ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បំផ្លាញចោលគ្រឿងញៀនជិត ៨ តោន ដើម្បីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី ២៦ មិថុនា ដែលមិនបានប្រារព្ធដោយសារបញ្ហាកូវីដ ១៩ ហើយលើកមកប្រារព្ធនាថ្ងៃទី ១៩ កក្កដា និងបានដុតបំផ្លាញចោលគ្រឿងញៀនជាង ៤ តោន នៅទីតាំង ១ កន្លែងក្បែរផ្លូវ ៦០ ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោម។ ចំណែក ៣ តោនទៀតនឹងធ្វើការបន្សាបតាមលក្ខណៈបច្ចេកទេសគីមីនៅពេលក្រោយ។
លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រធានគណៈកម្មការដុតបំផ្លាញគ្រឿងញៀន ថ្លែងពីម្សិលមិញថា គ្រឿងញៀនដែលបានដុតបំផ្លាញចោលមានវត្ថុតាងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តស្វាយរៀង កំពង់ឆ្នាំង ព្រៃវែង និងខេត្តតាកែវ។
លោកបន្តថា គ្រឿងញៀនទាំងនោះមានសំណុំរឿងព្រហ្មទណ្ឌចំនួន ៣៩ សំណុំរឿងរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានគ្រឿងញៀន និងសារធាតុគីមីផ្សំផលិតគ្រឿងញៀនទម្ងន់សរុបចំនួន ៧ ៥៥១,៥០៦ គីឡូក្រាមសំណុំរឿងរបស់សាលាដំបូងខេត្តស្វាយរៀងចំនួន ៥៧ សរុបគ្រឿងញៀនដែលត្រូវដុតមាន ៣ ៤៣៥៨,៧៦ ក្រាម សាលក្រមព្រហ្មទណ្ឌស្ថាពរចំនួន ១២១ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង គ្រឿងញៀន សរុបដែលត្រូវដុតមានចំនួន ៣៨៧,៨០ ក្រាម។
សំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តព្រៃវែងចំនួន ៨៤ គ្រឿងញៀនដែលត្រូវដុតបំផ្លាញ ១ ១៦១,០២ ក្រាម និងសំណុំរឿងចំនួន ៣៨ របស់សាលាដំបូងខេត្តតាកែវមានគ្រឿងញៀនសរុប ដែលត្រូវដុតបំផ្លាញ ៨២៨,៤៦ ក្រាម និងកញ្ឆាក្រៀមចំនួន ៣៦ គីឡូក្រាម។

លោកថ្លែងថា៖ «គ្រឿងញៀនដែលត្រូវបំផ្លាញសរុបមាន ៧ ៦២៤,៣១០ គីឡូក្រាម។ ក្នុងនោះមានវិធីដុតដោយប្រើអណ្តាតភ្លើង និងវិធីបន្សាបតាមបច្ចេកទេសគីមី។ គ្រឿងញៀនដែលត្រូវបំផ្លាញចោលដោយវិធីដុតសរុបចំនួន ៤ ៣៨៤,៣១៧ គីឡូក្រាម គ្រឿងញៀនដែលត្រូវបំផ្លាញដោយវិធីបន្សាបតាមលក្ខណៈបច្ចេកទេសគីមីសរុបចំនួន ៣ ២៣៩,៩៩៣ គីឡូក្រាម» ។
លោក ច្រឹង ខ្មៅ បញ្ជាក់ថា សារធាតុគីមីផ្សំ និងសារធាតុគីមីប្រភេទខ្លះមានលក្ខណៈគីមី ដែលឆាបឆេះខ្លាំង និងបង្កើតកម្រិតជាតិពុលខ្ពស់មិនអាចធ្វើការបំផ្លាញដោយវិធីដុតបាន ព្រោះពាក់ព័ន្ធបញ្ហាសុវត្ថិភាព និងបរិស្ថាន។ ហេតុនេះ ក្រុមការងារបច្ចេកទេសបានធ្វើការបែងចែករបៀបបំផ្លាញជា ២ វគ្គ ដាច់ដោយឡែកពីគ្នា គឺបំផ្លាញដោយវិធីដុត និងបំផ្លាញដោយវិធីបន្សាប តាមបច្ចេកទេសគីមីមានសុវត្ថិភាព។
លោកថ្លែងថា៖ «ចំពោះសារធាតុដែលត្រូវធ្វើការបន្សាប គណៈកម្មការដុតបំផ្លាញគ្រឿងញៀនសម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបច្ចេកទេសនៅពេលក្រោយ»។
បើតាមលោក ច្រឹង ខ្មៅ នេះគឺជាព្រឹត្តិការណ៍ដ៏ធំលើកទី ៦ ហើយ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញឱ្យសាធារណជន និងប្រជាពលរដ្ឋបានឃើញថា សមត្ថកិច្ចពិតជាបានធ្វើការដុតបំផ្លាញវត្ថុតាងជាច្រើនលើសសព្វមួយដង ដែលបានបង្ក្រាបនាពេលកន្លងមក។
លោកនិយាយថា៖ «មានមតិជាច្រើនបានលើកឡើងថា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានហើយមិនដឹងជាយកទៅណា? នេះគឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឱ្យសារធារណជនទូទៅបានឃើញ»។
លោកបានបញ្ជាក់ថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឱ្យមានភាពអន្តរាយត្រូវបានដុតបំផ្លាញចោល នាឱកាសប្រារព្ធទិវាគ្រឿងញៀនអន្តរជាតិលើកទី ២២ ដែលត្រូវបានពន្យារពេលមកប្រារព្ធនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ ដោយសារបញ្ហាជំងឺកូវីដ ១៩។
លោក ហង្ស ជឿន ប្រធានមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន (ឌីធីអេ) សម្តែងការអបអរសាទរដល់អាជ្ញាធរមានសមត្ថកិច្ចដែលបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសគ្រឿងញៀនបានច្រើន ដើម្បីយកទៅបំផ្លាញចោល។ លោកថា បរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើសមត្ថកិច្ចធ្វើការបង្ក្រាបមិនទាន់ពេលនោះទេ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសអនាគតយុវវ័យ ដែលជាទំពាំងស្នងឫស្សីរាប់ពាន់នាក់។
មន្ត្រីសង្គមស៊ីវិលរូបនេះបាននិយាយថា៖ «ខ្ញុំយល់ថា អាជ្ញាធរធ្វើបែបហ្នឹង គឺដើម្បីកាត់បន្ថយការចរាចរ និងការជួញដូរគ្រឿងញៀនក្នុងស្រុកយើង។ ចំណែកខាងខ្ញុំគ្រាន់តែជាកូនមណ្ឌលមួយ ដែលចូលរួមជួយដល់វិបត្តិនៃបញ្ហាគ្រឿងញៀនចំពោះសង្គមជាតិបានមួយចំណែកតូច ហើយសម្រាប់តែអ្នកដែលញៀនគ្រឿងញៀន ហើយមកព្យាបាលប៉ុណ្ណោះ»៕