
ទិដ្ឋភាពដុតបំផ្លាញគ្រឿងញៀននៅជិតផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ កក្កដានេះ ។ ហេង ជីវ័ន
ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបំផ្លាញចោលគ្រឿងញៀនជិត ៨ តោន ដើម្បីអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ក្នុងនោះ គ្រឿងញៀនជាង ៤ តោន ត្រូវបានដុតបំផ្លាញចោលនៅជិតផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកនេះ ចំណែកគ្រឿងញៀនជាង ៣ តោនទៀត នឹងផ្លាញដោយការបន្សាបតាមលក្ខណៈបច្ចេកទេសនៅពេលក្រោយ។
តាមរបាយការណ៍របស់គណៈកម្មការដុតបំផ្លាញគ្រឿងញៀនក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកនេះបានឲ្យដឹងថា គ្រឿងញៀនដែលដុតបំផ្លាញចោលរួមមាន វត្ថុតាងទទួលបានពីសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តតាកែវ។
ក្នុងរបាយការណ៍បញ្ជាក់ថា «គ្រឿងញៀនដែលត្រូវបំផ្លាញសរុបមានចំនួន ៧ ៦២៤ ៣១០,៥៣ ក្រាម (ប្រាំពីរលានប្រាំមួយរយម្ភៃបួនពាន់បីរយដប់កណ្ដក់សញ្ញាហាសិបបី) ក្រាម ឬស្មើនឹង ៧ ៦២៤,៣១០ គីឡូក្រាម (ប្រាំពីរពាន់ប្រាំមួយរយម្ភៃបួន គីឡូក្រាម ក្បៀសបីរយដប់ក្រាម) ដែលក្នុងនោះ មានវិធីដុតដោយប្រើអណ្តាតភ្លើង និងវិធិបន្សាបតាមបច្ចេកទេសគីមី» ។
គ្រឿងញៀនដែលត្រូវបំផ្លាញដោយវិធីដុតសរុបមានចំនួន ៤ ៣៨៤ ៣១៧,៥៣ ក្រាម (បួនលានបីរយប៉ែតសិបបួនពាន់បីរយដប់ប្រាំពីរកណ្ដក់សញ្ញាហាសិបបី) ក្រាមឬស្មើនឹង ៤ ៣៨៤,៣១៧ គីឡូក្រាម (បួនពាន់បីរយប៉ែតសិបបួនគីឡូក្រាម ក្បៀសបីរយដប់ប្រាំពីរក្រាម) ។
គ្រឿងញៀនដែលត្រូវបំផ្លាញដោយវិធីបន្សាបតាមបច្ចេកទេសគីមីសរុបមានចំនួន ៣ ២៣៩ ៩៩៣ ក្រាម (បីលានពីររយសាមសិបប្រាំបួនពាន់ប្រាំបួនរយកៅសិបបីក្រាម) ក្រាម ឬស្មើនឹង ៣ ២៣៩,៩៩៣ គីឡូក្រាម (បីពាន់ពីររយសាមសិបប្រាំបួនគីឡូក្រាមក្បៀសប្រាំបួនរយកៅសិបបីក្រាម) ។
ដោយសារសារធាតុគីមីផ្សំ និងសារធាតុគីមីប្រភេទខ្លះ មានលក្ខណៈគីមី ឆាបឆេះខ្លាំង និងបង្កើតកម្រិតពុលខ្ពស់ មិនអាចបំផ្លាញដោយវិធីដុតបានព្រោះពាក់ព័ន្ធបញ្ហាសុវត្ថិភាពនិងបរិស្ថាន ក្រុមការងារបច្ចេកទេសបានបែងចែករបៀបបំផ្លាញជា ២ វគ្គ ដាច់ដោយឡែកពីគ្នា គឺការបំផ្លាញដោយវិធីដុត និងការបំផ្លាញដោយវិធីបន្សាបតាមបច្ចេកទេសគីមីមានសុវត្ថិភាព។
ចំពោះសារធាតុដែលត្រូវការបន្សាប គណៈកម្មការដុតបំផ្លាញគ្រឿងញៀនសម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបចេ្ចកទេសនៅពេលក្រោយ៕