ភ្នំពេញៈ ​រដ្ឋមន្ត្រី​ការបរទេស​លោក​ ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​ជាមួយ​លោក​ ស៊ូប្រា ម៉ានយ៉ាំចៃហ្សានកា រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា ដឹកនាំ​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​មេគង្គ-គង្គា លើក​ទី​ ១១ នៅ​ថ្ងៃទី​ ២១ ខែកក្កដា តាម​ប្រព័ន្ធ​វីដេអូ​។

រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​មេគង្គ​ផ្សេងទៀត រួមមាន​ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម​ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បញ្ជាក់​នៅ​ថ្ងៃទី​ ១៩ ខែកក្កដា​ថា រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​នឹង​ពិនិត្យ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​ចាប់តាំងពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-គង្គា លើក​ទី​ ១០ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃទី​ ១ ខែសីហា ឆ្នាំ​ ២០១៩​។

កិច្ចប្រជុំ​នេះ​ក៏​នឹង​ពិភាក្សា​អំពី​ការកំណត់​ទិសដៅ អនាគត​នៃ​កិច្ចសហប្រតិបត្តិការ ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា រដ្ឋមន្ត្រី​ទាំងអស់​រំពឹង​ថា​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ចំណាប់អារម្មណ៍ និង​ជា​ក្តីបារម្ភ​រួម​។

ក្រសួង​ការបរទេស​ឱ្យដឹងថា​៖ «​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-គង្គា លើក​ទី​១១ តាម​ប្រព័ន្ធ​វីដេអូ​នេះ បញ្ជាក់​អំពី​សមិទ្ធផល​ថ្មី​បន្ថែមទៀត ក្រោម​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​ក្នុង​រយៈពេល ២១ ​ឆ្នាំកន្លងមក​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​នៅក្នុង​អនុតំបន់​មេគង្គ និង​ប្រទេស​ឥណ្ឌា​ស្របពេល​ជាមួយ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ឥណ្ឌា និង​ប្រទេស​មេគង្គ​តាមរយៈ​ទំនាក់ទំនង​វប្បធម៌ និង​រវាង​ប្រជាជន និង​ប្រជាជន​»​។

ក្នុង​ការអបអរ​ខួប​ទី​២០ ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ កិច្ចប្រជុំ​នឹងមាន​ការបើក​សម្ពោធ​ឱ្យ​ដំណើរការ​នូវ​គេហទំព័រ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​ថ្មី​មួយ និង​ការចាក់​បង្ហាញ​ឯកសារ​វីដេអូ ដែល​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​សង្គម-​វប្បធម៌​របស់​ប្រទេស​សមាជិក​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៩ ខែកក្កដា ថា កម្ពុជា​មាន​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា និង​ឥណ្ឌា-អាស៊ាន ដែលជា​យន្តការ​ពហុភាគី​។

កិច្ចប្រជុំ​នេះ គឺជា​ការធ្វើ​ពិពិធ​កម្ម​ការទូត​របស់​កម្ពុជា ថែម​មួយកម្រិត​ទៀត​ទៅលើ​យន្តការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ឥណ្ឌា​។ លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា តាមរយៈ​កិច្ចប្រជុំ​នេះ​យើង​នឹងមាន​ច្រក​ការទូត​ដ៏សំខាន់​បន្ថែម​មួយទៀត​សម្រាប់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា ជា​ទ្វេភាគី​នឹង​បានល្អ​ប្រសើរ​ជាង​មុន​។ ឥណ្ឌា​ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​ល្អ​ស្រាប់​ជាមួយ​កម្ពុជា តាំងពី​សម័យ​សង្គ្រាមត្រជាក់​មក​ម្ល៉េះ​ហើយ​ជា​ប្រទេស​ស្ថាបនិក​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ដូចគ្នា​»​។

លោក​ថ្លែងថា ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា និង​លទ្ធភាព​នៃ​ការវិនិយោគ​របស់​ឥណ្ឌា​មក​កាន់​កម្ពុជា គួរតែ​ជំរុញ​បន្ថែម​។

លោក គិន ភា បានកត់សម្គាល់​ឃើញថា អ្វីដែល​ឥណ្ឌា​ធ្វើបាន​ល្អ​នោះ គឺ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន និង​ការផលិត​ឱសថ​។ លោក​ថ្លែងថា​៖ «​ឥណ្ឌា​គួរ​ជួយផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា​បន្ថែមទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​»​។

លោក​ ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ ខែកក្កដា​ថា តំបន់​មេគង្គ​គឺជា​មជ្ឈមណ្ឌល​កំណើន​សេដ្ឋកិច្ច​ក៏ដូចជា​ព្រំដែន​យុទ្ធសាស្ត្រ​ដែល​កំពុង​លេច​ត្រដែត​ឡើង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ប្រទេស​ឥណ្ឌា​ បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​តំបន់​នេះ​តាមរយៈ​ការផ្តល់​ជំនួយ​បច្ចេកទេស លើកកម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​។

លោក​ថ្លែងថា ប្រទេស​កម្ពុជា​មាន​បំណង​ក្លាយជា​រដ្ឋ​មួយ​សម្រាប់​ជា​ស្ពាន​ក្នុង​តំបន់​ទន្លេមេគង្គ​តាមរយៈ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ចំណោម​ប្រទេស​ទន្លេមេគង្គ និង​រវាង​តំបន់​មេគង្គ​ជាមួយ​ប្រទេស​មហាអំណាច​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​។

លោក​ ឈាង វណ្ណារិទ្ធ បញ្ជាក់ថា កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​ នាពេល​ខាងមុខនេះ​ នឹង​ជា​ឱកាស​សម្រាប់​ប្រទេស​ជា​សមាជិក​ក្នុង​ការចែករំលែក​ទស្សនៈ និង​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត ដែល​កំពុង​កើតមាន​នេះ និង​ធ្វើការ​រួមគ្នា​ដើម្បី​ស្តារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

លោក​បន្តថា ការទូត​ពហុភាគី​របស់​ប្រទេស​កម្ពុជា ​កំពុង​ទទួលបាន​សម្ទុះ​ ទោះបីជា​មាន​ការរំខាន​ពី​ជំងឺ​រាតត្បាត​ក៏ដោយ​។ កម្ពុជា​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើកកម្ពស់​ពហុភាគី​និយម​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅមក ការយោគយល់​គ្នា​ការជឿ​ទុកចិត្ត​គ្នា និង​ផលប្រយោជន៍​ទៅវិញទៅមក​។

គួរបញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​លើក​ទី​១០ ​ដែល​ធ្វើឡើង​កាលពី​ឆ្នាំ​ ២០១៩ ​បាន​អរគុណ​ចំពោះ​ជំនួយ​របស់​ប្រទេស​ឥណ្ឌា ក្រោម​កម្មវិធី​ឆាប់​ទទួលផល​រហ័ស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា និង​បាន​អបអរសាទរ​ចំពោះ​ជំនួយ​របស់​ឥណ្ឌា​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​សម្រាប់​អភិវឌ្ឍន៍​កម្មវិធី និង​បណ្តុះបណ្តាល​ (CE-SDT) នៅ​បណ្តា​ប្រទេស​មេគង្គ​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-គង្គា​លើក​ទី​១០ បានអនុម័ត​ផែនការ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​ឆ្នាំ ២០១៩-២០២២ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​លើក​ទី​ ១០៕