើតាម​ការលើកឡើង​បន្ថែម​របស់​កាកបាទក្រហម​កម្ពុជា ដោយ​បញ្ជាក់ទៀតថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៧ ខែកក្កដា វៀតណាម មាន​អ្នក​ឆ្លង​កូវីដ​ ១៩ សរុប​ចំនួន ៤៤ ១៨៦ ​នាក់ និង​បាន​ស្លាប់​ចំនួន ២២៥ ​នាក់​។

ចំណែក​លោកស្រី​ ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព កម្ពុជា-វៀតណាម ក៏បាន​សម្រេច​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ៥ ​ម៉ឺន​ដុល្លារ ជូន​ដល់​សមាគម​មិត្តភាព វៀតណាម-កម្ពុជា​ផងដែរ តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ដល់​យុទ្ធនាការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​វៀតណាម​។

លោកស្រី​ឱ្យដឹងថា​៖ «​នេះ​ជា​សមាន​ចិត្ត​របស់​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​មិត្ត​វៀតណាម​ក្នុង​គ្រា​មាន​អាសន្ន​ក្នុង​នាម​មិត្តភាព និង​សាមគ្គីភាព​រវាង​សមាគម​មិត្តភាព​នៃ​ប្រទេស​ទាំង​ ២​។ កន្លងមក​ភាគី​វៀតណាម​ក៏បាន​ជួយ​ដល់​កម្ពុជា តាមរយៈ​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម​ជា​បន្តបន្ទាប់​ក្នុង​ការការពារ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ រួមមាន សម្ភារ​ពេទ្យ ម៉ាស់ និង​ថវិកា​ផងដែរ​»​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចន្ទរឿន ថ្លែង​ពី​ម្សិលមិញ​ថា ការបរិច្ចាគ​ថវិកា និង​បរិក្ខារ​សុខាភិបាល​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​កាកបាទក្រហមកម្ពុជា គឺជា​កាយវិការ​មនុស្សធម៌ ហើយ​ក៏​ជា​ការទូត​បែប​សម័យ​កូវីដ​ផងដែរ​ ដើម្បី​ជា​ការសម្តែង​នូវ​ការឈឺឆ្អាល​ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា​។

លោក​និយាយថា​៖ «​នេះ​ជា​កាយវិការ​មួយ​ចង់​បង្ហាញថា កម្ពុជា​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​កូវីដ រហូតដល់​មានលទ្ធភាព​បរិច្ចាគ​ថវិកា និង​បរិក្ខារ​សុខាភិបាល​មួយចំនួន​ទៅដល់​ប្រទេស​វៀតណាម ដែល​កំពុងតែ​មានការ​ឆ្លងរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ថ្មី​ផងដែរ​»​។

ជាមួយ​គ្នា​នេះ លោក ប៉ា ចន្ទរឿន ក៏បាន​បញ្ជាក់ដែរថា សម្រាប់​ប្រទេស​កម្ពុជា​វិញ ចំនួន​នៃ​អ្នក​ឆ្លង និង​សម្ទុះ​នៃ​ការរីករាលដាល រួម​នឹង​ចំនួន​នៃ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ប្រចាំថ្ងៃ​វិញ វា​ចង់​ឆ្លង​ហួស​បន្ទាត់ក្រហម​ដូច​ការព្រួយបារម្ភ​របស់​ក្រសួង​សុខាភិបាល​។ ស្ថានភាព​នេះ​តម្រូវឱ្យ​រាជរដ្ឋាភិបាល​ប្រឹងប្រែង និង​រិះរក​គ្រប់​មធ្យោបាយ​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ និង​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​។

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​ប្រាប់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​មាន​យន្តការ​នៅក្នុង​ការចែក​ម៉ាស់ ឬ​ការលក់​អាល់កុល​សុទ្ធ​ក្នុងតម្លៃ​សមស្រប​ ឬ​បញ្ចុះតម្លៃ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​យកទៅ​ប្រើប្រាស់​បាន​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​»​។

លោក​បន្ថែមថា​៖ «​កន្លងមក​យើង​ឃើញ​ប្រជាពលរដ្ឋ​មាន​បញ្ហា​រក​ម៉ាស់​ដែលមាន​គុណភាព​មាន​តម្លៃ​សមរម្យ និង​រឿង​ករណី​អាល់កុល​ក្លែងក្លាយ​រាប់ពាន់​លីត្រ​ដែល​កំពុង​ចរាចរ​ក្នុងប្រទេស ដែល​ជា​វត្ថុ​ចាំបាច់​ក្នុង​ការការពារ​ខ្លួន និង​ការទប់ស្កាត់​ជំងឺ​កូវីដ​នាពេល​បច្ចុប្បន្ន​»​។

លោក​ ចន្ទរឿន បន្ថែមថា ប្រសិនបើ​រាជរដ្ឋាភិបាល​មាន​ការចែក​ម៉ាស់​ទៅដល់​ប្រជាពលរដ្ឋ​ទៀត គឺ​កាន់តែ​ប្រសើរ ជាពិសេស​ការចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រីក្រ និង​នៅតាម​ស្រុកស្រែ​ចម្ការ​ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការទិញ​ម៉ាស់​យកមក​ប្រើប្រាស់​។

គួរបញ្ជាក់​ផងដែរ​ថា នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​ផ្តល់ជំនួយ​ម៉ាស់​ដល់​ប្រទេស​ឡាវ មីយ៉ាន់ម៉ា ទីម័រ និង​ប្រទេស​នេប៉ាល់​ផងដែរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​៕