ភ្នំពេញៈ មន្ដ្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​កំពុង​យក​សំណាក​លើ​មនុស្ស​ជិត ១០០ ​នាក់​ចម្រុះ​ជាតិសាសន៍​គ្នា ក្រោយពី​បង្ក្រាប​ទីតាំង​កម្សាន្ត​មួយកន្លែង​នៅក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​កាលពី​ថ្ងៃទី​ ១៩ ​ខែ​កក្កដា ដែល​បើក​ឱ្យមាន​ការប្រមូល​ផ្ដុំគ្នា​ផ្ទុយ​នឹង​វិធាន​ប្រឆាំង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១៩ ខែកក្កដា កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​ទីតាំង​កម្សាន្ត​មួយកន្លែង​ឈ្មោះ Love Club ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចម្រុះ​ជាតិ​សាសន៍​ជិត​ ១០០ នាក់​យក​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​រហូតដល់​ពេលនេះ យើង​មិនទាន់​អាច​អនុវត្ដ​នីតិវិធី​អ្វី​ចំពោះ​មនុស្ស​ទាំងនេះ​ទេ ព្រោះ​យើង​ត្រូវធ្វើ​សំណាក​ពួកគេ​រក​មេរោគ​កូវីដ​ ១៩ ​សិន ក្រោយ​ពេលធ្វើ​សំណាក​រួច​ទើប​យើង​អនុវត្ដ​នីតិវិធី​តេស្ត​រក​សារធាតុ​ញៀន និង​សាកសួរ​បន្តទៀត បើសិន​ជាមាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ គឺ​យើង​បញ្ជូនទៅ​ព្យាបាល បើ​គ្មាន​ជំងឺ​កូវីដ គឺ​បន្ត​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ទើប​ឈានដល់​ការសាកសួរ​»​។

លោក សុខសីហា បានឱ្យដឹងថា កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ គឺ​បន្ត​អនុវត្ដ​ជាប្រចាំ​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បើសិន​ជា​មាន​ទីតាំង​ណាមួយ​ដែល​លួច​ប្រកប​អាជីវកម្ម​ល្មើស​ទៅនឹង​សេចក្ដី​ណែនាំ​នឹង​ត្រូវ​បិទ​ទីតាំង និង​ឃាត់​អ្នកពាក់ព័ន្ធ​មក​សាកសួរ​អនុវត្ដ​តាមច្បាប់​ស្របទៅ​នឹង​វិធានការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក សុខសីហា បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប និង​បិទ​ទីតាំង​ដែល​លួច​បើក​ខារ៉ាអូខេ ឬ​កន្លែង​កម្សាន្ត​ជា​បន្តបន្ទាប់​។

លោក ម៉េត មាសភក្ដី មន្ដ្រី​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​បានទេ​កាលពី​ម្សិលមិញ​។

ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោយពី​មាន​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៃ​ព្រឹត្ដិការណ៍​ ២០ កុម្ភៈ​បាន​ចេញ​នូវ​សេចក្តី​ជូនដំណឹង និង​សេចក្ដី​ណែនាំ​ឱ្យ​បន្ត​បិទ​សកម្មភាព​អាជីវកម្ម​កម្សាន្ត​​ដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និង​បៀរហ្គាឌិន និង​ការជួបជុំ​មនុស្ស​ច្រើន​នាក់ ដើម្បី​បញ្ចៀស​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​សហគមន៍​។

ទីតាំង​កម្សាន្ត Love club ស្ថិតនៅ​អគារ​កម្ពស់​ ១៦ ​ជាន់​នៅតាម​បណ្តោយ​ផ្លូវ ៥៥ ​កែង​នឹង​ផ្លូវ​ ២២២ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​នោះ គឺ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចម្រុះ​ជាតិសាសន៍ ប្រុស​ និង​ស្រី​សរុប​ចំនួន ៨៧ ​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន ៣៤ ​នាក់ និង​ដកហូត​ទូដែក​ចំនួន​មួយ​, ម្សៅ​ស សង្ស័យ​ជា​សារធាតុ​ញៀន​មួយចំនួន​តូច​, រថយន្ត​ជាច្រើន​គ្រឿង រួមទាំង វត្ថុតាង​ជាច្រើន​ផ្សេងទៀត​។

បច្ចុប្បន្ន មនុស្ស​ និង​វត្ថុតាង​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕