ឧត្តរមាន​ជ័យ/សៀមរាបៈ រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រេច​បិទ​ខ្ទប់​ខ្នង​ផ្ទះ និង​មី​នី​ម៉ា​ត​ចំនួន ៤ ទីតាំង​ជា​បណ្តោះអាសន្ន​ នៅ​ក្រុង​សំរោង​ខណៈ​រដ្ឋបាលខេត្ត​សៀមរាប​ សម្រេច​បិទតូប​ផ្សារ​ជាង ១០ តូប ស្ថិតនៅ​ស្រុក​ពួក បន្ទាប់ពី​រកឃើញ​វិជ្ជមាន​កូ​វីដ ១៩។

សេចក្តីជូនដំណឹង​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក ប៉ែន កុស​ល្យ ចុះ​ថ្ងៃទី ១៩ ខែកក្កដា​ បានសម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ចំនួន ៤ កន្លែង ស្ថិតនៅ​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាប់ពី​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២១ រហូតដល់​មានការ​សម្រេច​ជាថ្មី ដោយ​មូលហេតុ ទីតាំង​មានការ​ពាក់ព័ន្ធ​នឹង​ករណី​អ្នកជំងឺ​កូ​វីដ ១៩ ។

សេចក្តីជូនដំណឹង​បន្តថា ទីតាំង​ដែល​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​រួមមាន ហាង​មី​នី​ម៉ា​ត​ឈ្មោះ វ័​ន្ត ធីតា ស្ថិតនៅ​ភូមិ​ឈូក និង​បី​ទីតាំង​ផ្សេងទៀត​ ជា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ផ្សេងគ្នា​តែ​ស្ថិតនៅ​ក្រុង​សំរោង​តែមួយ។

សេចក្តីជូនដំណឹង​បន្តទៀតថា ក្នង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ក្រុង​សំរោង បាន​ហ៊ុមព័ទ្ធ​ទីតាំង​ចំនួន ៤ ក​ន្លែ​នេះ ​ដោយ​ផ្អាក​ការចេញ-ចូល​ និង​ត្រូវស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​វត្ថុ​សំណាក និង​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ត្រូវគោរព​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម វិធានការ​សុខាភិបាល​របស់​រាជរ​ដ្ឋា​ភិ​បាល និង​វិធានការ​នានា​របស់​រដ្ឋ​បាល​ខេត្ត​ដែលមាន​ជា​ធរមាន។

សេចក្តីជូនដំណឹង​ឱ្យដឹងទៀតថា ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ ឬ ប្រយោល​ក្នុង​ព្រឹត្តិការណ៍​ខាងលើ ត្រូវដាក់​ខ្លួន​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​ តាម​វិធាន​សុខាភិបាល ឬ​បើ​មាន​រោគសញ្ញា ផ្តាសាយ ហៀរ​សំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួន​ខ្លាំង ឬ​រោគសញ្ញា​សង្ស័យផ្សេងៗទៀត សូម​ធ្វើការ​ទាក់ទង ក្រុមការងារ​ប្រចាំការ និង​យក​សំណាក​ដែលមាន​ទីតាំង​ស្ថិតនៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត ឬ​ទំនាក់ទំនង​សាក សួរ​ព័ត៌មានផ្សេងៗតាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៤៩៩ ១៩២។

ប្រធាន​មន្ទីរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក ផល លឹម ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​ គិត​ត្រឹម​ថ្ងៃទី ១៨ ខែកក្កដា​ ខេត្តឧត្តរមាន​ជ័យ មាន​អ្នក​វិជ្ជមាន​កូ​វីដ ១៩ ចំនួន ២ ៧៧៦ នាក់ ករណី​នាំចូល​ចំនួន ២៥ ៨៥ នាក់ និង​ករណី​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ​ចំនួន ១៩១ នាក់ ព្យ​បាល​ជាសះស្បើយ​សរុប​ចំនួន ៥២៨ នាក់ ករណី​ស្លាប់​ចំនួន ៦ នាក់​ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ២២ ៤២ នាក់។

ជាមួយគ្នានេះដែរ អាជ្ញាធរ​ស្រុក​ថ្មពួក ខេត្តសៀមរាប កាលពី​យប់​ថ្ងៃទី ១៨ ខែកក្កដា​ បានសម្រេច​បិទតូប​ផ្សារ​ជាង ១០ តូប ក្រោយ​រក​អាជីវករ​វិជ្ជមាន​ន​កូ​វីដ ១៩។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​លោក លីវ សុខុន បាន​ថ្លែងថា ដោយសារ​មាន​ផលប៉ះពាល់​តិចតួច​ អាជ្ញាធរ​ស្រុក​មិនបាន​បិទ​ផ្សារ​ទាំងមូល​នោះទេ គឺ​បិទតូប​មួយចំនួន​ដែលមាន​ការជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល។

លោក​ថា ៖«គឺ​អាជ្ញាធរ​បាន​បិទតូប​ផ្សារ ១១ ឬ ១២ តូប​អីហ្នឹង អត់​មាន​បិទ​ផ្សារ​ទាំងមូល​នោះទេ ហើយ​អត់​មាន​វិធាន​ការប្រមូល​សំណាក​ទេ តែ​តម្រូវឱ្យ​អ្នកពាក់ព័ន្ធ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​នៅផ្ទះ ១៤ ថ្ងៃ និង​តាមដាន​អាកា​រៈ​ជាប្រចាំ ក្នុងករណី​មិន​ស្រួលខ្លួន​ អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ដែល​អាជ្ញាធរ​បាន​ណែនាំ ដើម្បី​ធ្វើ​សំណាក»។

លោក​បន្តថា៖ «ក្នុង​ផ្សារ​នោះ​រកឃើញ​អ្នក​ឆ្លង​មានតែ ២ នាក់ ទី១ គឺ​ម្តាយ​ជា​អាជីវ​ករលក់​ក្នុង​ផ្សារ ទី២ កូន​មាន​វិជ្ជមាន​កូ​វីដ ១៩ ចឹ​ង​ប្រហែលជា​ម្តាយ​ឆ្លង​ពី​កូន ព្រោះ​កូន​តេស្ត​ទៅ​វិជ្ជមាន ហើយ យកទៅ​កន្លែង​សម្រាក​ព្យាបាល​ហើយ ក្រោយមក​តេស្ត​ម្តាយ​ឃើញ​វិជ្ជមាន​កូ​វីដ​ដែរ ទើប​អាជ្ញាធរ​គេ​សម្រេច​បិទតូប​គាត់ និង​តូប​ពាក់ព័ន្ធ»។

លោក ​លីវ សុខុន បន្តថា បច្ចុប្បន្ននេះ អាជ្ញាធរ​បាន​យក​ខ្សែ​ហ៊ុមព័ទ្ធ​ទីតាំង​តូប​ដែល​ត្រូវបាន​បិទ​ទាំងនោះ ចំណែក​តូប​ផ្សារ​ដទៃទៀត​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នៅ​បើក​លក់​ធម្មតា។

រដ្ឋបាល​ខេត្តសៀមរាប បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ១៨ ខែកក្កដា​នេះ មាន​អ្នក​វិជ្ជមាន​កូ​វីដ ១៩ ចំនួន ៣ ១១៧ នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន ១ ៣៦១ នាក់ ស្លាប់ ២៦ នាក់ និង ១ ៧៣០ នាក់ កំពុង​សម្រាក​ព្យាបាល៕