បន្ទាយមានជ័យៈ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​យុវជន​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ១៩ ​កក្កដា បន្ទាប់ពី​ឃាត់ខ្លួន​ ១ ​ថ្ងៃ ករណី​សង្ស័យ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​ ១៤ ​ឆ្នាំ ប្រព្រឹត្ត​នៅ​ឃុំ​​បុស្បូវ ស្រុក​ព្រះនេត្រព្រះ​។

លោកស្រី​ ឌី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​នៅ​ថ្ងៃទី​ ១៩ ​កក្កដា​ថា ជនសង្ស័យ​ឈ្មោះ ព្រួញ មករា អាយុ ២០ ​ឆ្នាំ មាន​លំនៅ​ភូមិ​ខ្វាវ ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ​។

ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម.ន អាយុ​ ១៤ ​ឆ្នាំ​រស់នៅ​ឃុំ-ស្រុក​ព្រះនេត្រព្រះ​។ លោកស្រី​ថ្លែងថា​៖ «​ជនសង្ស័យ​ម្នាក់នេះ​បាន​ឆ្លើយ​សារភាព​ប្រាប់​យើង តែ​គាត់​ថា ជា​ការព្រមព្រៀង​គ្នា​ទេ​។ តែ​យើង​ត្រូវតែ​អនុវត្ត​តាមច្បាប់ ព្រោះ​អំពើ​នោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​»​។

ពាក់ព័ន្ធ​ករណីនេះ​ដែរ ត្រូវបាន​លោក មាស ឫទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឱ្យដឹង​តាម​សម្តី​ជីតា​របស់​ក្មេងរងគ្រោះ​នៅ​ថ្ងៃទី​ ១៩ ​កក្កដា​ថា កាលពី​ថ្ងៃទី​ ១៧ ​ខែ​កក្កដា មាន​បុរស​ចំណាស់​ឈ្មោះ​ ម៉ាក់ ខាន់ បាន​មក​ប្តឹង​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រះនេត្រព្រះ ដោយ​បាន​អះអាងថា ឈ្មោះ​ ព្រួញ មករា រស់នៅ​ភូមិ​ខ្វាវ ឃុំ​បុស្បូវ បាន​ទាក់ទង​ជាមួយ​ចៅស្រី​របស់គាត់ ហើយ​បាន​បបួល​ចៅស្រី​របស់គាត់​ចេញពី​ផ្ទះ​បាត់ ១ ​យប់​មិនដឹង​ទៅណា​។

លោក​បន្តថា បន្ទាប់ពី​លោក​ទទួល​បាន​បណ្តឹង​មក លោក​បាន​ចាត់​កម្លាំង​ឱ្យ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ដល់​ភូមិ-ឃុំ​ដែល​ជនសង្ស័យ​រស់នៅ និង​ឃាត់ខ្លួន​ជនសង្ស័យ​។

ក្រោយ​សាកសួរ​ គឺ​ជន​ឈ្មោះ ព្រួញ មករា បាន​ឆ្លើយថា រូបគេ​ពិតជា​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​ពិតមែន​។ ប៉ុន្តែ ពួកគេ​ស្រឡាញ់​គ្នា​យូរ​មកហើយ​។

លោក​បញ្ជាក់ថា​៖ «​ពួកគេ​ស្រឡាញ់គ្នា ឬ​ត្រូវរ៉ូវ​គ្នា​ជា​រឿង​របស់​ពួកគេ​។ តែ​យើង​ក្នុង​នាម​កងកម្លាំង​នគរបាល​យុត្តិធម៌​គឺ​យើង​អនុវត្តតាម​បណ្តឹង​»​។

លោក វ៉ាត គីមលួន មេភូមិ​ដែល​ក្មេងរងគ្រោះ​រស់នៅ​បាន​និយាយថា លោក​មិន​ដឹងថា ក្មេងរងគ្រោះ​មាន​បងប្អូន​ប៉ុន្មាន​នាក់​នោះទេ​។ ប៉ុន្តែ​ក្មេងរងគ្រោះ​ម្នាក់នេះ​ត្រូវ​បាន​ម្តាយ​ឪពុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ទុក​នាង​ឱ្យ​រស់នៅ​ជាមួយ​ជីតា​។

លោក​បន្តថា កាលពី​ថ្ងៃ​ទី​ ១៧ ​កក្កដា បុរស​ជា​ជីតា​នោះ​បាន​មក​ប្រាប់​លោក​ថា ចៅស្រី​របស់​គាត់​បាន​ជិះ​ម៉ូតូ​កញ្ចាស់​ ១ ​គ្រឿង​មក​ផ្ទះ​ហើយ​គាត់​ (​ជីតា​) ​បាន​ប្រាប់​ឱ្យ​ចៅស្រី​របស់គាត់​យក​ម៉ូតូ​នោះ​ទៅឱ្យ​ជនល្មើស​វិញ​។

ប៉ុន្តែ​គាត់​បាន​បង្គាប់​ឱ្យ​ចៅស្រី​យក​ខ្សែក​ប្លាទីន​ប្រមាណ​ជា​ទម្ងន់​ ១ ​ជី​មក​វិញ ​ព្រោះ​គាត់​មិនឃើញ​ចៅស្រី​របស់គាត់​ពាក់​។ លោក​បន្តថា ចាប់តាំងពី​ថ្ងៃ​ (​ថ្ងៃទី​ ១៧ ​កក្កដា​) ​ដែល​គាត់​បង្គាប់​ឱ្យ​ចៅស្រី​ទៅ​យក​ខ្សែក​ពី​ជនសង្ស័យ​មកវិញ គឺ​នាង​ចេញ​ពី​ផ្ទះ​បាត់​រហូត​។

លោក​និយាយ​ថា​៖ «​តាម​ក្មេងរងគ្រោះ​ប្រាប់​ខ្ញុំ​ថា បើ​ចៅស្រី​គាត់​យក​ខ្សែក​ពី​ជនសង្ស័យ​មកវិញ គឺ​គាត់​មិន​ប្តឹង​អី​ទេ ហើយ​គាត់​បាន​ឱ្យ​ខ្ញុំ​ថត​ម៉ូតូ​នោះ​ទុក​ដែរ តែ​ខ្ញុំ​មិនដឹងថា គាត់​ទៅប្តឹង​ប៉ូលិស​ទេ​»៕