ព្រះសីហនុៈ មន្រ្តី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ ​បានអះអាង​ថា ​ត្រីផ្សោត​ដែល​បានងាប់​អណ្តែត​ទឹក​មក​ទើរ​នៅឆ្នេរ​ពយ​យាយម៉ៅ ​គឺជា​ផ្សោត​ឈ្មោល ​ដែល​មាន​ទម្ងន់​ ៩០ គីឡូ​ក្រាម។ វា​ត្រូវបាន​គេ​ប្រទះ​ឃើញ​កាលពី​យប់​ថ្ងៃទី​ ១៨ ​ខែកក្កដា​ នៅ​ចំណុច​ភូមិ​គគីរ ​ឃុំ​បិតត្រាំង​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។

លោក ​ឯម ភា ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ ​បានប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ១៩ ​ខែកក្កដា​ថា ​ក្រោយពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ទៅលើ​ស្លាក​ស្នាម​របួស​របស់​វាបង្ហាញ​ថា ​វា​បានងាប់​ដោយសារ​ជាប់​មង​របស់​ប្រជា​នេសាទ ​នៅ​ក្នុង​តំបន់​ខាង​លើ​នេះ។

លោក​បានបញ្ជាក់​ថា​៖ «ព្រុយ​កន្ទុយ ​និង​ព្រុយ​ក្បាល​របស់​វា​បានដាច់​ ហើយ​មាត់​របស់​វា​ក៏មាន​ស្នាម​ដាច់​រលាត់​ និង​មាន​ជាប់​សរសៃ​មង​ជាប់​ធ្មេញ​របស់​វា​ផង​ដែរ។ តាមរយៈ​ស្លាក​ស្នាម ​និង​សរសៃ​មង​នោះ ​យើង​អាច​សន្និដ្ឋានថា ​សត្វផ្សោត​ដ៏​កម្រនេះ ​ងាប់​ដោយ​សារ​ជាប់​មង​របស់​ប្រជា​នេសាទ»។

បើ​តាម​លោក​ ឯម ភា ​ត្រី​ផ្សោត​សមុទ្រ​នោះ ​មាន​ប្រវែង​ ២,២៤ ម៉ែត្រ ​និង​ទទឹង ​០,៦០ ម៉ែត្រ ​ជាប្រភេទ​សត្វ​កម្រ​ស្ថិត​ក្នុង​អម្បូរ​ ផ្សោត​ឃ្លៀច ​និង​មាន​ឈ្មោះ​វិទ្យាសាស្ត្រ ​ថា ​Indo-Pacific Humpback Dolphin ​ដែល​ត្រូវ​ការពារ​ដោយ​អនុក្រឹត្យ​លេខ​ ១២៣ អ.ន.ក្រ។ ផ្សោត​ប្រភេទ​នេះ​ចូល​ចិត្ត​រស់​នៅ​និង​ហែលទឹក​លេង​ជាក្រុម។ ជារឿយៗ​ក្រុម​របស់​វា​តែងតែ​មក​បង្ហាញ​ខ្លួន​នៅ​តំបន់​ឆក​នៃ​ឆ្នេរ​សមុទ្រ​កម្ពុជា ​នា​រដូវ​វស្សា ​ជាពិសេស​នៅ​តំបន់​កោះ​ព្រីង ​និង ​កោះ​មួយចំនួន​ទៀត​នៃ​ប្រជុំ​កោះរ៉ុង។

ទោះជា​បែបណា​ក្ដី ​រហូត​មកទល់​ពេល​នេះ ​ក្រុម​ជំនាញ​ការ​រដ្ឋបាល​ជលផល​នៃ​ប្រទេស​កម្ពុជា ​នៅ​មិនទាន់​បាន​សិក្សា​លម្អិត​អំពី​ចំនួន​របស់​សត្វ​ផ្សោត​នេះ​នៅ​ឡើយ​ទេ។

លោក​ ឯម​ ភា ​បានបន្ថែម​ថា ​ក្រោយពី​ពិនិត្យ​ និង​កត់​ត្រា​អំពីមូល​ហេតុ​នៃ​ការស្លាប់​របស់​ផ្សោត​ឈ្មោល​ដ៏​កម្រនេះ ​ក្រុម​មន្ត្រី​ជំនាញ​បានសម្រេច​ធ្វើការ​កប់​សព​របស់​វា​នៅលើ​ឆ្នេរ​ខ្សាច់​ ក្បែរ​ទីតាំង​ពយ​យាយម៉ៅ ​ប្រមាណ ​៥០០ ម៉ែត្ រ​ដើម្បី​ការពារ​ផល​ប៉ះពាល់​នៃ​បរិស្ថាន៕