បន្ទាយមានជ័យៈ សាច់​ និង​ប្រហិត​សាច់ជ្រូក​សរុប​ចំនួន​ ៤ ​តោន ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ចាប់​ផាកពិន័យ​​តាមច្បាប់ ក្រោយពី​រកឃើញ​ដឹក​លើសពី​​លិខិត​អនុញ្ញាត​របស់​ស្ថាប័ន​ជំនាញ​។

លោក​ ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ផលិតផល​សាច់ជ្រូក និង​ប្រហិត​សាច់ជ្រូក ដែល​សមត្ថកិច្ច​ជំនាញ​ចាប់​ផាកពិន័យ​កាលពី​ព្រឹក​ថ្ងៃទី​ ១៧ ខែកក្កដា នោះ​គឺ​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​ក្រុមហ៊ុន ធូខេន អិលជេ ត្រេឌីង ឯ.ក (TOUCAN LJ TRADING CO., LTD)​។

លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ទទួល​​បាន​សិទ្ធិ​នាំចូល​ផលិតផល​សាច់ជ្រូក​ពី​ប្រទេស​ថៃ​មក​ក្នុង​ទីផ្សារ​កម្ពុជា​តែ​ ១ ​តោន​ក្នុង​ ១ ​ថ្ងៃ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ត្រួតពិនិត្យ​ឃើញ​ដឹក​លើសពី​អាជ្ញាប័ណ្ណ​រហូតដល់​ ៣ ​តោន​»​។

លោក​ សារ៉ាត់ បាន​បន្ថែមថា​៖ «​ករណី​​នេះ​សមត្ថកិច្ច​ជំនាញ​យើង​បានសម្រេច​ផាកពិន័យ​ក្រុមហ៊ុន​នេះ តាម​បញ្ញត្តិ​​មាត្រា​ ១១៣ ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​បាន​អប់រំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដឹក​លើសពី​ចំនួន​កំណត់​ដែល​មានចែង​ក្នុង​អាជ្ញាប័ណ្ណ​ដែល​បាន​ស្នើសុំ​»​។

យោងតាម​បញ្ញត្តិ​មាត្រា​ ១១៣ នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ ក្រុមហ៊ុន ធូខេន អិលជេ ត្រេឌីង ឯ.ក នឹងត្រូវ​រង​ការផាកពិន័យ​ជា​ប្រាក់​ពី​ ១០ ​លាន​រៀល ដល់​ ១៥ ​លាន​រៀល​ចំពោះ​ការនាំ​ចូល​ផលិតផល​សាច់សត្វ ដែល​ខុសពី​កិច្ចព្រមព្រៀង​នៃ​អាជ្ញាប័ណ្ណ ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​។

ជុំវិញ​ករណីនេះ លោក តាន់ គឹមឡេង តំណាង​ក្រុមហ៊ុន ធូខេន អិលជេ ត្រេឌីង ឯ.ក បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា កន្លងមក​ក្រុមហ៊ុន​បាន​នាំចូល​ផលិតផល​សាច់សត្វ​ពី​ថៃ​រៀងរាល់ថ្ងៃ ដោយ​ក្នុង​ ១ ​ថ្ងៃ​ ១ ​តោន ប៉ុន្តែ​ ១ ​ខែ​ចុងក្រោយ​នេះ​ដោយសារ​ជំងឺ​កូវីដ​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​របស់លោក អសកម្មភាព​នៃ​ការ​នាំចូល​ផលិតផល​សាច់សត្វ​ពី​ប្រទេស​ថៃ​ដោយ​អន្លើ​។

លោក​ថា​៖ «​ជា​ការពិត​ក្រុមហ៊ុន​យើង​ទទួលបាន​អាជ្ញាប័ណ្ណ អនុញ្ញាត​ការធ្វើ​អាជីវកម្ម នាំចូល​ផលិតផល​សាច់សត្វ​ពី​ប្រទេស​ថៃ ក្នុង​ ១ ​ថ្ងៃ​ ១ ​តោន​។ ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​ថ្លៃ​សេវា​ដឹកជញ្ជូន និង​ចូលរួម​អនុវត្ត​វិធាន​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ក្រុមហ៊ុន​យើង​ក៏​​បានសម្រេច​ផ្លាស់ប្ដូរ​មក​នាំ​ចូលមក​​ធ្វើ​ ២ ​ដង​ក្នុង ​១ ​សប្ដាហ៍​វិញ ដោយ​ម្ដង​​ដឹក​ចន្លោះ​ពី​ ៣ ​តោន​ទៅ​ ៤ ​តោន​»​។

លោក គឹមឡេង បាន​បញ្ជាក់ថា​៖ «​ទោះយ៉ាងណា វា​ជា​កំហុស​របស់​ក្រុមហ៊ុន​យើង ដែល​មិនបាន​ជូនដំណឹង​ដល់​ស្ថាប័ន​ជំនាញ​ និង​អង្គភាព​ពាក់ព័ន្ធ​អំពី​​ការផ្លាស់ប្ដូរ​នេះ ហើយ​យើង​នឹង​បង់ប្រាក់​​ពិន័យ​តាម​ការកំណត់​នៃ​ច្បាប់​»​។

បើតាម​លោក គឹមឡេង សមត្ថកិច្ច​បានប្រគល់​ទំនិញ​នោះ​មកឱ្យ​ក្រុមហ៊ុន​វិញ​ហើយ ក្រោយពី​ពិសោធ​ឃើញថា គ្មាន​សារធាតុ​គីមី​ និង​គ្មាន​មេរោគ​ប៉ះពាល់​ដល់​សុខភាព និង​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនាំចូល​លើសពី​ចំនួន​ដែល​បានកំណត់​​នៅក្នុង​លិខិតអនុញ្ញាត ដែល​ចេញ​ដោយ​ស្ថាប័ន​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕

វីដេអូ៖