
មន្ត្រីបរិស្ថានចុះដើរដកបង្គោលរបងដែលគេបោះវាតយកដី នៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ។ រូបថត សហការី
កំពង់ស្ពឺៈ មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺកំពុងស្វែងរកអ្នកលួចបោះបង្គោលរបងព័ទ្ធវាតយកដីឧទ្យានជាតិគិរីរម្យនៅចំណុចភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ដើម្បីដោះស្រាយតាមច្បាប់ បន្ទាប់ពីចុះបង្ក្រាប និងដកបង្គោលរបងបាន ៣ ០០០ ដើម និងលួស ១៥ ខ្សែ ប្រវែង ៤ ២០០ ម៉ែត្រ។
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺថ្លែងពីម្សិលមិញថា ពេលនេះមន្ត្រីបរិស្ថានកំពុងស្វែងរកអ្នកលួចចូលដាំបង្គោលរបងព័ទ្ធយកដីឧទ្យានជាតិគិរីរម្យ នៅក្នុងភូមិចំការតែ ឃុំចំបក់ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សបានចុះទៅដកបង្គោលរបងបាន ១ ៥០០ ដើមលួស ១២ ខ្សែប្រវែង ២ ២០០ ម៉ែត្រ ផ្ទះឈើប្រក់ស័ង្កសី ៣ ខ្នង និងរោងឈើប្រក់ស័ង្កសី ៦ រោងក្នុងពេលថ្មីៗនេះ នៅក្នុងភូមិចំការតែ។
លោកថ្លែងថា៖ «ក្នុងប្រតិបត្តិការហ្នឹង មន្ត្រីឧទ្យានុរក្សដែលចុះទៅដល់ទីតាំងជាក់ស្តែងបានដកបង្គោលរបង ដុតបំផ្លាញចោលនៅនឹងកន្លែង។ ជាមួយគ្នានោះ ផ្ទះឈើប្រក់ស័ង្កសី ៣ ខ្នង និងរោងឈើប្រក់ស័ង្កសីចំនួន ៦ រោងក៏ត្រូវបានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ»។
លោកប្រធានមន្ទីរបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែកក្កដា មន្ត្រីឧទ្យានុរក្សបានចុះទៅដកបង្គោលរបងនៅទីតាំងចំនួន ៤ កន្លែង ក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ដកបង្គោលរបងសរុបបានចំនួន ៣ ០០០ ដើម លួសបន្លា ១៥ ខ្សែ ប្រវែង ៤ ២០០ ម៉ែត្រ ផ្ទះឈើប្រក់ស័ង្កសីចំនួន ៣ និងរោងឈើប្រក់ស័ង្កសីចំនួន ៦ រោងផងដែរ។
លោក រ័ត្ន ថាវី មន្ត្រីសម្របសម្រួលសមាគមអាហុដប្រចាំខេត្តកំពង់ស្ពឺថ្លែងថា លោកមិនបានដឹងពីរឿងលួចចូលបោះបង្គោលរបងនៅក្នុងឧទ្យានជាតិគិរីរម្យនោះទេ ប៉ុន្តែបើសិនជាមានការលួចព័ទ្ធរបងវាតយកដីសាធារណៈរបស់រដ្ឋមែននោះ ការចុះទៅបង្ក្រាបរបស់មន្ត្រីបរិស្ថាន គឺជារឿងត្រឹមត្រូវ ដើម្បីការពារដីរដ្ឋឱ្យនៅគង់វង្សកុំឱ្យមានជនខិលខូចមួយចំនួនដើរចាប់យកផ្តេសផ្តាស។
លោកថ្លែងថា៖ «វិធានការរបស់អាជ្ញាធរ គឺជារឿងល្អមួយដែរ កុំឱ្យចេះតែមានការចូលទៅព័ទ្ធយកដីពាសវាលពាសកាលយូរៗទៅធ្វើឱ្យបាត់បង់ដីសាធារណៈរបស់រដ្ឋអស់» ៕
វីដេអូ៖