សៀមរាបៈ មន្ត្រី​ស៊ីម៉ាក់ ប្រចាំខេត្ត​សៀមរាប​កាល​ពីថ្ងៃ​ទី​ ១៧ ខែ កក្កដា ឆ្នាំ​ ២០២១ បាន​ចុះទៅ​ប្រមូលយក​គ្រាប់​ចាស់ៗ​ចំនួន ៣០ ​គ្រាប់ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប បន្ទាប់ពី​គ្រាប់​ទាំងនេះ​ត្រូវបាន​ធ្លាក់​ពី​ពិតាន​ដំបូលផ្ទះ​ចាស់​របស់​មន្ត្រីប៉ូលិស​ម្នាក់ ដែល​គ្មាន​មនុស្ស​រស់នៅ​។

លោក អ៊ាន សុធា ប្រធាន​កងឯកភាព​កម្ចាត់​មីន​ទី​ ៤ ​ប្រចាំខេត្ត​សៀមរាប ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៨ កក្កដា​ថា មន្ត្រី​របស់លោក​បាន​ចុះទៅ​ប្រមូលយក​គ្រាប់​នៅផ្ទះ​របស់​ប៉ូលិស​ម្នាក់​ដែល​ទុកចោល​យូរ និង​មាន​សភាព​ទ្រុឌទ្រោម និង​បាន​យកមក​រក្សាទុក​នៅ​ទីតាំង​របស់​ស៊ីម៉ាក់​រួចហើយ​នឹង​ត្រៀម​កម្ទេចចោល​ដោយ​មិនអាច​ទុកចោល​នៅ​ទីនោះ​បានទេ ព្រោះ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​។

គ្រាប់​ដែល​ប្រមូលបាន​នេះ មាន​ដូចជា​គ្រាប់បែកដៃ​ប្រភេទ No-36 ចំនួន​ ៣ ​គ្រាប់ និង​គ្រាប់​កាំភ្លើង​មិន​ស្គាល់​ប្រភេទ​ចំនួន​ ៣០ ​គ្រាប់​ ជា​របស់​ចាស់ៗ​។ ទោះជា​យ៉ាងណា លោក​មិន​បានដឹង​ពី​ប្រវត្តិ​គ្រាប់​ទាំងនេះ​បន្សល់ទុក​ពី​ពេលណា​នោះទេ​។

លោក អ៊ាន សុធា ថ្លែងថា​៖ «​ខ្ញុំ​បាន​សួរ​នាំ​ទៅ​មន្ត្រី​ដែរ ជុំវិញ​គ្រាប់​នេះ​គាត់​បាន​ប្រាប់ថា គ្រាប់​នេះ យក​មកពី​ផ្ទះ​ប៉ូលិស​ដែល​គ្មាន​អ្នករស់នៅ ហើយ​បាន​ធ្លាក់​ពីលើ​ដំបូលផ្ទះ​នៅពេល​ដែល​ពុក​ឈើ​ផ្ទះ វា​ក៏​ធ្លាក់​ចុះមក​។ នៅពេលដែល​ប៉ូលិស​គាត់​ឃើញ​គាត់​ទៅ​ទទួលទាន​កាហ្វេ ថ្ងៃ​សម្រាក​ថ្ងៃ​សៅរ៍​ហ្នឹង ក៏​បាន​ហៅ​មន្ត្រី​របស់​ខ្ញុំ​ឱ្យ​ទៅ​យក​»​។

ទោះជា​យ៉ាងណា​លោក អ៊ាន សុធា បាន​ប្រាប់​ទៅ​មន្ត្រី​ជំនាញ​ថា គឺ​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ពីព្រោះ​វា​អាច​ត្រូវគេ​ចោទ​ពាក់ព័ន្ធ​នឹង​ការយក​គ្រាប់​ដែល​ត្រូវបាន​គេ​លាក់ទុក​ហើយ​ម្ចាស់​គ្រាប់​អាច​រួចខ្លួន​ពី​ច្បាប់​។

លោក ភឹង ចិន្តារ៉េត ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ថ្លែង​ថា លោក​ក៏​ទទួលបាន​ព័ត៌មាន​ជុំវិញ​ការប្រទះ​ឃើញ​នូវ​គ្រាប់​ទាំងនេះ នៅផ្ទះ​ប៉ូលិស​ម្នាក់​ដែរ ប៉ុន្តែ​ជា​គ្រាប់​ចាស់ និង​បន្សល់ទុក​យូរណាស់​មកហើយ​។

ទោះជា​យ៉ាងណា លោក ភឹង ចិន្តារ៉េត បញ្ជាក់ថា មិនមាន​មន្ត្រីនគរបាល​របស់​ស្នងការដ្ឋាន​ខេត្តសៀមរាប​ចុះទៅ​ធ្វើការ​ស៊ើបអង្កេត​ទេ​ជុំវិញ​ករណីនេះ ពីព្រោះ​វា​ជា​គ្រាប់បែកដៃ​ចាស់ៗ​ដែល​អាច​សល់​ពី​សម័យ​សង្គ្រាម ។

បើតាម​លោក អ៊ាន សុធា បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​ ២០២១ នេះ មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់​ប្រចាំ​នៅ​ខេត្តសៀមរាប​បាន​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​​មិនទាន់​ផ្ទុះ គ្រាប់មីន និង​គ្រាប់បែកដៃ​ជាច្រើន​គ្រាប់ បន្ទាប់ពី​ទទួល​បាន​ការរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។

ដោយឡែក​កាល​ដើមខែ​កក្កដា គ្រាប់បែកដៃ​ប្រភេទ 36 UK ផលិត​នៅ​ប្រទេស​អង់គ្លេស​ចំនួន​ ៥០៥ ​គ្រាប់ ​ត្រូវបាន​ប្រទះឃើញ​កប់​ក្នុង​ដី​នៅជាប់​របង​វិទ្យាល័យ ១០ មករា ស្ថិតនៅ​កណ្តាល​ទីក្រុង​សៀមរាប​៕