
សត្វក្រៀលដែលមានវត្តមាននៅកម្ពុជា។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី ១៩ ខែកក្កដា នេះថ្លែងថា សត្វក្រៀល គឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោកហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលទាមទារទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត។
លោក នេត្រ ភក្ត្រា បានពន្យល់ថា ចំនួនសត្វក្រៀលត្រូវបានធ្លាក់ចុះយ៉ាងច្រើននាប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារតែអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាបង្កកំណើតមានកម្រិតទាបនៅឡើយ។
ការធ្លាក់ចុះចំនួនសត្វក្រៀលនៅទូទាំងពិភពលោកនេះ គឺបណ្ដាលមកពីកត្តាគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ ដូចជាការបាត់បង់តំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់របស់សត្វក្រៀល ការរំខាននៅតំបន់ពងកូន ដែលនាំឱ្យអត្រាបង្កកំណើតទាប ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវវត្តមានចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង ការយកស៊ុត ឬកូនសត្វក្រៀលពីសម្បុកដើម្បីចញ្ចឹម ឬជួញដូរ ការសម្លាប់ដោយសត្វឆ្កែខាំ និងការប្រែប្រួលអាកាសធាតុជាដើម។
លោកបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវាដោយឧទ្យានុរក្ស តែងតែល្បាតនៅតំបន់ការពារធម្មជាតិដែលជាជម្រករបស់សត្វក្រៀល។ ធ្វើការសិក្សាពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងដាក់តំបន់ដីសើមសំខាន់ៗជាតំបន់ការពារធម្មជាតិ និងធ្វើជំរឿនសត្វក្រៀលជារៀងរាល់ឆ្នាំ ដើម្បីប្រមូលនិងរក្សាទុកទិន្នន័យជាក់លាក់នៃចំនួនសត្វក្រៀលនៅប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងក៏បានលើកទឹកចិត្តដល់សម្មភាពអភិរក្ស និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ និងការសាកល្បងធ្វើស្រូវមិត្តក្រៀល។ លើសពីនេះទៀត យើងបានធ្វើការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសត្វក្រៀលដល់សាធារណៈ និងតែងតែរៀបចំប្រារព្ធទិវាតំបន់ដីសើមពិភពលោក និងទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោកជាដើម»។
លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ថ្លែងថា ទោះបីជាសត្វក្រៀលរស់នៅជាហ្វូងក៏ដោយពួកវាក៏នៅតែរស់នៅជាក្រុមគ្រួសារផ្សេងៗគ្នា ដោយស្រែកច្រៀងដាក់គ្នាទៅវិញទៅមក។ នេះអាចជាការបញ្ជាក់ពីភក្ដីភាពរបស់ពួកវា ឬការបញ្ចេញសញ្ញាថា ពួកវាកំពុងត្រូវបានទទួលរងការគំរាមកំហែងជាដើម។
លោកបន្តថា សត្វក្រៀលទាំងអស់ជាសព្វាសី មានន័យថាពួកវាស៊ីទាំងរុក្ខជាតិ និងសត្វ។ សត្វក្រៀលស៊ីរុក្ខជាតិទឹក មើមរុក្ខជាតិ សត្វឥតឆ្អឹងកង គ្រាប់ធញ្ញជាតិ និងសត្វឆ្អឹងកងតូចៗ ព្រមទាំងសត្វល្អិតជាអាហារ។ សត្វក្រៀលប្រើចំពុះវែងរឹងមាំរបស់វាសម្រាប់ចឹកស៊ីមើមផ្លុង និងសត្វល្អិតពីក្នុងភក់ល្បាប់។ ជូនកាលពួកវាចឹកប៉ះចំត្រី ឬកង្កែបទោះបីជាពួកវាមានការលំបាកក្នុងការបំបែកអាហារទាំងនេះជាចំណែកតូចៗដើម្បីលេបក៏ដោយ។
លោកថ្លែងថា៖ «បន្ទាប់ពីកសិករបានច្រូតកាត់ប្រមូលផលស្រូវរួចសត្វក្រៀលនឹងទៅរកចំណីក្នុងវាលស្រែទាំងនោះដោយស៊ីគ្រាប់ស្រូវដែលជ្រុះក្នុងស្រែ។ មេបារបស់សត្វក្រៀលបង្រៀនកូនរបស់វាពីវិធីរកចំណី ព្រមទាំងពាំនាំយកចំណីឱ្យកូន ទោះបីជាកូនរបស់វាធំធាត់ស្ទើរតែពេញវ័យហើយក៏ដោយ» ៕
វីដេអូ៖